កីឡាអន្តរជាតិ
អន្តរជាតិ
Messi ទទួលបានការផ្តល់កិត្តិយសយ៉ាងកក់ក្តៅពេលវិលត្រលប់ទៅដល់ទីលានហ្វឹកហាត់ PSG
05, Jan 2023 , 2:29 pm        
រូបភាព
បន្ទាប់ពីឈប់សម្រាក់អបអរជ័យជម្នះនៃពានរង្វាន់ World Cup 2022 រយៈពេលជាង ៣សប្តាហ៍រួចមក តារាបាល់ទាត់ឆ្នើមលំដាប់កំពូលពិភពលោក ​Lionel Messi ត្រូវបានក្រុមការងារក៏ដូចជាមិត្តរួមក្រុមនៃក្រុម Paris Saint Germain ផ្តល់រង្វាន់កិត្តិយសនិងការស្វាគមន៍យ៉ាងកក់ក្តៅនាពេលខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូបនេះបានវិលត្រលប់ទៅដល់ទីលានហ្វឹកហាត់ថ្ងៃទី៤​ ខែមករា។



ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ សញ្ជាតិអាហ្សង់ទីនរូបនេះ ទទួលបានការពន្យាពេលឈប់សម្រាកបន្ថែមពីសំណាក់ក្លិប PSG បន្ទាប់ពីរូបគេបានរួមចំណែកដ៏ធំ ក្នុងការជួយក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ឈ្នះពានរង្វាន់ World Cup 2022 នៅកាតា។ 


 
តារាបាល់ទាត់វ័យ ៣៥ឆ្នាំរូបនេះ បានឈប់សម្រាកក្រោយបញ្ចប់ការប្រកួត World Cup ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៣ ខណៈដែលកីឡាករសំខាន់ៗមួយចំនួនរបស់ក្លិបដូចជា Kylian Mbappe, Achraf Hakimi និង Neymar JR បានវិលត្រលប់ទៅកាន់ទីលានហ្វឹកហាត់ក្រោយបញ្ចប់ ​World Cup ត្រឹម ៤ថ្ងៃប៉ុណ្ណោះ។
 
អំឡុងនៃព្រឹត្តិការណ៍ World Cup នោះ Messi ក៏បានឈ្នះពានរង្វាន់ឯកត្តជនកីឡាករល្អប្រចាំព្រឹត្តិការណ៍ ឬ(Golden Ball) លើកទីពីរ ក្នុងអាជីពរបស់គេដែលលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន ជាមួយការបង្ហាញវត្តមានលើកទី៥ នៅពានរង្វាន់ ​World Cup ។ ​ប្រើពេលត្រឹម ១ឆ្នាំកន្លះ Messi បានជួយអាហ្សង់ទីនឈ្នះពានរង្វាន់អន្តរជាតិចំនួន ៣ ដែលមានពាន Copa America, Finalissima និង World Cup 2022។
 
សម្រាប់ការប្រកួតឱ្យក្រុមអ្នកមានបារាំង ​PSG វិញ ២ប្រកួតចុងក្រោយមកនេះ Messi មិនបានបង្ហាញវត្តមានជាមួយក្រុមនោះឡើយចាប់តាំងពីព្រឹត្តិការណ៍បាល់ទាត់នៅប្រទេសកាតា។ កីឡាករវ័យ ៣៥ឆ្នាំ បានវិលត្រលប់មកកាន់ក្រុម PSG នៅថ្ងៃទី៤ ខែមករា ក្រោយពេលក្រុមបានប្រកួតយកឈ្នះលើក្រុម Strasbourg និងបរាជ័យទៅកាន់ក្រុម ​Lens ក្នុងជំនួប Ligue 1។
 
ពេលវិលត្រលប់ទៅដល់ទីកន្លែងហ្វឹកហាត់របស់ក្រុមវិញ Messi ទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់ក្រុមបុគ្គលិកក្លិប គ្រូបង្វឹក រួមទាំងមិត្តរួមក្រុមដែលបានឈរចាប់ពីមុខច្រកចេញទៅកាន់ទីលានហ្វឹកហាត់ មុនពេលតារាបាល់ទាត់រូបនេះទទួលបានរង្វាន់កិត្តិយសដែលប្រគល់ដោយលោក Luis Campos នាយកផ្នែកកីឡារបស់ PSG។
 
អំឡុងពេលស្វាគមន៍ការវិលត្រលប់មកវិញនោះតារាឆ្នើមប្រេស៊ីល Neymar JR ក៏ស្ថិតក្នុងចំណោមកីឡាករដែលបានជួបនិងអបអរដល់ Messi ប៉ុន្តែ Kylian Mbappe ដែលជាមិត្តរួមក្រុមម្នាក់ទៀតនោះបានអវត្តមាន បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យសម្រាកពីអ្នកចាត់ការគឺលោក Christophe Galtier។ 
 
​​សម្រាប់ការប្រកួតទល់ក្រុមមកពីលីគលំដាប់ទី៣  Chateauroux ដើម្បីប្រកួតក្នុងពានរង្វាន់​ Coupe de France នៅថ្ងៃទី៦ ខែមករា Messi នឹងក្លាយជាកីឡាករដ៏សំខាន់ដែលត្រូវរួមចំណែកក្នុងការប្រកួត។ គួររំលឹកដែរថាមុនពេលចាកចេញពីក្លិបធ្វើដំណើរទៅកាន់ ​World Cup នាប្រទេសកាតា កីឡាករវ័យ ៣៥ឆ្នាំ បានជួយរកគ្រាប់បាល់ចំនួន ១២គ្រាប់​ និងបញ្ជូនបាល់ ១៤លើកទៅមិត្តរួមក្រុមពីការបង្ហាញខ្លួនលេងចំនួន ១៩ប្រកួតក្នុងរដូវកាល ២០២២-២៣ នេះ៕
 

Tag:
 Lionel Messi
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com