កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe និង Hakimi ដៃគូដ៏ជិតស្និទ្ធដើរលេងពេញក្រុងញូវយ៉ក ដោយបន្លំខ្លួន
06, Jan 2023 , 8:29 am        
រូបភាព
ខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំង Kylian Mbappe និង Achraf Hakimi ខ្សែការពារម៉ារ៉ុកដែលជាមិត្តដ៏ជិតស្និទ្ធនិងជាដៃគូដ៏ល្អនៅក្លិប Paris Saint Germain បានបន្លំខ្លួនដោយបិទបាំងមុខដើរលេងក្នុងទីក្រុងញូវយ៉ក ដែលជាក្រុងពាណិជ្ជកម្មដ៏ធំរបស់អាម៉េរិក អំឡុងពេលថ្ងៃឈប់សម្រាក់ក្រោយ World Cup។



ក្រោយពីក្រុម PSG បានបញ្ចប់ការប្រកួតក្របខណ្ឌ Ligue 1 កាលពីប៉ុន្មានថ្ងៃមុនរួចដោយចាញ់ក្រុមចំណាត់ថ្នាក់លេខ២​ RC Lens ក្នុងលទ្ធផល ៣-១ រួចមកអ្នកចាត់ការក្រុមលោក Christophe Galtier បានផ្តល់ពេលវេលាសម្រាក់កីឡាករសំខាន់ៗមួយចំនួនដែលជាការសម្រាកក្រោយព្រឹត្តិការណ៍ World Cup ក្នុងនោះរួមមាន Mbappe និង Hakimi តែម្តង។ 
 
ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ ដែលបានស៊ុតគ្រាប់បាល់ ៣គ្រាប់(Hat-trick)បញ្ចូលទីលើក្រុមម្ចាស់ជើងឯកពិភពលោកអាហ្សង់ទីនកាលពីខែមុន បានចំណាយពេលវេលាឈប់សម្រាកនៅទីក្រុងញូវយ៉កជាមួយមិត្តរួមក្រុមសញ្ជាតិម៉ារ៉ុក Achraf Hakimi។ កីឡាករ PSG ទាំងពីរនេះត្រូវបានគេឃើញថាបានទៅទស្សនាការប្រកួតបាល់បោះនៃក្របខណ្ឌ NBA កាលពីថ្ងៃទី២ ខែមករា ដែលជាការប្រកួតរវាងក្រុម Brooklyn Nets និង San Antonio Spurs។ នៅទីនោះ ទាំងពីរនេះទទួលបានការស្វាគមន៍យ៉ាងខ្លាំង។
 
មិនត្រឹមតែប៉ុណ្ណោះបន្ទាប់ពីការប្រកួតបាល់បោះ NBA នោះរួច ដៃគូដ៏ជិតស្និទ្ធទាំងពីរក៏ត្រូវបានគេឃើញថាបានបន្តដើរលេងនៅក្នុងទីក្រុងពាណិជ្ជកម្មដ៏ធំនៃទីក្រុងញូវយ៉ក ដោយគ្មាននរណាម្នាក់ចាប់អារម្មណ៍ឡើយ ព្រោះថាកីឡាករទាំងពីរបានបន្លំខ្លួនដោយបានពាក់របាំងមុខ។
 
តាមរយៈវីដេអូឃ្លីបខ្លីៗ​នៅលើបណ្តាញសង្គម Instagram ដែលបង្ហោះដោយលោក Elder Ordonez ជាអ្នកថតរូបម្នាក់ បានបង្ហាញថា Mbappe និង Hakimi បានឈរទស្សនាការសម្តែងតាមដងផ្លូវក្នុងតំបន់ Times Square ដោយការបិទបាំងមុខគ្មាននរណាម្នាក់អាចកត់ចំណាំលើរូបគេទាំងពីរបាន។ 
 
តារាបាល់ទាត់របស់ក្រុម PSG ទាំងពីរនេះសុទ្ធសឹងតែជាកីឡាករដែលបានបង្ហាញខ្លួនរហូតដល់ទៅចំនួន ៧ប្រកួតនៃព្រឹត្តិការណ៍ World Cup ដូចគ្នា។ Kylian Mbappe ប្រកួតចុងក្រោយនៅក្នុងវគ្គផ្តាច់ព្រ័ត្រទល់ម្ចាស់ជើងឯកអាហ្សង់ទីន ចំណែក ​Hakimi ប្រកួតទល់ក្រូអាស៊ីដណ្តើមចំណាត់លេខ៣ ក្រោយពួកគេបានសាងប្រវត្តិសាស្ត្រដ៏គួរឱ្យភ្ញាក់ផ្អើល។
 
មិនត្រឹមតែប៉ុណ្ណោះទេក្រោយតែការប្រកួតចាញ់ក្រុម Lens ៣-១ កាលពីថ្ងៃទី២ ខែមករារួចមក លោក Galtier ដែលជាអ្នកចាត់ការបានបញ្ជាក់ច្បាស់ៗថាកីឡាករនៅក្នុងក្រុមជម្រើសដំបូងគឺទទួលបានពេលវេលាឈប់សម្រាកពីភារកិច្ចមួយរយៈពេលខ្លីប៉ុណ្ណោះ៕
 

Tag:
 Kylian Mbappe
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com