អន្តរជាតិ
លោកស៊ី ប្រាប់មេដឹកនាំហ្វីលីពីន៖ ចិនត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមចរចាលើការរុករកប្រេងនិងហ្គាសឡើងវិញ
05, Jan 2023 , 11:00 am        
រូបភាព
លោក ស៊ី ជិនភីង ប្រធានាធិបតី (ខាងឆ្វេង) ជាមួយសមភាគីហ្វីលីពីន លោក Ferdinand Marcos Jr
លោក ស៊ី ជិនភីង ប្រធានាធិបតី (ខាងឆ្វេង) ជាមួយសមភាគីហ្វីលីពីន លោក Ferdinand Marcos Jr
ចិន ត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយហ្វីលីពីនឡើងវិញលើការរុករកប្រេង និងហ្គាសរួមគ្នា និងដោះស្រាយបញ្ហាផ្សេងៗ។ លោកស៊ី ជិនភីង ប្រធានាធិបតីចិន បានប្រាប់សមភាគីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃទី៤ ខែមករា។ ជាការឆ្លើយតប ប្រធានាធិបតីហ្វីលីពីនសង្ឃឹមថា កិច្ចចរចាបែបនោះ នឹងអាចចាប់ផ្តើមឡើងវិញក្រោយផ្អាកនៅក្នុងឆ្នាំ២០២២។

 
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានចាប់ផ្តើមធ្វើទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ដើម្បីជួបជាមួយមេដឹកនាំចិនលើកិច្ចសហប្រតិបត្តិការ និងបញ្ហាសំខាន់ផ្សេងទៀត។ បញ្ហាសមុទ្រចិនខាងត្បូង ក៏ជារបៀបវារៈដ៏សំខាន់ក្នុងទស្សនកិច្ចនេះផង។ លោក Marcos ជាមេដឹកនាំបរទេសទីមួយ ដែលធ្វើទស្សនកិច្ចនៅចិន ក្នុងឆ្នាំ២០២៣។ 
 
នៅចំពោះមុខមេដឹកនាំហ្វីលីពីន លោកស៊ី ជិនភីង ប្រធានាធិបតីចិនបានអះអាងថា ចិន បានត្រៀមខ្លួនរួចហើយ ដើម្បីចរចាជាមួយហ្វីលីពីនលើការរុករកប្រេង និងហ្គាសរួមគ្នា នៅក្នុងសមុទ្រចិនខាងត្បូងឡើងវិញ ក្រោយផ្អាកចាប់តាំងពីខែមិថុនា ឆ្នាំ២០២២ មុនលោក Marcos Jr. ចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន។ 
 
មិនតែប៉ុណ្ណោះ លោកស៊ី បានបញ្ជាក់បន្ថែមថា ប្រទេសទាំងពីរគួរបង្កើនការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងវប្បធម៌។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋចិន។​
 
ជាការឆ្លើយតប លោក Marcos បានបង្ហាញកាយវិការវិជ្ជមានថា កិច្ចចរចាបែបនោះ នឹងអាចចាប់ផ្តើមឡើងវិញឆាប់ៗ។​ 
 
«តាមការស្នើពីលោកប្រធានាធិបតីចិន ខ្ញុំពិតជាសង្ឃឹម ហើយពេញចិត្តជាខ្លាំង ដើម្បីអាចប្រកាសថា យើងអាចបន្តកិច្ចចរចា ហើយកិច្ចចរចានឹងទទួលបានលទ្ធផលល្អ»។ ប្រធានាធិបតីហ្វីលីពីន បានសង្កត់ធ្ងន់បែបនេះ នៅជំនួបក្នុងថ្ងៃទី៤ ខែមករា។ 
 
បន្ថែមពីនេះ មេដឹកនាំចិន និងហ្វីលីពីន ក៏បានសន្យាលើកតម្កើងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយឯកសារកិច្ចសហប្រតិបត្តិដែលត្រូវបានចុះហត្ថលេខានៅក្នុងគម្រោងផ្លូវ និងខ្សែក្រវាត់, កិច្ចសហប្រតិបត្តិការលើកសិកម្ម នេសាទ ហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុជាដើម។ 
 
ក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន លោក Li Zhanshu លោក Marcos Jr. បានអះអាងថា ទំនាកទំនងក្រុងប៉េកាំង និងក្រុងម៉ានីល មិនគួរកំណត់ដោយភាពខ្វែងគំនិតគ្នា និងការលំបាកលើសមុទ្រហ្វីលីពីនខាងលិចឡើយ។ សមុទ្រហ្វីលីពីនខាងលិច គឺសំដៅដល់សមុទ្រចិនខាងត្បូង។ 
 
បើតាមលោកប្រធានាធិបតីហ្វីលីពីន ទំនាក់ទំនងប្រទេសទាំងពីរ គួរពង្រីកលើវិស័យពាណិជ្ជកម្ម វប្បធម៌ អប់រំ ការវិនិយោគ និងជំនួយផ្សេងទៀតនៅគ្រប់កម្រិត។ ទន្ទឹមនេះ មេដឹកនាំហ្វីលីពីន ក៏បានជំរុញឱ្យចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ហ្វីលីពីន នឹងបន្តការវិនិយោគ នៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះបន្តទៀត។​
 
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងហ្វីលីពីន និងចិន នៅចន្លោះខែមករា និងកញ្ញា ឆ្នាំ២០២២ មានទំហំ ២៩,១ ពាន់លានដុល្លារ ដោយចិននាំចូលទៅហ្វីលីពីនមានទំហំ ២១ពាន់លានដុល្លារ ខណៈហ្វីលីពីននាំចេញទៅចិន មានទំហំ ៨,១ពាន់លានដុល្លារប៉ុណ្ណោះ៕ 
 
 

Tag:
 ចិន
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com