អន្តរជាតិ
ចិន បើកច្រកព្រំដែនជាមួយហុងកុងឡើងវិញក្រោយបិទអស់៣ឆ្នាំ 
×![]()
ចិន នឹងបើកព្រំដែនជាមួយតំបន់រដ្ឋបាលពិសេសហុងកុងឡើងវិញនៅថ្ងៃទី៨ ខែមករាជាលើកដំបូងក្រោយបានបិទអស់រយៈពេល៣ឆ្នាំ ខណៈដែលចិនចាប់ផ្ដើមបន្ធូរបន្ថយវិធានការរឹតត្បិតជំងឺកូវីដ-១៩។
ស្របពេលចិនបើកប្រទេសទទួលអ្នកដំណើរបរទេសដោយមិនមានការរឹតត្បិត ហើយអនុញ្ញាតឱ្យពលរដ្ឋទៅក្រៅប្រទេសដោយស្រួលវិញនោះ ការិយាល័យកិច្ចការហុងកុង និងម៉ាកាវរបស់ក្រុងប៉េកាំងលើកឡើងក្នុងសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី៥ ខែមករាថា ការបើកព្រំដែនឡើងវិញនៅថ្ងៃទី៨ ខែមករា នឹងពាំនាំការបន្តការធ្វើដំណើរដោយគ្មានចត្តាឡីស័ករវាងទីក្រុងហិរញ្ញវត្ថុហុងកុង និងចិនដីគោក ទោះបីជាមាននីតិវិធីមួយចំនួនក្ដី។
មិនខុសពីចិនឡើយ ទីក្រុងហុងកុងបានអនុវត្តតាមគោលនយោបាយទប់ស្កាត់ជំងឺកូវីដ -១៩ដ៏តឹងរ៉ឹងមុនបន្ធូរបន្ថយវិញដល់ពាក់កណ្តាលឆ្នាំ២០២២។
ជុំវិញរឿងនេះ មេដឹកនាំទីក្រុងហុងកុងលោក John Lee ប្រាប់អ្នកសារព័ត៌មានថា មនុស្សអតិបរមាចំនួន៦ម៉ឺននាក់ក្នុងមួយថ្ងៃពីហុងកុង ឬចិនអាចនឹងឆ្លងកាត់ព្រំដែនចាប់ពីថ្ងៃទី៨ ខែមករា។ អ្នកដំណើរតម្រូវឱ្យកក់សំបុត្រចេញចូលតាមរយៈអ៊ីធឺណិតដើម្បីឆ្លងកាត់ព្រំដែន ខណៈសាឡាង និងជើងហោះហើរ អាស្រ័យលើសំបុត្រដែលមាន។
«ការចូល (ចិន) ដីគោកតាមរយៈហុងកុងក្លាយជាជម្រើសដ៏ស្រួល»។ លោក Lee លើកឡើងបែបនេះរួចបន្ថែមថា ការលុបចេញការបិទព្រំដែននេះនឹងទាក់ទាញការវិនិយោគបរទេសផងដែរ។
ស្របពេលជាមួយគ្នានេះ ពលរដ្ឋហុងកុងបានសម្រុកទៅគ្លីនីកដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនព្រំដែនបើកឡើងវិញដែរ។ រដ្ឋាភិបាលហុងកុងនឹងប្រកាសពីការរៀបចំឆ្លងកាត់ព្រំដែនជាមួយទីក្រុងម៉ាកាវនៅពេលក្រោយ។
គួរបញ្ជាក់ថា មុនការផ្ទុះឡើងនៃជំងឺកូវីដ-១៩នៅចិនក្នុងចុងឆ្នាំ២០១៩ អ្នកដំណើរចំនួន២៣៦លាននាក់បានធ្វើដំណើរឆ្លងកាត់ព្រំដែនចិនដីគោក និងហុងកុង។ នេះបើតាមទិន្នន័យរដ្ឋាភិបាលហុងកុង៕
© រក្សាសិទ្ធិដោយ thmeythmey.com