ប្រទេសកាប់វែរ ជាប្រទេសដំបូង ដែលប្រកាសថា នឹងប្តូរឈ្មោះកីឡដ្ឋានក្រុមបាល់ទាត់ជម្រើសជាតិខ្លួន ដាក់តាមឈ្មោះរបស់លោក Pele ដែលត្រូវបានគេចាត់ទុកជាស្តេចបាល់ទាត់ ក្រោយពេលលោកទទួលមរណភាពកាលពីសប្តាហ៍មុន។ ការប្តូរឈ្មោះកីឡាដ្ឋានដាក់ឈ្មោះលោក Pele នេះ ធ្វើឡើងតាមបំណងរបស់លោក Gianni Infantino ដែលជាប្រធានស្ថាប័នបាល់ទាត់អន្តរជាតិ (FIFA)។
កាប់វែរគឺជាប្រទេសប្រជុំកោះមួយស្ថិតក្នុងទ្វីបអាហ្រ្វិក នៃឈូងសមុទ្រអាត្លង់ទិក ហើយត្រូវបានបង្កើតឡើងនៅក្នុងខែកក្កដា ឆ្នាំ១៩៧៥ ដែលមានរដ្ឋធានីឈ្មោះប្រាយ៉ា។ ប្រទេសកាប់វែរជាដែនដីប្រជុំកោះដាច់ដោយឡែកមួយ នៅលើផ្ទៃមហាសមុទ្រមានចម្ងាយជាង ៥០០គីឡូម៉ែត្រពីដីគោគដោយជាប់ទៅនឹងប្រទេសសេណេហ្កាល់ជាងគេ ។ ប្រទេសនេះ មានប្រជាជនរស់នៅសរុបជាង ៥៦១,៩០១នាក់ ។ នេះបើតាមការកត់ត្រារបស់ World Bank ក្នុងឆ្នាំ ២០២១។
ភាសាដែលប្រើប្រាស់ជាផ្លូវការគឺភាសាព័រទុយហ្កាល់ ដោយហេតុថាកោះកាប់វែរនេះ ធ្លាប់ធ្លាក់ក្នុងអណានិគមរបស់ប្រទេសព័រទុយហ្កាល់។
វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele ដែលជាកីឡាករតែម្នាក់ដែលបានឈ្នះពានរង្វាន់ World Cup ចំនួន ៣លើក បានទទួលមរណភាពក្នុងវ័យ ៨២ឆ្នាំ ដោយការវិវត្តធ្ងន់ធ្ងរនៃជំងឺមហារីក ចាប់តាំងពីលោកបានព្យាបាលតាំងពីឆ្នាំ ២០២១ មកម្ល៉េះ។
កាលពីថ្ងៃទី២ ខែមករា អំឡុងពេលទៅចូលរួមពិធីកាន់ទុក្ខរបស់លោក Pele ប្រធាន FIFA លោក Gianni Infantino បាននិយាយទៅកាន់អ្នកកាសែតស្នើទៅកាន់សហព័ន្ធបាល់ទាត់ដែលជាសមាជិក FIFA ទាំងអស់ ដើម្បីរកកីឡដ្ឋានណាមួយតាមប្រទេសទាំងអស់នោះ ដាក់ឈ្មោះតាមលោក Pele ដើម្បីជាការរំលឹកគុណ និងឧទ្ទិសដល់ស្តេចបាល់ទាត់ Pele។
មកដល់ពេលនេះប្រទេសកាប់វែរ បានក្លាយជាប្រទេសដំបូង ដែលបានប្រកាសប្តូរឈ្មោះកីឡដ្ឋានក្រុមជម្រើសជាតិខ្លួន ទៅកាន់ឈ្មោះថា Pele Stadium ដោយប្តូរពីឈ្មោះ Estadio Nacional de Cabe Verde ដែលមានទីតាំងនៅក្រៅរដ្ឋធានីប្រាយ៉ា។
បើតាមការបង្ហោះនៅលើបណ្តាញសង្គម Facebook របស់លោក Ulisses Correia e Silva នាយករដ្ឋមន្ត្រីរបស់កាប់វែរ បាននិយាយថា ប្រទេសលោកពិតជាមានកិត្តិយស ដែលបានដាក់ឈ្មោះកីឡដ្ឋាន តាមឈ្មោះស្តេចបាល់ទាត់ Pele។ នាយករដ្ឋមន្ត្រីដដែលនេះ ក៏បានបង្ហាញក្តីរំពឹងថា ប្រទេសជាច្រើនលើពិភពលោកនឹងបន្តធ្វើបែបនេះ។
«ដើម្បីជាការផ្តល់កិត្តិយស ការឧទ្ទិសនិងការទទួលស្គាល់ ដែលធ្វើឱ្យយើងទទួលបានភាពដ៏អស្ចារ្យនៃបាល់ទាត់មកដល់សព្វថ្ងៃនេះ ខ្ញុំមានបំណងចង់ដាក់ឈ្មោះកីឡដ្ឋានក្រុមជម្រើសជាតិរបស់យើងជាកីឡដ្ឋាន Pele។ នេះជាគំនិតផ្តួចផ្តើមមួយដែលខ្ញុំជឿជាក់ថានឹងត្រូវបានប្រទេសជាច្រើនផ្សេងទៀតជុំវិញពិភពលោកធ្វើតាមដូចបែបនេះ ហើយជាមួយការបាត់បង់នូវស្តេចបាល់ទាត់ Pele ដែលបាននាំមកនូវបច្ចេកទេសបាល់ទាត់ទំនើបមកកាន់ពួកយើង នេះគឺជារឿងដែលយើងធ្វើដើម្បីផ្តល់ការគោរពដល់លោក។ កាប់វែរនិងប្រេស៊ីលមានប្រវត្តិសាស្ត្រនិងវប្បធន៍ស្រដៀងគ្នា ប្រៀបបានទៅនឹងប្រទេសដែលជាបងប្អូន ហើយភាសាក៏មានភាពប្រហាក់ប្រហែលគ្នា យើងផ្តល់កិត្តិយសដល់ Pele ហើយលោកក៏ជាបុគ្គលគំរូម្នាក់របស់យើង»។ លោក Correia e Silva បាននិយាយបែបនេះ។
លោក Pele ជាមួយក្រុមជម្រើសជាតិប្រេស៊ីល ស្តេចបាល់ទាត់រូបនេះធ្វើបានកំណត់ត្រាដោយរកបាន ៧៧គ្រាប់ ហើយលោកនៅតែរក្សាកំណត់ត្រានេះ ក្នុងក្រុមជម្រើសជាតិប្រេស៊ីលដដែល បើទោះបីលោកបានចែកឋានទៅក្តី៕