អន្តរជាតិ
អូស្រ្តាលី នឹងចំណាយ៧០០លានដុល្លារ ដើម្បីទិញប្រព័ន្ធការពារអាកាស 
ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតអាម៉េរិក HIMARS។ រូបភាព៖ AFP
×![]()
អូស្រ្តាលី នៅថ្ងៃទី៥ ខែមករា បានប្រកាសចំណាយ ៧០០លានដុល្លារ លើប្រព័ន្ធការពារ ក្នុងនោះមានប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតអាម៉េរិក HIMARS ដើម្បីពង្រឹងសមត្ថភាពការពារជាតិ។ ការប្រកាសនេះ ធ្វើឡើងស្របពេលប្រព័ន្ធការពារផលិតដោយអាម៉េរិក ត្រូវបានប្រើប្រាស់យ៉ាងជោគជ័យ នៅអ៊ុយក្រែន។
ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតអាម៉េរិក HIMARS ដែលត្រូវបានប្រើប្រាស់ដោយកម្លាំងយោធាអ៊ុយក្រែន បានវាយប្រហារលើគោលដៅ ក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ការវាយប្រហារនោះ បានបង្កឱ្យទាហានរុស្ស៊ីយ៉ាងហោចណាស់ ៨៩នាក់ ស្លាប់បាត់បង់ជីវិត។
ស្របពេលរ៉ុក្កែតអាម៉េរិកប្រើប្រាស់យ៉ាងជោគជ័យ រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសទិញ រ៉ុក្កែតអាម៉េរិក HIMARS ដែលអាចប្រើនៅឆ្នាំ២០២៦។ បើតាមអូស្រ្តាលី ខ្លួននឹងទិញ ទម្របាញ់មីស៊ីល មីស៊ីល និងគ្រាប់រ៉ុក្កែតសម្រាប់ហ្វឹកហាត់។ ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតអាម៉េរិក HIMARS មានសមត្ថភាពបាញ់គ្រាប់រ៉ុក្កែតបានចម្ងាយ ៣០០គីឡូម៉ែត្រ។
ក្រៅពីប្រព័ន្ធគ្រាប់រ៉ុក្កែតរបស់អាម៉េរិក រដ្ឋាភិបាលអូស្រ្តាលីក៏បានចុះហត្ថលេខា ដើម្បីទិញយកប្រព័ន្ធមីស៊ីលវាយប្រហារទ័ពជើងទឹក Kongsberg ដែលអភិវឌ្ឍដោយន័រវេសផង សម្រាប់នាវាចម្បាំង និងនាវាពិឃាដ។ ប្រព័ន្ធមីស៊ីលនេះ នឹងជំនួសមីស៊ីលប្រឆាំងនាវា Harpoon នៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
ក្រោមហេតុផលសន្តិសុខ និងព័ត៌មានសំខាន់ រដ្ឋាភិបាលអូស្រ្តាលី មិនបានបញ្ជាក់ពីការចំណាយច្បាស់លាស់លើប្រព័ន្ធមីស៊ីលនីមួយៗឡើយ។ ប៉ុន្តែនៅឆ្នាំមុន ក្រសួងការបរទេសអាម៉េរិក បានផ្តល់ភ្លើងបៃតងក្នុងការលក់អាវុធឱ្យបរទេស ដោយអះអាងថា អូស្រ្តាលី បានស្នើទិញប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ចំនួន២០គ្រឿង និងគ្រឿងបរិក្ខារពាក់ព័ន្ធ ក្នុងទំហំទឹកប្រាក់ ៣៨៣លានដុល្លារ។
ទាក់ទិននឹងការទិញប្រព័ន្ធការពារនេះ លោក Richard Marles រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី បានអះអាងថា វាពិតជាសំខាន់ណាស់ ដែលយោធាត្រូវបំពាក់ជាមួយសម្ភារយោធាមានសមត្ថភាពខ្ពស់ ស្របពេលអូស្រ្តាលីស្វែងរកការប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com