កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់អេស្តូនី ចេញមុខសុំទោសចំពោះការបង្ហោះរូបអ្នកចាត់ការក្រុមជម្រើសជាតិរុស្ស៊ី នាពិធីអបអរឆ្នាំថ្មី
06, Jan 2023 , 2:09 pm        
រូបភាព
កីឡាករបាល់ទាត់នៃប្រទេសអេស្តូនីមួយក្រុម បានចេញលិខិតសុំទោសចំពោះការបង្ហោះរូបភាពនៅ លើបណ្តាញសង្គម អំពីការជួបជុំហូបអាហារជាមួយអ្នកចាត់ការក្រុមជម្រើសជាតិរុស្ស៊ីលោក Valery Kapin នាថ្ងៃអបអរឆ្នាំថ្មី។



រូបភាពនៃការជួបជុំមួយនោះត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ​Instagram ដោយអតីតកីឡាករខ្សែការពារ ក្រុមជម្រើសជាតិអេស្តូនី Andrei Stepanov និងលោក Kapin ស្ថិតនៅក្នុងភោជនីយដ្ឋានមួយ ដែលចូលរួមដោយតារាបាល់ទាត់ក្នុងប្រទេសអេស្តូនីជាច្រើនរូប ។ 
 
មិនត្រឹមតែប៉ុណ្ណោះក៏មានកីឡាករក្រុមជម្រើសជាតិអេស្តូនីមួយរូបដែរ គឺប្រធានក្រុម Konstantin Vassiljev ដែលមានវត្តមានក្នុងការជួបជុំមួយនោះ ហើយរូបភាពដែលបង្ហោះនោះកើតឡើងនៅថ្ងៃទី៣១ ខែធ្នូ រួមទាំងបានកំណត់សម្គាល់ទីតាំងថានៅក្នុងទីក្រុង Tallinn នៃប្រទេសអេស្តូនី។
 
ក្រោយការបង្ហោះ ក្រុមកីឡាករអេស្តូនីទាំងអស់នោះទទួលរងការរិះគន់ និងការខឹងសម្បាពីសំណាក់អ្នកគាំទ្រខ្លួន ចំពោះការថតរូបជាមួយបង្ហោះលើបណ្តាញសង្គមជាមួយលោក ​Karin ។ អ្នកគាំទ្រទាំងនោះ ក៏លើកឡើងចំៗសំដៅទៅនឹងជម្លោះកំពុងបន្តរាំរៃក្នុងប្រទេសអ៊ុយក្រែនពីសំណាក់រុស្ស៊ី។ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអេស្តូនី ​ERR រដ្ឋមន្ត្រីក្រសួងវប្បធម៌លោក ​Piret Hartman ក៏បានអះអាងថា ជនជាតិអេស្តូនីគួរតែធ្វើអ្វីគ្រប់យ៉ាង ដែលមិនអាចគាំទ្រចំពោះអ្នកឈ្លានពាន។
 
ទន្ទឹមនឹងការរិះគន់ខ្លាំង សមាគមបាល់ទាត់នៃប្រទេសអេស្តូនី បានឆ្លើយតបដោយចេញលិខិតសុំទោសក្នុងនាមកីឡាករ Vassiljev ជាមួយមិត្តរួមក្រុម Sergei Zenyov និងជំនួយការគ្រូបង្វឹកលោក Andres Oper ទៅកាន់អ្នកគាំទ្រ។
 
«អ្នកគ្រប់គ្នាដែលទទួលបានអារម្មណ៍ឈឺចាប់ដោយការហូបអាហារពេលល្ងាច ហើយការបង្ហោះរូបភាពជាសាធារណៈនៅលើបណ្តាញសង្គម ពួកយើងពិតជាចង់សុំទោសលើបញ្ហាទាំងនេះ។ ការជជែកគ្នារបស់យើងគឺដើម្បីកសាងបាល់ទាត់ឡើងវិញ យើងមិនបាននិយាយអំពីរឿងរ៉ាវនយោបាយ ឬក៏អំពីសង្គ្រាមឡើយ។ ជំហររបស់យើងទាក់ទងនឹងសង្គ្រាមគឺតែងតែដូចគ្នា មិនមានហេតុផលណាសម្រាប់រឿងនេះទេ យើងតែងក្រោកឈរឡើងសម្រាប់អេស្តូនីទាំងក្នុង និងក្រៅទីលានបាល់ទាត់ ហើយយើងនឹងបន្តធ្វើដូច្នេះ»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់អេស្តូនីដែលចុះផ្សាយដោយ ERR។
 
ដោយឡែកលោក Karpin អ្នកចាត់ការក្រុមជម្រើសជាតិរុស្ស៊ីវ័យ ៥៣ឆ្នាំ បានកើតនៅក្នុងទីក្រុង Narva ដោយមានសញ្ជាតិអេស្តូនីដូចទៅនឹងរុស្ស៊ីដែរ។ អ្នកចាត់ការវ័យ ៥៣ឆ្នាំត្រូវបានតែងតាំងឱ្យដឹកនាំក្រុមជម្រើសជាតិរុស្ស៊ីក្នុងឆ្នាំ ២០២១ ហើយលោកក៏ជាគ្រូបង្វឹកនៅក្លិប Rostov ដែលស្ថិតក្នុងលីគកំពូលរុស្ស៊ីដែរ។
ចាប់ផ្តើមអាជីបដំបូងជាកីឡាករលោក Karpin បានលេងឱ្យក្រុមបាល់ទាត់ SK Tallinna មុនពេលផ្លាស់ទៅក្រុមយក្សរុស្ស៊ី CSKA Moscow និង Spartak Moscow ។ បន្ទាប់មកលោកបានទៅលេងនៅទឹកដីអេស្ប៉ាញដោយលេងឱ្យក្រុមដូចជា Celta Vigo និង Real Sociedad។ លើសពីនេះលោក Karpin បានក៏បានលេងឱ្យក្រុមជម្រើសជាតិរុស្ស៊ីចំនួន ៧២ប្រកួតអំឡុងពេលលោកប្រកបអាជីពជាកីឡាករ៕
 
 
 
 
 
 

Tag:
 Football
  Russia
© រក្សាសិទ្ធិដោយ thmeythmey.com