អន្តរជាតិ
លោក ​Biden​ និងលោក​ Kishida ​នឹង​ជួបគ្នា​នៅ​សេតវិមាន​នៅសប្តាហ៍​ក្រោយ
05, Jan 2023 , 7:29 pm        
រូបភាព
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​នៅវិមាន Akasaka Palace ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​នៅវិមាន Akasaka Palace ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២។
ដោយ: VOA
 ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ​នឹង​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក Fumio Kishida ​នៅ​សេតវិមាន​ នៅ​ថ្ងៃទី១៣ ​ខែមករា ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​កូរ៉េ​ខាងជើង ​អ៊ុយក្រែន​ ភាពតានតឹង​របស់​ចិន​ជាមួយ​កោះតៃវ៉ាន់ ​និង​ឥណ្ឌូប៉ាស៊ីហ្វិក​ដោយ​សេរី ​និង​បើកចំហ។ ​នេះ​បើតាម​ការប្រកាស​របស់​សេតវិមាន​កាលពី​ថ្ងៃទី៣ មករា។



សេតវិមាន​បាន​បន្ថែម​ថា​មេដឹកនាំ​ទាំងពីរ​នឹង​ពិភាក្សា​អំពី​ «បញ្ហា​ក្នុង​តំបន់ ​និង​ពិភពលោក​ជាច្រើន​ រួមទាំង​អាវុធ​ប្រល័យលោក​ខុសច្បាប់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ​និង​កម្មវិធី​មីស៊ីល​ផ្លោង​ សង្រ្គាម​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន​ និង​ការរក្សា​សន្តិភាព​ និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់»។
 
ជំនួប​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ដៃគូ​អាស៊ី​ដ៏​សំខាន់​របស់​ខ្លួន​ក្នុង​ការក្រោកឈរ​ឡើង​ ទប់ទល់​នឹង​ការកើនឡើង​អំណាច​របស់​ចិន ​កើតឡើង​នៅពេល​ដែលមាន​ការសាកល្បង​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​ និង​ការអំពាវនាវ​ឱ្យ​មាន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ធំ​ជាង​ពេល​បច្ចុប្បន្ន​នេះ ​ធ្វើឱ្យ​សម្ព័ន្ធមិត្ត​អាមេរិក​ព្រួយបារម្ភ​នៅក្នុង​តំបន់។
 
លោក​ Kishida ​គ្រោង​នឹង​ពិភាក្សា​អំពី​គោលនយោបាយ​សន្តិសុខ​ថ្មី​របស់​ទីក្រុង​តូក្យូ​ ដែល​បាន​បង្ហាញ​នៅក្នុង​ខែធ្នូ​អំពី​ការកសាង​យោធា​ដ៏​ធំ​បំផុត​របស់​ជប៉ុន​ ចាប់តាំងពី​សង្គ្រាម​លោក​លើកទី ២​។ នេះ​បើតាម​ការផ្សាយ​របស់​ កាសែត​ប្រចាំ​ថ្ងៃ​ Yomiuri​ របស់​ប្រទេស​ជប៉ុន​បាន​រាយការណ៍​កាលពី​សប្តាហ៍មុន​ដោយ​ដកស្រង់​ប្រភព​រដ្ឋាភិបាល​ជប៉ុន​ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ​ជាច្រើន​នាក់។
 
សេតវិមាន​បាន​និយាយ​ថា លោក Biden នឹង​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​នូវ​ការ​គាំទ្រ​ពេញ​លេញ​របស់​លោក​ចំពោះ​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​របស់​ប្រទេស​ជប៉ុន​ដែល​ទើប​ចេញ​ផ្សាយ​ថ្មីៗ​នេះ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com