កីឡាជាតិ
ជាតិ
សម្តេច ស ខេង ឱ្យលោក ឈន សារ៉ាណេ ជួយពង្រឹងក្លិបនគរបាលជាតិ ជំនួសលោក ជួន ណារិន
06, Jan 2023 , 7:59 pm        
រូបភាព
សម្តេច ស ខេង ក្នុងពីធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែមករា។
សម្តេច ស ខេង ក្នុងពីធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែមករា។
សម្តេច ស ខេង សម្រេចឱ្យលោក ឈន សារ៉ាណេ ជួយពង្រឹងក្លិបបាល់ទាត់នគរបាលជាតិឡើងវិញ ជំនួសលោក ជួន ណារិន ស្នងការខេត្តព្រះសីហនុ ដែលកំពុងរវល់បំពេញការងារ។ រដ្ឋមន្ត្រីមហាផ្ទៃ រំពឹងថា លោក ឈន សារ៉ាណេ នឹងជួយឱ្យក្រុមនគរបាលជាតិ ឡើងទៅលេងនៅលីគកំពូលវិញ។



«ក្រុមបាល់ទះក្រសួងមហាផ្ទៃបានមេដាយមាស ប៉ុន្តែក្រុមបាល់ទាត់នៅលីគលំដាប់ទី២ទៅវិញ។ ប្រធានដឹកនាំលោកជួន ណារិន នៅកំពង់សោមឯណោះ គ្មានពេលដឹកនាំក្រុមទេ ដូច្នេះសម្រេចឱ្យលោក ឈន សារ៉ាណេដឹកនាំជំនួសវិញ»។ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ប្រកាសបែបនេះក្នុងពីធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ក្រសួងមហាផ្ទៃ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមករា។
 
ការប្តូរតំណែងដោយដាក់លោក សារ៉ាណេ ជំនួសតំណែងអ្នកចាត់ការថ្មីនគរបាលជាតិ ដោយសារសម្តេច ស ខេង ចង់ឱ្យក្រុមពង្រឹងខ្លួនដើម្បីទៅលីគកំពូលវិញ ដ្បិតសម្តេចមើលឃើញថាលោក ជួន ណារិន រវល់ការងារនៅខេត្តព្រះសីហនុ មិនមានពេលគ្រប់គ្រាន់ដឹកនាំក្រុម។ 
 
សម្រាប់តំណែងអ្នកចាត់ការក្រុមនគរបាលជាតិថ្មី សម្តេច ស ខេង ជឿជាក់លើលោក សារ៉ាណេ ដោយសារលោកធ្លាប់ជាកីឡាករបាល់ទាត់ផងដែរ។
 
ក្រុមនគរបាលជាតិ ដែលធ្លាប់ជាជើងឯងលីគកំពូលកម្ពុជាឆ្នាំ២០០០ និង ហ៊ុន សែន ខាប់ ឆ្នាំ២០១៤ បច្ចុប្បន្នស្ថិតនៅលីគកម្រិតទី២កម្ពុជា Cambodian League 2 ដោយរដូវកាលមុនពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្រុមនគរបាលជាតិ មានឱកាសប្រកួតជម្រុះ play-off ដើម្បីប្រជែងកៅអីឡើងទៅលេងលីគកំពូល Cambodian Premier League នៅរដូវកាលក្រោយ។
 
នៅក្នុងកម្មវិធីសំណេះសំណាលនេះដែរ សម្តេច ស​ ខេង ក៏ចេញវិធានការលើអត្តពលិកក្រសួងមហាផ្ទៃ ដែលធ្វើតេស្តរកឃើញមានសារធាតុញៀន នឹងមិនអនុញ្ញាតិឱ្យចូលរួមប្រកួត ឬហ្វឹកហាត់ឡើយ និងឈានដល់ដកឈ្មោះជាកីឡាករ កីឡាការិនីរបស់ក្រសួងមហាផ្ទៃតែម្តង៕
 

Tag:
 នគរបាលជាតិ
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com