កីឡាជាតិ
ជាតិ
គ្រូបង្វឹកឥណ្ឌូណេស៊ី នឹងកែប្រែកំណត់ត្រាចាញ់ ខណៈ គ្រូវៀតណាមជឿថាក្រុមនៅតែឈ្នះ
06, Jan 2023 , 2:59 pm        
រូបភាព
លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម រូបពី AFF
លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម រូបពី AFF
ក្រុមជម្រើសជាតិបាល់ទាត់វៀតណាម ត្រូវប្រកួតជាមួយឥណ្ឌូណេស៊ី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Gelora Bung Karno ប្រទេសឥណ្ឌូណេស៊ី ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022។ លោក Shin Tae-yong គ្រូជម្រើសជាតិឥណ្ឌូណេស៊ី ថានឹងកែប្រែប្រវត្តិមិនដែលឈ្នះ វៀតណាមនៅ ៥ឆ្នាំចុងក្រោយ។ ដោយឡែក លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម មិនមានប្រតិកម្មអ្វីសោះ ព្រោះយល់ថាកីឡាករខ្លួនអាចប្រកួតបានជោគជ័យ។

 
នេះ គឺជាសង្គ្រាមយុទ្ធសាស្ដ្រប្រកួតបាល់ទាត់រវាងគ្រូ ដែលមានសញ្ជាតិកូរ៉េខាងត្បូងទាំងពីរអ្នក នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ លោក Shin Tae-yong ថាក្នុងជំនួបជាមួយ វៀតណាម រយៈពេល៥ឆ្នាំចុងក្រោននេះ ឥណ្ឌូណេស៊ី មិនដែលឈ្នះសោះ ដោយបានត្រឹមតែស្មើ មួយលើកក្នុងការប្រកួត AFF  Championship  ឆ្នាំ២០២១ ក្នុងលទ្ធផល ០-០។ 
 

លោក Shin Tae-yong គ្រូជម្រើសជាតិឥណ្ឌូណេស៊ី រូបពី AFF Mitsubishi Electric Cup 2022
 
គ្រូជម្រើសជាតិឥណ្ឌូណេស៊ី រូបនេះ បាននិយាយដូច្នេះថា៖«ក្រុមឥណ្ឌូណេស៊ីឥឡូវនេះ គឺខុសគ្នាពីមុន។ ខ្ញុំ គិតថាយើងគួរតែកុំគិតពីលទ្ធផលក្នុងអតីតកាល ហើយយើងគួរតែគិតពីការដោះស្រាយបញ្ហាកូវីដ-១៩ និងរឿងផ្សេងៗទៀត។ ក្រុមយើង បានរៀបចំខ្លួន បានយ៉ាងល្អ។ ២ ទៅ៣ថ្ងៃនេះ ក្រុមរបស់យើង បានហ្វឹកហាត់យ៉ាងខ្លាំង សម្រាប់ការបង្ហាញទម្រង់លេងដ៏ល្អលើទីលាន។»។
 
ក្នុងសន្និសីទសារព័ត៌មានមុនថ្ងៃប្រកួត កាលពីថ្ងៃទី៥ ខែមករា លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម ដូចជាមិនមានការព្រួយបារម្ភឡើយ ព្រោះមានជំនឿចិត្តចំពោះកូនក្រុម ម្យ៉ាងវិញទៀត ក្រុមជម្រើសជាតិវៀតណាម មិនមានកីឡាករ សំខាន់ណាមួយរបួស ឬមិនអាចចូលរួមប្រកួតឡើយ។ ទាំងនេះ ដែលជាហេតុធ្វើឲ្យគ្រូជម្រើសជាតិរូបនេះ មិនបារម្ភចំពោះការប្រកួតនេះ។ 
 
«កីឡាករទាំងអស់ គឺមានភាពធម្មតា ហើយយើងបានត្រៀមលក្ខណៈរួចជាស្រេច សម្រាប់ការប្រកួតជាមួយឥណ្ឌូណេស៊ី។»។ លោក Park Hang Seo បាននិយាយដូច្នេះ។
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ធ្វើឡើងពីរជើង ដោយការប្រកួតលើកទី១ នៅទឹកដីប្រទេសឥណ្ឌូណេស៊ី នៅកីឡដ្ឋាន Gelora Bung Karno នៅថ្ងៃទី៦ ខែមករា រីឯជំនួបទី២ នៅកីឡដ្ឋាន My Dinh ទឹកដីប្រទេសវៀតណាម៕
 
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com