ជាតិ
កម្ពុជានាំចេញអង្ករជាង ៦៣ម៉ឺនតោន និងរកចំណូលបាន ៤០០លានដុល្លារ នៅឆ្នាំ២០២២
05, Jan 2023 , 7:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ អង្ករប្រមាណ ៦៣ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេលពេញមួយឆ្នាំ នៃឆ្នាំ២០២២។ ការនាំចេញអង្ករទាំងនេះ គិតជា​ទឹក​ប្រាក់​ ស្មើ​នឹង​៤១៨.២៩លានដុល្លារ។


ក្នុងរយៈពេលពេញមួយឆ្នាំ នៃឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​អង្ករទៅទីផ្សារ​អន្តរជាតិចំនួន ៥៩ប្រទេសបានចំនួន ៦៣៧ ០០៤តោន គិតជា​ទឹក​ប្រាក់​ស្មើនឹង ៤១៨.២៩លានដុល្លារ។ ក្នុងចំណោមអង្ករនាំចេញជាង៦៣ ម៉ឺនតោននេះ មាន​អង្ករ​ចំនួន ២៨៨ ៨៣០តោន ស្មើនឹង​៤៥ភាគរយ​ ត្រូវបាន​នាំ​ចេញ​ទៅ​ប្រទេសចិន រួមទាំង​តំបន់ស្វយ័តហុងកុង និង​ម៉ាកាវ។
 
ដោយ​ឡែក អង្ករចំនួន ២២១ ៥០៤តោន ស្មើនឹង​៣៥ភាគរយ ត្រូវ​បាន​នាំ​ចេញ​ទៅ ប្រទេស​នៅ​តំបន់​អឺរ៉ុប ចំនួន​២៥។ តាមរបាយការណ៍ខាងលើ កម្ពុជា​នាំ​ចេញ​អង្ករទៅ​ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៤ មានចំនួន ៦៤ ៧៣៣តោន ស្មើនឹង ១០ភាគរយ។ រីឯ អង្ករ ៦១ ៩៣៧តោន ស្មើ​នឹង​១០ភាគរយ បាន​នាំចេញ​គោលដៅ​ផ្សេងៗ។​
 
ក្នុងចំណោមអង្ករដែលនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាង ៦៣ម៉ឺន​តោន ក្នុងនោះអង្ករក្រអូបប្រណិត ត្រូវបាននាំចេញច្រើនជាងគេ រហូតដល់ ២៧៧ ៧៣៩តោន។ ចំណែកអង្ករស ត្រូវបាននាំចេញចំនួន​ ១៥៣ ៤២៨តោន​ និងអង្ករ ចំហុយ ១៥ ៧៨១តោន។ បន្ថែមពីនេះ អង្ករសរីរាង្គ ត្រូវបាននាំចេញ ១០ ៩៦៧តោន និងអង្ករដំណើបចំនួន ២៣តោន៕
 
 
 
 
 
 

Tag:
 ThmeyThmey25
 នាំចេញអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com