ជាតិ
អាជ្ញាធរអនុញ្ញាតក្រុមលោក ខឹម វាសនា យកស្បៀងចូល តែស្នើឲ្យប្រញាប់រំសាយដើម្បីក្មេងបាន​ចូលរៀន
07, Jan 2023 , 12:43 pm        
រូបភាព
ពលរដ្ឋបានចាកចេញពីចម្ការលោក ខឹម វាសនា ត្រឡប់ទៅផ្ទះវិញនាថ្ងៃទី៣១ សីហា ឆ្នាំ២០២២។
ពលរដ្ឋបានចាកចេញពីចម្ការលោក ខឹម វាសនា ត្រឡប់ទៅផ្ទះវិញនាថ្ងៃទី៣១ សីហា ឆ្នាំ២០២២។
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបកាលពីពេលថ្មីៗនេះ បានអនុញ្ញាតតាមការស្នើរបស់ក្រុមលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដើម្បីបានដឹកស្បៀងអាហារចូលចម្ការ ផ្គត់ផ្គង់អ្នករស់នៅទីនោះ ដែលកន្លងមកអាជ្ញាធរមានការរិតត្បិត។ អាជ្ញាធរអះអាងថា ការអនុញ្ញាតនេះយោងលើស្មារតីមនុស្សធម៌ តែក៏មានលក្ខខណ្ឌឱ្យថ្នាក់ដឹកនាំគណបក្សមួយនេះ បញ្ចុះបញ្ចូលឱ្យសមាជិករំសាយការជួបជុំ និងបាននាំកូនៗទៅចូលរៀនវិញផងដែរ។

 
នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានឱ្យដឹងថា មានមនុស្សប្រមាណពី៧០០​ទៅមួយពាន់ទៀត កំពុងបន្តស្នាក់នៅក្នុងជំរំជើងភ្នំគូលែន នាឃុំត្បែង ស្រុកបន្ទាយស្រី។ លោកបន្តថា​ ក្នុងចំណោមនោះមានកុមារប្រមាណខ្ទង់១០០នាក់ផងដែរ។ 
 
«ការអនុញ្ញាតនេះជាការស្នើសុំរបស់លោក នី ចាន់ពិនិត្យ ជាម្ចាស់ទីតាំង ណាមួយមនុស្ស​របស់គាត់រស់នៅទីនោះច្រើន អ៊ីចឹងក៏ជាការយល់យោគរបស់អាជ្ញាធរដែរ ហើយមានការស្នើសុំផ្ទាល់ គាត់បានដាក់លិខិតស្នើសុំ ប៉ុន្តែករណីនេះយើងបានប្រជុំជាមួយគាត់​ច្រើនលើក​ច្រើនដងដែរ ពាក់ព័ន្ធនឹងការចុះទៅពិនិត្យ ការស្រង់ស្ថិតិអី គាត់ក៏ធ្វើការ​ជាមួយខាងយើងដែរ»។ នេះជាការបញ្ជាក់ ពីលោក លី វណ្ណៈ។
 
នៅពេលសួរថា តើការអនុញ្ញាតនេះវាជាការលើកទឹកចិត្តឱ្យមានការបន្តប្រមូលផ្ដុំមនុស្សរស់នៅក្នុងជំរំ របស់លោក ខឹម វាសនា ឬយ៉ាងណានោះ លោក លី វណ្ណៈ បកស្រាយថា អាជ្ញាធរខេត្តបានចងលក្ខខណ្ឌ ច្បាស់លាស់ជាមួយថ្នាក់ដឹកនាំ LDP ពាក់ព័ន្ធនឹងការងារមួយចំនួន ដែលលោកមិនបានបញ្ជាក់ច្បាស់ទេ ជាពិសេសឱ្យពួកគេបញ្ចុះបញ្ចូល អាណាព្យាបាលឱ្យនាំកូនៗទៅសាលារៀន។ 
 
ពាក់ព័ន្ធករណីនេះ នាយករដ្ឋបាលខេត្តសៀមរាប រៀបរាប់ថា៖« តួលេខក្មេងរស់នៅក្នុងជំរំ នៅមានខ្ទង់រយនាក់ដែរ ដ្បិតជាសិទ្ធិរបស់អាណាព្យាបាល ប៉ុន្តែក្នុងនាម អាជ្ញាធរយើងបារម្ភពាក់ព័ន្ធ​នឹងអនាគតរបស់ក្មេងៗទាំងអស់ហ្នឹង តែក្នុងនោះឪពុកម្ដាយទាំងអស់ គាត់ប្រាប់ថាបាន​ព្យាយាមបង្រៀនកូនគាត់ដែរ ប៉ុន្តែនោះមិនមែនជាស្ដង់ដាដែលយើងចង់បានទេ»។
 
នៅចុងខែ សីហា ឆ្នាំ២០២២ លោក ខឹម វាសនា បានប្រកាសឱ្យអ្នកជឿលើលោក ប្រញាប់ទៅ ចម្ការរបស់លោកនៅជើងភ្នំគូលែន ដើម្បីគេចផុតពីការលិចលង់​ដោយគ្រោះធម្មជាតិ​។ លោក ខឹម វាសនា ដែលតាំងខ្លួនថាព្រះព្រហ្ម បានអះអាងថា​ រយៈពេលដ៏ខ្លីនោះ ទឹកនឹងជន់លិចពិភពលោក ហើយមានតែចម្ការលោកទេ ដែលអាចសង្រ្គោះជីវិតមនុស្សលោកបាន។ មនុស្សម្នាជាច្រើន ទាំងក្នុងស្រុក  និងក្រៅស្រុកផង ដោយទាំងពលករនៅកូរ៉េខាងត្បូងផង បានបោះបង់ការងារចោល  ដោយមិនបានចូលផ្ទះទេ  ប្រមែប្រមូលសមាជិកគ្រួសារ សំដៅមករកចម្ការលោក ខឹម វាសនា នាស្រុកបន្ទាយស្រីយ៉ាងប្រញាប់បំផុត។ 
 
នៅពេលនោះ មនុស្សខ្នង់២ម៉ឺននាក់ ត្រូវបានគេបញ្ជាក់ថា បានប្រមូលផ្ដុំក្នុងជំរំចម្ការលោក ខឹម វាសនា ដោយពួកគេបោះជាតង់ ស្នាក់នៅ ហូបចុករួមគ្នា។ ទោះមានការទទូចស្នើឱ្យរាជរដ្ឋាភិបាលរំសាយពួកគេ យ៉ាងណាក្ដី តែរាជរដ្ឋាភិបាលបានឆ្លើយតបថា សកម្មភាពទាំងនោះមិនមានចេតនា ផ្ដួលរំលំរដ្ឋាភិបាលឡើយ ហើយពលរដ្ឋខ្មែរមានសិទ្ធិជឿសាសនាដែលពួកគេយល់ថាត្រូវ។ 
 
ទោះមិនបានរំសាយ តែអាជ្ញាធរបានដាក់កម្លាំងជុំវិញនោះ ដោយបិទខ្ទប់មិនឱ្យមានមនុស្សចូលបន្ថែម ទៀត។ មកដល់ពេលនេះ កម្លាំងមួយចំនួន បន្តដាក់យាមកាមនៅច្រកចេញចូលចម្ការខាងលើ។
 
ទោះយ៉ាងនេះក្ដី អាជ្ញាធរបានបង្ហាញក្ដីបារម្ភជាខ្លាំងចំពោះការអូសបន្លាយស្នាក់នៅក្នុងជំរំដាច់ពីសង្គម ដែលក្រុមលោក ខឹម វាសនា បានជ្រើសរើស។ ក្ដីបារម្ភនោះ គឺអនាគតកុមារដែលមកតាម​អាណាព្យាបាល និងអនាម័យរស់នៅរបស់ពួកគេ។
 
លោក លី វណ្ណៈ«៖ យើងនៅតែអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិតវិញ មិនមែនមិនឱ្យគាត់ជឿសាសនាទេ ឱ្យជឿ ប៉ុន្តែមានកម្រិតក្នុងការជឿ យើងមិនអាចផ្តេកផ្តួល​ទៅលើ​សាសនា ដោយមិនធ្វើអ្វីសោះ ដោយរង់ចាំតែព្រេងវាសនានោះទេ។ ហើយទី២ អនាគតកូនៗបន្ត បើយើងរស់នៅ តើអាចរស់នៅ២០ ឬ៣០ឆ្នាំនៅទីនោះឬអត់ ហើយក្មេងៗត្រូវការធំ ត្រូវការសិក្សា»។
 
ជាមួយនឹងការទទូចបែបនេះ អាជ្ញាធរក៏រំពឹងថា សហគមន៍នឹងមិនរើសអើងសមាជិករបស់លោក ខឹម វាសនា ដែរ នៅពេលដែលពួកគេសម្រេចវិលត្រឡប់ទៅភូមិឋានវិញ៕
 
 
 
 

Tag:
 ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com