មានចៅប្រុសលើកដំបូង កូនប្រុសឈ្នះមេដាយមាសស៊ីហ្គេម និងប្រឡងជាប់បាក់ឌុប កូនសិស្សគុនខ្មែរឈ្នះខ្សែក្រវាត់អន្តរជាតិ។ ទាំងនេះ គឺជាកម្លាំងចិត្តជាបន្តបន្ទាប់សម្រាប់អធិរាជកែងឆេះ ជង្គង់ហោះ អេ ភូថង បើទោះបីជាសុខភាពរបស់លោកមិនសូវជាល្អក៏ដោយ។ ក្នុងបទសម្ភាសជាមួយថ្មីៗ អតីតកំពូលអ្នកប្រដាល់ខ្មែរដ៏ល្បីល្បាញ រូបនេះ អះអាងថា លោកមានលាភច្រើនជាងគ្រោះ ជាពិសេសនាឆ្នាំ២០២២ កន្លងមកនេះ។
ក្នុងវ័យ៤៨ឆ្នាំ លោក អេ ភូថង មានបញ្ហាសុខភាពមួយចំនួនដូចជា ខ្លាញ់រុំបេះដូង អាស៊ីតឡើងដល់កំពូល លើសជាតិស្ករ លើសឈាម និងមេរោគក្នុងសរសៃឈាម ប៉ុន្តែលោកបែរជាទទួលអារម្មណ៍រំភើបរីករាយសប្បាយចិត្តចំពោះអ្វីដែលកូនបង្កើត និងកូនសិស្សរបស់ខ្លួន ទទួលបាននារយៈពេលចុងក្រោយនេះ។

ជាអតីតកីឡាករដ៏ឆ្នើមចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៦ ហើយបច្ចុប្បន្នជាប្រធានក្លិបប្រដាល់គុនខ្មែរ អេ ភូថង លោកបាននិយាយប្រាប់សារព័ត៌មានថ្មីៗ ក្នុងន័យថា គ្មានអ្វីដែលសប្បាយចិត្តជាងឃើញជោគជ័យរបស់កូនចៅនោះឡើយ។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ លោក អេ ភូថង ទទួលបានចៅប្រុសដំបូងបង្អស់ ដែលធ្វើឲ្យអតីតស្ដេចប្រដាល់រូបនេះ សប្បាយចិត្តជាពន់ពេក ដោយបានក្លាយខ្លួនជាជីតា របស់ចៅប្រុស លាងអភីរ៉ាក់ ភូថង។ ចៅប្រុសរូបនេះ គឺជាកូនរបស់កូនស្រីច្បង អេព្រីយ៉ានុត ភូថង។
អ្នកស្រី សាំង សុម៉ាលី ដែលជាភរិយារបស់លោក អេ ភូថង បានបន្ថែម ថាកំណើតចៅប្រុសនេះ បាននាំសំណាងដល់ក្លិបជាបន្ដបន្ទាប់ ព្រោះកូនសិស្សរបស់លោក អេ ភូថង បានជោគជ័យជាហូរហែ ក្នុងការប្រកួត។

កាលពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ កីឡាករ អេវីរៈខាំឈីត ភូថង កូនទី២ របស់លោកអេ ភូថង បានឈ្នះមេដាយមាស ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម លើប្រភេទកីឡាវ៉ូវីណាម។ ប្រធានក្លិបអាយុ៤៨ ឆ្នាំរូបនេះ បានទៅទទួលកូន និងកូនសិស្សខ្លួន ដែលបានត្រលប់មកកម្ពុជាវិញ បន្ទាប់ប្រកួតចប់ ទាំងមានបញ្ហាសុខភាពខ្លះៗ។
ក្នុងឆ្នាំដដែល ពោលគឺនាអំឡុងខែវិច្ឆិកា កូនប្រុសទីពីររូបនេះ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ លោកអេ ភូថង បានសម្ដែងមោទកភាពចំពោះកូនខ្លួនជាខ្លាំង ខណៈពេល លោក បានប្រាប់សារព័ត៌ថ្មីៗអំពីអារម្មណ៍ពិត ទាំងក្រសែភ្នែកសម្លឹងទៅមើល អេវីរៈខាំឈីត ភូថង ដែលកំពុងហ្វឹកហាត់នៅក្នុងក្លិប។
«ជាជោគជ័យរបស់កូនខ្ញុំ តែខ្ញុំជាឪពុកសប្បាយចិត្តជំនួស ហើយគេមិនបានធ្វើឲ្យខ្ញុំអស់សង្ឃឹមទេ។» លោកបាននិយាយប្រាប់បែបនេះ ទាំងការដកដង្ហើមញាប់ៗ។

អង្គុយនៅពីមុខក្លិបដែលមានរូបថតកីឡាករ-កីឡាការិនី មេដាយ និងខ្សែក្រវាត់ជ័យលាភីផ្សេងៗដាក់តាំងនៅពីក្រោយខ្នង លោក អេ ភូថង បាននិយាយទាំងញញឹម និងសម្លេងថ្នមៗថា
កូនសិស្សលោកម្នាក់ទៀត បានលើកស្ទួយមុខមាត់ក្លិប មុខមាត់ជាតិ និងមុខមាត់លោកដែលជាគ្រូ នៅលើឆាកអន្ដរជាតិ។ កីឡាករ ធឿន ធារ៉ា បានប្រកួតឈ្នះ កីឡាករ សៃ យុគ
ហើយក្លាយជាម្ចាស់ខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្ដេចថៃកាលពីថ្ងៃទី២៤ ខែធ្នូ ។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យបរទេសជាពិសេស WMO (WorldMuayThai Organization) បានដាក់កីឡាករខ្មែររូបនេះនៅចំណាត់ថ្នាក់ទី១។
លោកអេ ភូថង និង អ្នកស្រី សាំងសុម៉ាលី មានកូនចំនួន ៤នាក់ ក្នុងនោះស្រី១នាក់។ អតីតស្ដេចប្រដាល់កម្ពុជារូបនេះនិងអ្នកស្រី សុម៉ាលី មានគោលដៅរួមមួយ គឺការអភិវឌ្ឍវិស័យកីឡាគុនខ្មែរ ឲ្យបរទេសទទួលស្គាល់និងមានឈ្មោះល្បីល្បាញនៅលើឆាកអន្ដរជាតិ។ បច្ចុប្បន្ន ក្លិបប្រដាល់គុនខ្មែរ អេ ភូថងមានកីឡាករ-កីឡាការិនី១៩នាក់ ក្នុងនោះកីឡាការិនី៤នាក់។ ប្រធានក្លិបរូបនេះបានប្ដេជ្ញាថានឹងបន្ដប្រឹងប្រែងអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរឲ្យមានឈ្មោះបោះសម្លេងខ្លាំងជាងនេះ។
ក្នុងអាជីពប្រដាល់របស់ខ្លួន អតីតកីឡាករដែលមានរហស្សនាមថា កែងឆេះជង្គង់ហោះរូបនេះ បានឈ្នះការប្រកួតថ្នាក់ជាតិជាច្រើន ហើយបានបង្ហាញភាពខ្លាំងនោះលើឆាកអន្តរជាតិ ជាពិសេសដោយប្រវត្តិយកឈ្នះកីឡាករបារាំង Jean-Charles Skartbowsky ៣លើក, ឈ្នះកីឡាករស៊ូដង់ Faisal Zakaria ២លើក, បំបាក់កីឡាករអេស្ប៉ាញ Jose Pitu Sans ២លើក, ឈ្នះកីឡាករប៊ុលហ្ការី Antea Atomea, កីឡាករអូស្ត្រាលី Brett Franklin, Perikli Maniatis, Tony Angelov, កីឡាករអាម៉េរិក Mike Justice, Yoochy, កីឡាករអង់គ្លេស Shaun Lomas និងកីឡាករម៉ាឡេស៊ី Yoochy ជាដើម៕

រូបសមាជិកក្លិបប្រដាល់គុនខ្មែរ អេ ភូថង រូបពី លោក អេ ភូថង