ជាតិ
រដ្ឋមន្រ្តីកសិកម្ម នឹងរៀបចំប្រព័ន្ធថ្មី ដែលធានាស្ថិរភាពតម្លៃផលិតផលកម្ពុជា
05, Jan 2023 , 4:59 pm        
រូបភាព
 លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំប្រព័ន្ធថ្មីមួយ ដែលធានាដល់ស្ថិរភាពតម្លៃ និងទីផ្សារ ផលិតផលកសិកម្មកម្ពុជា។ នេះជាទស្សនទានថ្មី ដែល​លោក ឌិត ទីណា លើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៥ មករា ក្នុងគោលបំណងកែប្រែជីវភាពកសិករឱ្យកាន់តែប្រសើរ។



ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នៅព្រឹកថ្ងៃទី៥ ខែមករានេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ក្រសួងកសិកម្ម នឹងរៀបចំឱ្យប្រព័ន្ធថ្មីមួយ ដើម្បីធានាដល់តម្លៃ និងទីផ្សារ កសិកម្មកម្ពុជាឱ្យមានភាពប្រសើរជាងបច្ចុប្បន្ន។ ការកំណែទម្រង់ថ្មីនេះ មិនងាយស្រួលនោះទេ ហើយក្រសួង ត្រូវការកិច្ចសហការជាមួយរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជាច្រើនទៀត។ 
 
តាមស្ថានភាពបច្ចុប្បន្ន កាលណាតម្លៃផលិតផលកសិកម្មធ្លាក់ចុះ នឹងធ្វើឱ្យអ្នកផលិត ជួបការលំបាក។ ប៉ុន្តែ បើសិន តម្លៃកើនឡើង នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកទទួលទានទូទាំងប្រទេស។ ដូច្នេះ ក្រសួងកសិកម្ម ដាក់គោលដៅ ធានាដល់ស្ថេរភាពតម្លៃ រវាងអ្នកផលិត អ្នកចែកចាយ និងអ្នកបរិភាគ។ នេះជាការអះអាងរបស់លោករដ្ឋមន្រ្តីកសិកម្ម ដោយបន្ថែមដូច្នេះថា៖« នៅក្នុងខ្សែច្រវាក់ទីផ្សារក្នុងស្រុក យើងនឹងមានទស្សនទានថ្មី ក្នុងការរក្សាតម្លៃ ដោយបែងចែកនូវភោគផលចំណេញត្រឡប់ទៅវិញ ឱ្យមានលក្ខណៈសមរម្យ ដូចៗគ្នា ទាំងអ្នកផលិត អ្នកទទួលទាន និងអ្នកចែកចាយ»។ 
 
ដោយឡែក ការនាំចេញ ក្រសួងកសិកម្ម នឹងជំរុញដល់ការផលិត នូវផលិតផលណា ដែលមានគុណភាពខ្ពស់ ឱ្យទទួលបានតម្លៃបន្ថែម។ ក្រសួង មិនលើកទឹកចិត្តឱ្យផលិតច្រើន ហើយយកទៅប្រកួតប្រជែងជាមួយបរទេស ដែលបានតម្លៃទាបនោះទេ។ ផ្ទុញទៅវិញ ត្រូវពង្រឹងការផលិតឱ្យចាំគោលដៅ និងគុណភាពខ្ពស់ ដោយ​ដំឡើងតម្លៃវិញ ពោលគឺ «យកផលចំណេញជាគោល»។ 
 
លោក ឌិត ទីណា បញ្ជាក់ថា៖«យើង ត្រូវទទួលស្គាល់ថា​ខ្លួនមានចំណុចខ្លាំង និងចំណុចខ្សោយ។ ដូច្នេះ ការផលិតឱ្យមានលក្ខណៈធំ តែបានតម្លៃថោក គឺមិនមែនជាចំណុចខ្លាំងរបស់កម្ពុជានោះទេ។ នេះបើយើង ក្រឡេកទៅមើល ស្ថានភាពថ្លៃដើមផលិត នាពេលបច្ចុប្បន្ន។ ថ្ងៃមុខ ក្រសួង មិនបង្ខំឱ្យមានការផលិតច្រើននោះ តែត្រូវផលិតឱ្យមានគោលដៅ និងគុណភាព ហើយដំឡើងតម្លៃវិញ»។ 
 
លោក បន្ថែមថា ផ្នែកសំខាន់ដែលអាចធ្វើឱ្យផលិផលកសិកម្មកម្ពុជា មានទីផ្សារ គឺផ្សាយពាណិជ្ជកម្ម និងលើកកម្ពស់កម្រិតយល់ដឹងពីគុណភាព ដល់បរទេស។ ជាក់ស្ដែង ម្រេចកំពត ស្វាយចន្ទី និងអង្កផ្ការំដួល សុទ្ធសឹងត្រូវបានទទួលស្គាល់គុណភាពពីបរទេស។ ហេតុនេះ ក្រសួង នឹងបន្តជំរុញផលិតកម្ម និងគុណភាពបែបនេះបន្តទៀត៕   
 

Tag:
 កសិកម្ម
  លោក ឌិត ទីណា
© រក្សាសិទ្ធិដោយ thmeythmey.com