កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់ល្បីៗទាំង ៥ ដែលចេញទៅប្រកបអាជីពក្រៅតំបន់អឺរ៉ុប ក្រោយវ័យជ្រេ
05, Jan 2023 , 8:29 am        
រូបភាព
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការវិវត្តនៃបាល់ទាត់បានរំកិលខ្លួនទៅមុខជានិច្ចរហូតធ្វើឱ្យកីឡាករជំនាន់ចាស់មួយចំនួនដែលធ្លាប់បានកសាងកេរិ៍្តឈ្មោះល្បីល្បាញ ឈានដល់ការបញ្ចប់អាជីពជាកីឡាករកំពូលៗនៅតាមក្លិបធំៗតំបន់អឺរ៉ុប។ កីឡាករល្បីៗទាំង ត្រូវបន្តទៅលេងជាមួយក្លិបនៅក្រៅលីគកំពូលទាំង៥នៅអឺរ៉ុប ស្របពេលវ័យកាន់តែជ្រេ។



ស្ថិតក្នុងវ័យដែលនឹងត្រូវជិតដល់ពេលចូលនិវត្តន៍ពីអាជីពបាល់ទាត់ កីឡាករមួយចំនួនបានចាកចេញពីតំបន់អឺរ៉ុបទៅកាន់ទ្វីបនានាដើម្បីបន្តការលេងនាពេលវេលាចុងក្រោយ ព្រមទាំងដើម្បីជាការចែករំលែកនូវបទពិសោធន៍ពីកម្រិតនៃបាល់ទាត់តំបន់អឺរ៉ុបទៅកាន់តំបន់ផ្សេងៗទៀតដើម្បីការអភិវឌ្ឍ។ 
 
នារយៈពេលប៉ុន្មានជាង ១០ឆ្នាំចុងក្រោយមកនេះ យើងបានសម្លឹងឃើញការវិវត្តទាំងនេះតែងបានកើតឡើងដោយកីឡាករដែលមានវ័យឈានចូលអាយុជាង ៣០ឆ្នាំឡើងទៅ ភាគច្រើនបានប្រកាសចូលនិវត្តន៍បញ្ចប់អាជីបតែម្តង ហើយខ្លះទៀតបានចាកចេញទៅលេងនៅក្របខណ្ឌតាមទ្វីបនានាក្រៅតំបន់អឺរ៉ុប។ 


 
ខាងក្រោមនេះជាកីឡាករដែលបានបន្តអាជីបចុងក្រោយក្រៅតំបន់អឺរ៉ុប៖

១​.​ Cristiano Ronaldo ព័រទុយហ្កាល់ក្នុងវ័យ ៣៧ឆ្នាំរូបគេបានផ្លាស់ចេញពីបាល់ទាត់តំបន់អឺរ៉ុបទៅកាន់ទ្វីបអាស៊ីដោយលេងឱ្យក្រុម Al Nassr ដែលការចុះកិច្ចព្រមព្រៀងផ្លូវការបានធ្វើឡើងនៅថ្ងៃទី១ ខែមករា។ ការផ្លាស់ទៅកាន់ក្លិបក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កើតឡើងក្រោយរូបគេបានចែកផ្លូវជាក្រុមបិសាចក្រហម Manchester United មុនពេល World Cup ឆ្នាំ ២០២២ មកដល់។ ទៅកាន់ក្រុម Al Nassr ជាមួយកិច្ចសន្យា ២ឆ្នាំកន្លះ Ronaldo ត្រូវបានគេប៉ាន់ស្មានថានឹងទទួលបានថ្លៃពលកម្មប្រមាណ ២១៣លានដុល្លារក្នុងមួយឆ្នាំ។
 
២. Gareth Bale វែលស៍មានវ័យត្រឹម ៣៣ឆ្នាំ ប្រជាប្រិយភាពរបស់គេនៅក្នុងតំបន់អឺរ៉ុបបានធ្លាក់ចុះជាលំដាប់ជាពិសេសនៅក្នុងក្លិប Real Madrid។ Bale អំឡុងពេលរូបគេផុតកិច្ចសន្យាជាមួយ Real Madrid ក្នុងដើមឆ្នាំ ២០២២ រូបគេហាក់បីមិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លិបក្នុងតំបន់អឺរ៉ុបឡើយដោយមូលហេតុរងរបួសជារឿយៗរយៈពេលចុងក្រោយ ហើយក្នុងឆ្នាំ ២០២២ ដដែលរូបគេក៏សម្រេចចិត្តជ្រើសរើសក្រុម ​Los Angeles FC ដែលនៅលីគកំពូលអាម៉េរិកដើម្បីបន្តអាជីព។
 
៣. Zlatan Ibrahimovic មកដល់ពេលនេះរូបគេមានវ័យ ៤១ឆ្នាំទៅហើយ ប៉ុន្តែនៅអំឡុងពេលគេមានវ័យ ៣៧ឆ្នាំ នៅឆ្នាំ ២០១៨ តារាបាល់ទាត់ស៊ុយអែតរូបនេះបានសម្រេចចិត្តបន្តអាជីពរបស់គេនៅលីគកំពូលអាម៉េរិកដោយចូលរួមជាមួយក្រុម LA Galaxy បន្ទាប់ពីគេបានចប់កិច្ចសន្យាជាមួយ ​Man United។ មូលហេតុចាកចេញពី Man United ដោយសារតែរូបគេរងរបួស ហើយពេលជាពីរបួសពេញលេញ Zlatan បានលេងនៅអាម៉េរិករយៈពេល​​ ២ឆ្នាំ និងពេលបច្ចុប្បន្នអតីតវីរបុរសរបស់ PSG រូបនេះកំពុងប្រកបអាជីពនៅក្រុម AC Milan។
 
៤. Andre Iniesta របស់អេស្ប៉ាញវ័យ ៣៨ឆ្នាំ ខ្សែបម្រើវ័យចំណាស់ដែលធ្លាប់ឈ្នះពានរង្វាន់ ​​World Cup នៅឆ្នាំ ២០១០ បានបញ្ចប់អាជីពនៅក្លិប Barcelona កាលឆ្នាំ ២០១៨ ដោយកាលនោះរូបគេបានប្រកាសចូលនិវត្តន៍។ ប៉ុន្តែមិនបានប៉ុន្មាន Iniesta បានសម្រេចចិត្តទៅបន្តអាជីពនៅក្លិប Vissel Kobe នៅលីគកំពូលជប៉ុន មូលហេតុ Iniesta សម្រេចចិត្តទៅលេងនៅលីគក្រៅតំបន់អឺរ៉ុបក៏ព្រោះតែមិនចង់លេងនៅក្រុមណាផ្សេងដែលអាចប្រឈមជួបក្រុមចាស់។ មិនត្រឹមតែប៉ុណ្ណោះក្រោយការមកដល់របស់ Iniesta នៅទឹកដីជប៉ុន បច្ចេកទេសនៃបាល់ទាត់ក្នុងលីគជប៉ុនបានកើនឡើងជាលំដាប់។
 
៥. Xavi Hernandez អេស្ប៉ាញបច្ចុប្បន្នវ័យ ៤២ឆ្នាំ អតីតខ្សែបម្រើក្រុម Barcelona រូបនេះបានបញ្ចប់អាជីពនៅក្រុមយក្សអេស្ប៉ាញកាលពីឆ្នាំ ២០១៥ ហើយទៅចូលរួមជាមួយក្រុម Al Sadd របស់អារ៉ាប៊ីសាអូឌីត រហូតដល់ចូលនិវត្តន៍ពីអាជីពកីឡាករក្នុងឆ្នាំ ២០១៩។ ក្រោយបញ្ចប់អាជីពជាកីឡាករ Xavi ក៏បានបន្តដឹកនាំក្រុម ​Al Sadd ក្នុងនាមជាគ្រូបង្វឹកបន្តទៀត ហើយអតីតកីឡាករ Barca រូបនេះហើយបានជួយអភិវឌ្ឍបច្ចេកទេសនៃបាល់ទាត់របស់អារ៉ាប៊ីសាអូឌីត៕
 







 
 
 

Tag:
 Football
© រក្សាសិទ្ធិដោយ thmeythmey.com