កីឡាជាតិ
ជាតិ
បឹងកេត គិរីវង់សុខសែនជ័យ និងអង្គរថាយហ្គឺរ មានកីឡាករចេញច្រើនជាងគេ ខណៈ វិសាខា និងភ្នំពេញក្រោន ទិញថែម
06, Jan 2023 , 11:59 am        
រូបភាព
នៅដើមរដូវកាល និងចុងរដូវកាល ការផ្លាស់ប្ដូរ និងចាក់ចេញរបស់កីឡាករបានកើតឡើងសម្រាប់ក្លិបបាល់ទាត់នីមួយៗ។ ប៉ុន្ដែក្លិបខ្លះ មានការផ្លាសប្ដូរច្រើន ខណៈ ខ្លះទៀតក៏មានតិច។ ក្លិបបឹងកេត ជាក្លិប១ក្នុងចំណោមក្លិបផ្សេងទៀត ដែលមានកីឡាករចាកចេញ ដល់ទៅ៦នាក់។ ចំណែក គិរីវង់សុខសែនជ័យ មានកីឡាករ ដល់ទៅ១០នាក់ បានចែកផ្លូវជាមួយក្លិប ដូចគ្នាទៅនិងអង្គរថាយហ្គឺ ដែរ។ លោក បែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេត ចាត់ទុកថា នេះ គឺជារឿងធម្មតារបស់ក្លិប ដែលត្រូវត្រៀមខ្លួន និងកែទម្រង់ថ្មីសម្រាប់រដូវកាល ឆ្នាំ២០២៣។



លោក បែ មករា បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា ទីផ្សារដោះដូរកីឡាករ គឺជារឿងធម្មតាសម្រាប់ក្លិបនីមួយៗ ក្នុងវិស័យកីឡាបាល់ទាត់ ព្រោះនេះ គឺជាផ្នែកមួយក្នុងការរៀបចំឲ្យបានល្អសម្រាប់ត្រៀមប្រកួតរដូវកាលថ្មី។ លោក បែ មករា បញ្ជាក់ថា ការផ្លាស់ប្ដូរកីឡាករ ជាទ្រង់ទ្រាយធំ អាចឲ្យក្រុមបានត្រៀមខ្លួនមួយផ្នែក សម្រាប់រដូវកាល២០២៣។ 
«មួយឆ្នាំៗ តែងតែមានការរុះរើកីឡាករ។ ឆ្នាំកន្លងមក យើងមិនសូវបានជោគជ័យទេ ព្រោះមិនបានពានរង្វាន់អ្វីសោះ ដូច្នេះ យើងបានព្យាយាមរុះរើទ្រង់ទ្រាយធំមួយ ដើម្បីមានការផ្លាស់ប្ដូនៅរដូវកាលថ្មីនេះ។»។ លោក បែ មករា បាននិយាយដូច្នេះ។ 
 
ដូចគ្នានេះដែរ លោក អ៊ុំ ករុណា អគ្គលេខាធិការក្លិបអង្គរថាយហ្គឺ កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២២ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការចែកផ្លូវជាមួយកីឡាករ គឺជារឿងជាស់មិនផុតសម្រាប់ក្លិបបាល់ទាត់ទាំងអស់ មិនថាក្លិបនៅកម្ពុជា ឬក៏នៅបរទេសនោះទេ។ លោក ករុណា បានប្រាប់បែបនេះថា៖«យើង ចង់ប្ដូររចនាសម្ព័ននៅឆ្នាំក្រោយបន្ដិច។ យើង ចង់ផ្ដល់ឱកាសឲ្យក្មេងៗ ប្រកួតបានច្រើន។ ម្យ៉ាងវិញទៀត យើង ក៏នឹងយកកីឡាករផ្សេងៗមកពីក្រៅ ដើម្បីជំនួសអ្នកដែលចេញផងដែរ។»។
 
ដោយឡែក សារព័ត៌មានថ្មីៗ មិនអាចទំនាក់ទំនងទៅខាងក្លិបគិរីវង់សុខសែនជ័យបានទេ។ 
ក្លិបទាំង៨ ដែលបានចូលរួមក្នុងការប្រកួត Cambodian Premier League 2022 មាន៖ ភ្នំពេញក្រោន, វិសាខា, ព្រះខ័នរាជស្វាយរៀង, វិសាខា, ណាហ្គាវើលដ៍, កងយោធពលខេមរភូមិន្ទ, អង្គរថាយហ្គឺរ និងគិរីវង់សុខសែនជ័យ។ 
 
ក្លិបគិរីវង់សុខសែនជ័យ 
គិរីវង់សុខសែនជ័យ មានគ្រូបង្វឹក និងកីឡាករ សរុបចំនួន១០នាក់ បានចែកផ្លូវជាមួយក្លិប មាន៖ គ្រូបង្វឹក Manuel Retamero Fraile, អ្នកចាត់ការទូទៅ Florian Lucho Baudirt, កីឡាករ ហ៊ត ឈិនជិន, មាស សុធារូ, សួង ដាវិត, លី ម៉ូស្លីម, Motohiro Keneshiro, David Julien, Thiago Fernandes និងអ្នកចាំទី ថា ច័ន្ទឬទ្ធី។
 
ក្លិបអង្គរថាយហ្គឺ
កីឡាករ ១០រូបដែលបានចែកផ្លូវជាមួយក្លិប មាន៖ កីឡាករ Jozsef, Soh Narita, Silva Gabrieleiro, Mouzinho, រដ្ឋ សំណាង, មិត សាម៉ើយ, កែវ សារ៉ាត់, ឡាក់ សុភ័ក្ត្រា និងម៉ៅ ពិសិដ្ឋ។
 
ក្លិបបឹងកេត
កីឡាករក្លិបបឹងកេត ៦រូប បានចែកផ្លូវជាមួយក្លិប មាន៖ កីឡាករ Opeyemi K. Ajayi, Mustafa Zazai, Sakari Tukianen, Taher Jahanbakhsh, សេត រ៉ូស៊ីប និងហ៊ុល គឹមហ៊ុយ។ ក្រៅពីមានកីឡាករ បានចែកផ្លូវ ក្លិបបឹងកេត ក៏បានបង្ហាញសមាសភាពកីឡាករ ៣រូបមាន៖ អ៊ាវ សុវណ្ណរ៉ា, ឃាន់ សុបិន និងហេង សុវណ្ណបញ្ញា។
 
ក្លិបព្រះខ័នរាជ ស្វាយរៀង
ក្លិបព្រះខ័នរាជស្វាយរៀង មានសមាសភាព ៤រូបបានចាក់ចេញពីក្លិប គឺ Oriol Segura គ្រូជំនួយ, អ្នកចាំទី អ៊ុំ សិរីរ័ត្ន (ក្របខ័នខ្ចីជើង), លី សុម៉េត, និងម៉ន វ៉ាន់ដា។ កីឡាករ ២រូបបានចូលរួមជាមួយក្លិប មាន៖ សេត រ៉ូស៊ីប និងគួច ដានី។
 
ក្លិបកងយោធពលខេមរភូមិន្ទ
ក្លិបទ័ពមានកីឡាករចំនួន ៤រូបបានចាក់ចេញពីក្លិប ចំណែក១រូបចូលនិវត្ត។ កីឡាករ ៥រូបមាន៖ អ្នកចាំទី អ៊ុំ វិចិត្រ, កីឡាករ Takumu Nishihara, Jonathan Campbell និងកាន់ វិសាល។ ចំណែកកីឡាករ ឈិន ឈឿន បានប្រកាសចូលនិវត្ត។
 
ក្លិបណាហ្គាវើលដ៍
ក្លិបណាហ្គាវើលដ៍ មានកីឡាករ ៣រូបបានចែកផ្លូវ មាន៖ គួច ដានី, ឈឹម ពេជពន្លឺ និងណុប តុលា។
ផ្ទុយទៅវិញក្លិបភ្នំពេញក្រោន និងវិសាខា បានបន្ថែមសមាជិក ហើយមិនទាន់មានកីឡាកររូបណា បានចែកផ្លូវជាមួយក្លិបនៅឡើយទេ។
 
ក្លិបភ្នំពេញក្រោន
អ្នកចាំទី១ រូប គឺ អ៊ុំ វិចិត្រ បានចូលរួមជាមួយក្លិបជាផ្លូវការ។ ក្រៅពីនេះ ក្លិបភ្នំពេញក្រោន ក៏បានបន្ដកុងត្រាជាមួយកីឡាករ Yudai Ogawa និងខ្សែបម្រើប្រយុទ្ធ Valerii Grishiin ហើយក៏បន្ដកុងត្រា២ឆ្នាំ បន្ថែមលើ គ្រូបង្គោលលោក Oleg Starynskyi។
 
ក្លិបវិសាខា
ក្លិបម្ចាស់ជើងឯកពានសម្ដេចនេះ មិនទាន់មានកីឡាករចែកផ្លូវនៅឡើយទេ ប៉ុន្ដែក៏បានបង្ហាញនៅសមាភាពគ្រូបង្វឹកមួយរូប មានឈ្មោះថា Anthony John McMullen។ វិសាខា ក៏បាននាំចូលកីឡាករបន្ថែមមួយរូបទៀតគឺ Mouzinho ខ្សែប្រយុទ្ធសញ្ជាតិទីម័រខាងកើត។ ការប្រកួត Cambodian Premier League 2023 នឹងចាប់ផ្ដើមជាផ្លូវការនៅអំឡុងខែសីហា ដែលជាកាលវិភាគមួយ ស្រដៀងទៅនិងលីគរបស់អឺរ៉ុប ម្យ៉ាងវិញ ក៏ពេលមួយដែលកម្ពុជា បានបញ្ចប់ភារកិច្ចធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ផងដែរ៕
 

Tag:
 បាល់ទាត់
  Transfer Window
© រក្សាសិទ្ធិដោយ thmeythmey.com