អន្តរជាតិ
លោក Matteo ដែលធ្លាប់ជួយ Chelsea ឈ្នះ UCL ត្រូវបានតែងតាំងជាទីប្រឹក្សាក្លិបកូរ៉េខាងត្បូង Jeonbuk Motors 
×![]()
អតីតអ្នកចាត់ការក្រុមតោខៀវ Chelsea លោក Roberto di Matteo ត្រូវបានតែងតាំងជាទីប្រឹក្សាផ្នែកបច្ចេកទេសនៅក្រុមម្ចាស់ជើងឯក AFC Champions league ២សម័យកាល Jeonbuk Motors។ នេះបើតាមក្លិប Jeonbuk Motors នៃលីគកំពូលកូរ៉េខាងត្បូងប្រកាសនៅថ្ងៃទី៤ ខែមករា។
ក្លិបបាល់ទាត់នៃក្របខណ្ឌ K-League របស់ប្រទេសកូរ៉េខាងត្បូងមួយនេះ កាលពីរដូវកាលមុនបានបញ្ចប់ត្រឹមតែចំណាត់ថ្នាក់លេខ២ ប៉ុណ្ណោះដោយប្រដេញតាមក្រុមកំពូលតារាង Ulsan Hyundai។ ក្រុម Jeonbuk នេះដឹកនាំដោយគ្រូបង្វឹកគឺលោក Kim Sang-sik ដែលជាអតីតកីឡាករខ្សែការពារក្រុមជម្រើសជាតិកូរ៉េខាងត្បូង ហើយក៏ជាឆ្នាំដែលបញ្ចប់ចំណាត់លេខ២ លើកដំបូងដែលក្រុមធ្លាប់បានឈ្នះពានលីគកំពូលនេះ ៥លើកជាប់គ្នារួចមកហើយដែរ។
បើតាមការផ្សាយរបស់សារព័ត៌មានរបស់កូរ៉េខាងត្បូង Yonhab ក្លិប Jeonbuk នឹងជួបគ្នាលើកដំបូងក្នុងនាមជាក្រុមការងារនៅប្រទេសអេស្ប៉ាញក្នុងខែកុម្ភៈខាងមុខនេះ ពេលដែលក្រុមត្រូវទៅហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតរដូវកាលថ្មី។
ចំណែកលោក Di Matteo វិញលោកគឺជាបុរសដំបូងដែលបានដឹកនាំក្រុមតោខៀវ Chelsea ឱ្យស្គាល់ការឈ្នះពានរង្វាន់ UEFA Champions League ដំបូងក្នុងប្រវត្តិសាស្ត្រក្នុងរដូវកាល ២០១១-១២ រួមទាំងពានរង្វាន់ FA Cup។ អតីតអ្នកចាត់ការសញ្ជាតិអ៊ីតាលីនិងស្វីសរូបនេះបានចូលកាន់តំណែងនៅ Chelsea កាលនោះដោយជំនួសលោក Andre Villas Boas បន្ទាប់ពីត្រូវបានក្លិបបណ្តេញចេញ។
លោក Di Matteo អតីតកីឡាករក្រុមជម្រើសជាតិអ៊ីតាលីក៏ត្រូវក្រុមតោខៀវតែងតាំងពេញសិទ្ធិក្នុងខែមិថុនាឆ្នាំ ២០១២ ប៉ុន្តែលោកត្រូវបានបណ្តេញចេញវិញក្រោយដឹកនាំក្នុងនាមជាអ្នកចាត់ការពេញសិទ្ធិបានត្រឹម ៥ខែ។ ក្រោយចាកចេញពី Chelsea បុរសវ័យ៥២ឆ្នាំ ត្រូវបានគេឃើញថាបានដឹកនាំរយៈពេលខ្លីនៅក្លិប Schalke 04 និង Aston Villa៕
© រក្សាសិទ្ធិដោយ thmeythmey.com