នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការវិវត្តនៃបាល់ទាត់បានរំកិលខ្លួនទៅមុខជានិច្ចរហូតធ្វើឱ្យកីឡាករជំនាន់ចាស់មួយចំនួនដែលធ្លាប់បានកសាងកេរិ៍្តឈ្មោះល្បីល្បាញ ឈានដល់ការបញ្ចប់អាជីពជាកីឡាករកំពូលៗនៅតាមក្លិបធំៗតំបន់អឺរ៉ុប។ កីឡាករល្បីៗទាំង ត្រូវបន្តទៅលេងជាមួយក្លិបនៅក្រៅលីគកំពូលទាំង៥នៅអឺរ៉ុប ស្របពេលវ័យកាន់តែជ្រេ។
ស្ថិតក្នុងវ័យដែលនឹងត្រូវជិតដល់ពេលចូលនិវត្តន៍ពីអាជីពបាល់ទាត់ កីឡាករមួយចំនួនបានចាកចេញពីតំបន់អឺរ៉ុបទៅកាន់ទ្វីបនានាដើម្បីបន្តការលេងនាពេលវេលាចុងក្រោយ ព្រមទាំងដើម្បីជាការចែករំលែកនូវបទពិសោធន៍ពីកម្រិតនៃបាល់ទាត់តំបន់អឺរ៉ុបទៅកាន់តំបន់ផ្សេងៗទៀតដើម្បីការអភិវឌ្ឍ។
នារយៈពេលប៉ុន្មានជាង ១០ឆ្នាំចុងក្រោយមកនេះ យើងបានសម្លឹងឃើញការវិវត្តទាំងនេះតែងបានកើតឡើងដោយកីឡាករដែលមានវ័យឈានចូលអាយុជាង ៣០ឆ្នាំឡើងទៅ ភាគច្រើនបានប្រកាសចូលនិវត្តន៍បញ្ចប់អាជីបតែម្តង ហើយខ្លះទៀតបានចាកចេញទៅលេងនៅក្របខណ្ឌតាមទ្វីបនានាក្រៅតំបន់អឺរ៉ុប។
ខាងក្រោមនេះជាកីឡាករដែលបានបន្តអាជីបចុងក្រោយក្រៅតំបន់អឺរ៉ុប៖
១. Cristiano Ronaldo ព័រទុយហ្កាល់ក្នុងវ័យ ៣៧ឆ្នាំរូបគេបានផ្លាស់ចេញពីបាល់ទាត់តំបន់អឺរ៉ុបទៅកាន់ទ្វីបអាស៊ីដោយលេងឱ្យក្រុម Al Nassr ដែលការចុះកិច្ចព្រមព្រៀងផ្លូវការបានធ្វើឡើងនៅថ្ងៃទី១ ខែមករា។ ការផ្លាស់ទៅកាន់ក្លិបក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កើតឡើងក្រោយរូបគេបានចែកផ្លូវជាក្រុមបិសាចក្រហម Manchester United មុនពេល World Cup ឆ្នាំ ២០២២ មកដល់។ ទៅកាន់ក្រុម Al Nassr ជាមួយកិច្ចសន្យា ២ឆ្នាំកន្លះ Ronaldo ត្រូវបានគេប៉ាន់ស្មានថានឹងទទួលបានថ្លៃពលកម្មប្រមាណ ២១៣លានដុល្លារក្នុងមួយឆ្នាំ។
២. Gareth Bale វែលស៍មានវ័យត្រឹម ៣៣ឆ្នាំ ប្រជាប្រិយភាពរបស់គេនៅក្នុងតំបន់អឺរ៉ុបបានធ្លាក់ចុះជាលំដាប់ជាពិសេសនៅក្នុងក្លិប Real Madrid។ Bale អំឡុងពេលរូបគេផុតកិច្ចសន្យាជាមួយ Real Madrid ក្នុងដើមឆ្នាំ ២០២២ រូបគេហាក់បីមិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លិបក្នុងតំបន់អឺរ៉ុបឡើយដោយមូលហេតុរងរបួសជារឿយៗរយៈពេលចុងក្រោយ ហើយក្នុងឆ្នាំ ២០២២ ដដែលរូបគេក៏សម្រេចចិត្តជ្រើសរើសក្រុម Los Angeles FC ដែលនៅលីគកំពូលអាម៉េរិកដើម្បីបន្តអាជីព។
៣. Zlatan Ibrahimovic មកដល់ពេលនេះរូបគេមានវ័យ ៤១ឆ្នាំទៅហើយ ប៉ុន្តែនៅអំឡុងពេលគេមានវ័យ ៣៧ឆ្នាំ នៅឆ្នាំ ២០១៨ តារាបាល់ទាត់ស៊ុយអែតរូបនេះបានសម្រេចចិត្តបន្តអាជីពរបស់គេនៅលីគកំពូលអាម៉េរិកដោយចូលរួមជាមួយក្រុម LA Galaxy បន្ទាប់ពីគេបានចប់កិច្ចសន្យាជាមួយ Man United។ មូលហេតុចាកចេញពី Man United ដោយសារតែរូបគេរងរបួស ហើយពេលជាពីរបួសពេញលេញ Zlatan បានលេងនៅអាម៉េរិករយៈពេល ២ឆ្នាំ និងពេលបច្ចុប្បន្នអតីតវីរបុរសរបស់ PSG រូបនេះកំពុងប្រកបអាជីពនៅក្រុម AC Milan។
៤. Andre Iniesta របស់អេស្ប៉ាញវ័យ ៣៨ឆ្នាំ ខ្សែបម្រើវ័យចំណាស់ដែលធ្លាប់ឈ្នះពានរង្វាន់ World Cup នៅឆ្នាំ ២០១០ បានបញ្ចប់អាជីពនៅក្លិប Barcelona កាលឆ្នាំ ២០១៨ ដោយកាលនោះរូបគេបានប្រកាសចូលនិវត្តន៍។ ប៉ុន្តែមិនបានប៉ុន្មាន Iniesta បានសម្រេចចិត្តទៅបន្តអាជីពនៅក្លិប Vissel Kobe នៅលីគកំពូលជប៉ុន មូលហេតុ Iniesta សម្រេចចិត្តទៅលេងនៅលីគក្រៅតំបន់អឺរ៉ុបក៏ព្រោះតែមិនចង់លេងនៅក្រុមណាផ្សេងដែលអាចប្រឈមជួបក្រុមចាស់។ មិនត្រឹមតែប៉ុណ្ណោះក្រោយការមកដល់របស់ Iniesta នៅទឹកដីជប៉ុន បច្ចេកទេសនៃបាល់ទាត់ក្នុងលីគជប៉ុនបានកើនឡើងជាលំដាប់។
៥. Xavi Hernandez អេស្ប៉ាញបច្ចុប្បន្នវ័យ ៤២ឆ្នាំ អតីតខ្សែបម្រើក្រុម Barcelona រូបនេះបានបញ្ចប់អាជីពនៅក្រុមយក្សអេស្ប៉ាញកាលពីឆ្នាំ ២០១៥ ហើយទៅចូលរួមជាមួយក្រុម Al Sadd របស់អារ៉ាប៊ីសាអូឌីត រហូតដល់ចូលនិវត្តន៍ពីអាជីពកីឡាករក្នុងឆ្នាំ ២០១៩។ ក្រោយបញ្ចប់អាជីពជាកីឡាករ Xavi ក៏បានបន្តដឹកនាំក្រុម Al Sadd ក្នុងនាមជាគ្រូបង្វឹកបន្តទៀត ហើយអតីតកីឡាករ Barca រូបនេះហើយបានជួយអភិវឌ្ឍបច្ចេកទេសនៃបាល់ទាត់របស់អារ៉ាប៊ីសាអូឌីត៕



