កីឡាជាតិ
ជាតិ
កីឡាករ ជា លីឃៀង៖​ខ្ញុំសប្បាយចិត្ត ដែលកម្មវិធីប្រកួតម៉ូតូ Cross មាននៅកម្ពុជា
07, Jan 2023 , 11:29 am        
រូបភាព
កីឡាករប្រណាំងម៉ូតូជម្រើសជាតិកម្ពុជា ជា លីឃៀង(ឆ្វេង) កាលប្រកួតនៅកូរ៉េខាងត្បូង។ រូបពី ជា លី ឃៀង
កីឡាករប្រណាំងម៉ូតូជម្រើសជាតិកម្ពុជា ជា លីឃៀង(ឆ្វេង) កាលប្រកួតនៅកូរ៉េខាងត្បូង។ រូបពី ជា លី ឃៀង
ដោយ:
«ខ្ញុំសប្បាយចិត្តដែលមានវិញ្ញាសាម៉ូតូភ្នំ (Cross) នឹងកើតឡើងនៅកម្ពុជា»។ កីឡាករប្រណាំងម៉ូតូជម្រើសជាតិកម្ពុជា ជា លីឃៀង ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ តាមរយៈសារអេឡិចត្រូនិកហ្វេសប៊ុក ដោយលោកមើលឃើញថា ការបង្កើតឱ្យមានកម្មវិធីប្រកួតម៉ូតូភ្នំ ជាកត្តាធ្វើឱ្យមានធនធានកីឡាករកម្ពុជាកើនឡើង។

 
ការប្រកួតកីឡាម៉ូតូភ្នំ ជ្រើសរើសជើងឯកឆ្នាំ២០២៣ (12 Motor Park Enduro Cross Challenge2023) នឹងចាប់ផ្តើមនៅថ្ងៃទី១៣-១៥ ខែមករា នៅខេត្តមណ្ឌលគីរី ដោយមានកីឡាករចូលរួមប្រកួតចំនួន៨០នាក់ មកពីបណ្តាប្រទេសមួយចំនួនដូចជាម្ចាស់ផ្ទះកម្ពុជា កូរ៉េខាងត្បូង វៀតណាម និងថៃ​ជាដើម។
 
ក្នុងនោះដែរកីឡាករជម្រើសជាតិកម្ពុជា ជា លីឃៀង ក៏ជាអត្តពលិកមួយរូបដែលនឹងត្រូវចូលរួមប្រកួតផងដែរ។ សម្រាប់ការបង្កើតឱ្យមានកម្មវិធីប្រកួតកីឡាម៉ូតូភ្នំ នេះដែរ លោក ជា លីឃៀង ពិតជាសប្បាយចិត្តដែលនៅកម្ពុជាមានវិញ្ញាសាប្រណាំងម៉ូតូប្រភេទ Cross នេះឡើង ដើម្បីជាការដកស្រង់បទពិសោធថ្មីមួយសម្រាប់កីឡាករកម្ពុជា។
  

 កីឡាករជម្រើសជាតិកម្ពុជា ជា លីឃៀង ហ្វឹកហាត់នៅខេត្តមណ្ឌលគីរីនាពេលកន្លងមក។ រូបពី ជា លីឃៀង
 
កីឡាករ ជា លី ឃៀង និយាយថា៖«សម្រាប់ខ្ញុំពិតជាសប្បាយចិត្តដែលមានវិញ្ញាសាម៉ូតូ Cross នេះនៅកម្ពុជា។ បើនិយាយទៅនៅប្រទេសដទៃគេមានយូរហើយ ដោយឡែកប្រទេសយើងទើបតែមាន អ៊ីចឹង!គឺថ្មីសម្រាប់យើង ហើយក៏ល្អសម្រាប់កីឡាករជាតិយើងដែលបានព្យាយាមទាំងអស់គ្នា មានក្រុមហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាព»។
 
គួររំឮកផងដែរថា កីឡាករ ជា លីឃៀង ជាកីឡាករជម្រើសជាតិកម្ពុជា ដែលបានទៅចូលរួមប្រកួតកម្មវិធីប្រណាំងម៉ូតូ Extreme Enduro SANLIM Husqvarna Championship 2022 នៅប្រទេសកូរ៉េខាងត្បូង ដោយទទួលបានចំណាត់ថ្នាក់លេខ១៦ ក្នុចំណោមកីឡាករចូលរួមប្រកួត១០០នាក់៕
 

Tag:
 កីឡាម៉ូតូ
 ជា លីឃៀង
© រក្សាសិទ្ធិដោយ thmeythmey.com