អន្តរជាតិ
WHO៖ គ្មានវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មីនៅចិន​ឡើយ
05, Jan 2023 , 5:29 pm        
រូបភាព
ក្រោយជួបជាមួយអ្នកជំនាញសុខភាពចិន អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៤ ខែមករា ទទួលបានព័ត៌មានថា គ្មានវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មីលេចឡើងនៅចិនទេ។ យ៉ាងណាមិញ WHO នៅតែជំរុញឱ្យចិនបង្ហាញតួលេខអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអ្នកស្លាប់ឱ្យបានច្បាស់លាស់ ព្រោះអ្វីដែលបង្ហាញមិនបានស្របតាមការពិតឡើយ។ ចិនច្រានចោលការចោទបែបនេះ។



ស្ថានភាពពិតប្រាកដនៃការផ្ទុះឆ្លងជំងឺកូវីដ-១៩ នៅចិន ក្លាយជាកម្មវត្ថុនៃការព្រួយបារម្ភរបស់ប្រទេសជាច្រើនលើពិភពលោក ក្រោយចិនលែងប្រកាសតួលេខឆ្លងប្រចាំថ្ងៃ និងពង្រួមនិយមន័យនៃការស្លាប់ដោយសារជំងឺផ្លូវដង្ហើមមួយនេះ។
 
មន្ត្រីជំនាញ WHO នៅថ្ងៃទី៣ ខែមករា បានបើកកិច្ចប្រជុំជាមួយអ្នកជំនាញសុខភាពចិនដើម្បីពិភាក្សាគ្នា និងស្នើឱ្យបង្ហាញស្ថានភាពកូវីដ-១៩ ពិតប្រាកដក្នុងប្រទេស។ ក្រោយកិច្ចប្រជុំមួយថ្ងៃ WHO ទទួលបានព័ត៌មានពីមជ្ឈមណ្ឌលគ្រប់គ្រងនឹងបង្ការជំងឺចិន ថា ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅចិននាពេលនេះសុទ្ធតែបង្កដោយវីរុសបំប្លែងខ្លួនស្រឡាយអូមីក្រុងមានBA.5.2 និង BF.7 ដែលរួមចំណែកជាង៩៧ភាគរយនៃការឆ្លងសរុបក្នុងស្រុកនៅពេលបច្ចុប្បន្ន ហើយគ្មានវីរុសប្រភេទថ្មីឡើយ។
 
BA.5.2 ត្រូវរកឃើញដំបូងក្នុងខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងប៉េកាំង ខណៈវីរុស BF.7 រកឃើញដំបូងតាំងពីខែតុលា ឆ្នាំ ២០២២ នៅឥណ្ឌាឯណោះ។ 
 
យ៉ាងណាមិញ WHO នៅតែស្នើឱ្យអ្នកជំនាញចិនបង្ហាញទិន្នន័យលម្អិតអំពីការរាលដាលជំងឺកូវីដ-១៩ ឱ្យកាន់តែច្បាស់លាស់ឡើង ដើម្បីទទួលបានទិន្នន័យជាក់លាក់ និងពិតនៃចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យ អ្នកស្លាប់ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺជាដើម។ 
 
«យើងជឿថាតួលេខបច្ចុប្បន្នដែលបានផ្សព្វផ្សាយពីចិនមានតិចជាងតួលេខជាក់ស្ដែងទាក់ទងនឹងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការសង្គ្រោះបន្ទាន់ និងជាពិសេសទាក់ទងនឹងការស្លាប់»។ ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Mike Ryan លើកឡើងបែបនេះ។ 
WHO ក៏កំពុងរៀបចំជំនួបថ្មីមួយទៀតជាមួយអ្នកជំនាញសុខាភិបាលចិនដែរ។ 
 
មកទល់ពេលនេះ ប្រទេសជាច្រើនដូចជាអាម៉េរិក អង់គ្លេស អូស្ត្រាលី  កាណាដា  ម៉ាឡេស៊ី តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អ៊ីតាលី បារាំង និងអេស៉្បាញ សុទ្ធបានអនុវត្តវិធានការធ្វើតេស្តកូវីដ-១៩ លើអ្នកដំណើរទាំងអស់មកពីចិន ឬតម្រូវឱ្យមានលទ្ធផលតេស្តអវិជ្ជមានមុនចូលប្រទេសទាំងនោះ។ ប្រទេសសមាជិកអឺរ៉ុប (EU) ក៏កំពុងត្រូវបានណែនាំឱ្យអនុវត្តវិធានការនេះដែរ។
 
ទាក់ទងរឿងនេះ ក្រសួងការបរទេសចិន ក៏ច្រានចោលការលើកឡើងរបស់ WHO ជុំវិញតម្លាភាពក្នុងការផ្ដល់ព័ត៌មានដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិន Mao Ning ស្នើឱ្យលេខាធិការដ្ឋាន WHO ប្រកាន់ជំហរច្បាស់លាស់ និងតាមបែបវិទ្យាសាស្រ្ត ហើយដើរតួនាទីក្នុងការដោះស្រាយវិបត្តិមួយនេះ៕ 
 

Tag:
 WHO
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com