អន្តរជាតិ
ជប៉ុនប្ដេជ្ញាបង្រួបបង្រួមក្រុមប្រឹក្សាសន្តិសុខ ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង
05, Jan 2023 , 9:59 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ប្រេសិតជប៉ុនប្រចាំនៅអង្គការសហប្រជាជាតិ លោក Kimihiro Ishikane បានសន្យាបង្រួបបង្រួមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឱ្យមានសំឡេងតែមួយ ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង និងបញ្ហាសំខាន់ផ្សេងទៀត។ ការសន្យានេះ ធ្វើឡើងក្រោយជប៉ុនចូលអង្គុយកៅអីសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

 
ប្រទេសចំនួន៥ ដូចជា ជប៉ុន ស៊្វីស អេក្វាទ័រ ម៉ាល់តិ៍ និងម៉ូសំប៊ិក នៅថ្ងៃទី៣ ខែមករា បានចូលអង្គុយជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ ប្រេសិតជប៉ុនប្រចាំនៅអង្គការសហប្រជាជាតិ លោក Kimihiro Ishikane បានសន្យាបង្រួបបង្រួមក្រុមប្រឹក្សាមួយនេះ ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង និងបញ្ហាសំខាន់ផ្សេងទៀត ក្នុងអាណត្តិរបស់ខ្លួន។ 
 
«អ្វីដែលខ្ញុំប្រាថ្នាចង់ធ្វើ គឺព្យាយាមចង់បានក្រុមប្រឹក្សាសន្តិសុខមានសំឡេងតែមួយ និងបង្រួបបង្រួម។ ដូច្នេះ សំឡេងតែមួយ ទើបមានឥទ្ធិពលលើកូរ៉េខាងជើង»។ លោក Ishikane បានសង្កត់ធ្ងន់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៣ ខែមករា ដោយបន្តថា កន្លងមក ក្រុមប្រឹក្សាសន្តិសុខ មិនមានសំឡេងតែមួយឡើយលើបញ្ហាកូរ៉េខាងជើង។ 
 
នៅក្នុងឆ្នាំ២០២២ កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនលើក ដោយមីស៊ីលទាំងនោះ ភាគច្រើនបាញ់ទៅសមុទ្រខាងកើត។ បើទោះមានការបំពានសេចក្តីសម្រេចនៅពេលកន្លងមកក្តី ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខ មិនអាចដាច់ចេញវិធានការដាក់សម្ពាធថ្មីលើកូរ៉េខាងជើងបានឡើយ ដោយសារតែចិន និងរុស្ស៊ី តែងប្រើសិទ្ធិវេតូរបស់ខ្លួន។ 
 
ទាក់ទិននឹងការបាញ់មីស៊ីលនេះ ប្រេសិតជប៉ុន បានសន្យានាំយកក្តីបារម្ភជប៉ុន ដែលស្ថិតនៅក្នុងក្បែរការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង ទៅក្រុមប្រឹក្សាសន្តិសុខ។ 
 
អាណត្តិរបស់ជប៉ុន និងប្រទេស៤ទៀត ដូចជា ស៊្វីស អេក្វាទ័រ ម៉ាល់តិ៍ និងម៉ូសំប៊ិក នឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២៤។ សមាជិកក្រុមប្រឹក្សាសន្តិសុខមានចំនួន ១៥ប្រទេស ដោយ ៥ប្រទេសជាសមាជិកអចិន្រ្តៃយ៍៕ 
 

Tag:
 ជប៉ុន
  ក្រុមប្រឹក្សាសន្តិសុខ
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com