ជាតិ
ក្រសួងកសិកម្ម ជំរុញឱ្យមានការនាំចូលឈើពីបរទេស ដើម្បីកាត់បន្ថយការកាប់បំផ្លាញ
06, Jan 2023 , 2:32 pm        
រូបភាព
 លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបើកឱ្យការនាំចូលឈើពីបរទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក និងកាត់បន្ថយការកាប់បំផ្លាញធនធានកម្ររបស់កម្ពុជា​។ នេះជាទស្សនទានថ្មី ដែល​លោក ឌិត ទីណា លើកឡើងក្នុងសន្និសីទសារព័ត៌មាន កាល​ពី​ព្រឹកថ្ងៃទី៥ មករា។



ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នៅព្រឹកថ្ងៃទី៥ ខែមករា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ក្រសួង នឹងពង្រឹងសមត្ថភាពផលិតឈើ និងសម្របសម្រួលឱ្យនាំចូលឈើបន្ថែម ដើម្បីបន្ថយសម្ពាធលើធនធានព្រៃឈើ។
 
កម្ពុជា ត្រូវការឈើ សម្រាប់ប្រើប្រាស់ច្រើន ដូចជា ការសាងសង់ផ្ទះ ធ្វើជន្លង់ របង អុស និងធ្យូងជាដើម ដែលបានបង្កើតសម្ពាធ ទៅលើធនធានធម្មជាតិ។ នេះជាការលើកឡើងរបស់លោក ឌិត ទីណា ដោយបន្ថែមដូច្នេះថា៖«យើងមិនអាចបដិសេធនូវតម្រូវការឈើ ប្រើប្រាស់ក្នុងស្រុកទេ ពលរដ្ឋយើងនៅតែត្រូវការឈើសង់ផ្ទះ ធ្វើជន្លង់ របង អុស និងធ្យូង។ អ៊ីចឹង តម្រូវការផ្សេងៗគ្នានេះ បានបង្កើតជាសម្ពាធ ទៅលើធនធានធម្មជាតិរបស់យើង»។
 
ទន្ទឹមនេះ លោក បានកត់សម្គាល់ថា ទម្លាប់នៃការប្រើប្រាស់ឈើរប​ស់ពលរដ្ឋ បានផ្លាស់ប្ដូរជាបន្តបន្ទាប់ ខណៈ និន្នាការប្រើប្រាស់ឈើនាំចូលពីបរទេស បានកើនឡើង។ បច្ចុប្បន្ន កម្ពុជា បាននាំចូលឈើជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការរបស់ខ្លួន ដែលមានដូចជា ឈើឧស្សាហ​កម្ម កុងផ្លាកេ និងឈើប្រណិតៗ ពីប្រទេសចិន ម៉ាឡេស៊ី និងអាហ្រ្វិក។
 
លោក ឌិត ទីណា ថ្លែងបន្ថែម​ថា៖«ខ្ញុំគិតថា មានពលរដ្ឋមួយចំនួន ប្រាកដជាភ្ញាក់ផ្អើល ដោយសារសព្វថ្ងៃនេះ កម្ពុជាមានលទ្ធភាពនាំឈើពីបរទេស មកប្រើប្រាស់ផ្ទាល់។ ឈើទាំងនោះ មានដូចជា ធ្នង មកពីអាហ្វ្រិក មានឈើមកចិន និងម៉ាឡេស៊ី»៕
 
 
 

Tag:
 ក្រសួងកសិកម្ម
  លោក ឌិត ទីណា
© រក្សាសិទ្ធិដោយ thmeythmey.com