អន្តរជាតិ
បារាំង នឹងផ្ដល់រថក្រោះផលិតដោយលោកខាងលិចឱ្យអ៊ុយក្រែនជាលើកដំបូង
05, Jan 2023 , 8:29 pm        
រូបភាព
រថក្រោះធុនស្រាល AMX-10 របស់បារាំង។ រូបថត AFP
រថក្រោះធុនស្រាល AMX-10 របស់បារាំង។ រូបថត AFP
បារាំង នឹងក្លាយជាប្រទេសដំបូងគេដែលផ្ដល់រថក្រោះផលិតដោយលោកខាងលិចទៅឱ្យអ៊ុយក្រែន។ នេះបើតាមការប្រកាសរបស់ជំនួយការប្រធានាធិបតីបារាំងនៅថ្ងៃទី៤ ខែមករាក្រោយជំនួបជាមួយមេដឹកនាំអ៊ុយក្រែន។



ប្រធានាធិបតីបារាំង អាម៉ានុយអ៊ែល ម៉ាក្រុង និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជជែកតាមទូរស័ព្ទនៅថ្ងៃទី៤ ខែមករា។ ក្រោយជំនួបនេះ មន្រ្តីបារាំងអះអាងថា បារាំងនឹងផ្ដល់រថក្រោះធុនស្រាល AMX-10 RC ផលិតក្នុងប្រទេសខ្លួនទៅឱ្យអ៊ុយក្រែនដើម្បីជួយទប់ទល់ប្រឆាំងរុស្ស៊ី។
 
 ជំនួយបារាំងលើកនេះនឹងធ្វើឱ្យអ៊ុយក្រែនទទួលបានរថក្រោះផលិតនៅប្រទេសលោកខាងលិចជាលើកដំបូង ខណៈកន្លងមកអ៊ុយក្រែនទទួលបានរថក្រោះពីប៉ូឡូញ និងឆែកជាង២រយគ្រឿងដែរតែផលិតដោយសូវៀត។ 
 
«លោកប្រធានាធិបតីចង់បង្កើនជំនួយដល់អ៊ុយក្រែន តាមរយៈការប្រគល់រថក្រោះធុនស្រាល AMX-10 RC»។ វាជាលើកទីមួយហើយដែលរថក្រោះរចនាដោយលោកខាងលិចនឹងត្រូវផ្គត់ផ្គង់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។ ជំនួយការរបស់មេដឹកនាំបារាំងម្នាក់ ប្រាប់អ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីជំនួបរវាងមេដឹកនាំទាំង២។
 
យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ពីចំនួនរថក្រោះដែលបារាំងប្រគល់ឱ្យអ៊ុយក្រែនឡើយ និងពេលវេលាប្រគល់ជាក់លាក់ដែរ។ ក្រសួងការពារជាតិបារាំងអះអាងថា នឹងពិភាក្សាបន្តជុំវិញបញ្ហានេះក្នុងពេលឆាប់ៗ។
 
កន្លងមក លោក ម៉ាក្រុង ប្រកាន់ជំហរប្រយ័ត្នប្រយែងច្រើនចំពោះវិបត្តិអ៊ុយក្រែន ហើយក៏ធ្លាប់រងការរិះគន់ចំពោះការប្រកាន់ជំហរទន់ភ្លន់ និងការជជែកជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ផងដែរ។ នេះដោយសាររាល់ការផ្គត់ផ្គង់យន្តហោះចម្បាំង មីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ និងរថក្រោះ ត្រូវបានកំណត់ថាជាសកម្មភាពបង្កជម្លោះ ដែលបង្កហានិភ័យបន្ថែមលើភាពតានតឹងមានស្រាប់រវាងរុស្ស៊ី ជាមួយប្រទេសលោកខាងលិច។ 
 
ចំណែកលោក ហ្សេលេនស្គី បានអរគុណលោក ម៉ាក្រុងសម្រាប់ការសម្រេចចិត្តផ្ដល់រថក្រោះធុនស្រាលមកឱ្យអ៊ុយក្រែនក៏ដូចជារថពាសដែកដឹកទាហាន Bastion ។ មេដឹកនាំអ៊ុយក្រែនបន្ថែមថា ការដឹកនាំរបស់លោកម៉ាក្រុង នឹងនាំជ័យជម្នះឱ្យអ៊ុយក្រែន ដែលកាន់តែខិតជិតមកដល់។
 
ពីមុន ទីក្រុងប៉ារីសបានបញ្ជូនកាំភ្លើងធំទំនើបៗ រថពាសដែក មីស៊ីលប្រឆាំងយន្តហោះ និងប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន។ អ៊ុយក្រែនក៏ទទួលបានសព្វាវុធជាច្រើនប្រភេទទៀតពីបណ្ដាប្រទេសលោកខាងលិចដទៃ ពិសេសអាម៉េរិកដែលជាម្ចាស់ជំនួយយោធាដ៏ធំ។
 
ទោះយ៉ាងណា លោក ហ្សេលេនស្គី នៅតែបន្តស្នើម្តងហើយម្តងទៀតដល់សម្ពន្ធមិត្តលោកខាងលិច ពិសេសអាល្លឺម៉ង់ឱ្យផ្ដល់រថក្រោះធុនធ្ងន់ Leopard ដែលផលិតដោយអាល្លឺម៉ង់ផ្ទាល់៕
 

Tag:
 បារាំង
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com