កីឡាអន្តរជាតិ
អន្តរជាតិ
AFF Cup វគ្គ១/២ ជើងទី១៖ សំបុត្រទស្សនា ម៉ាឡេស៊ី-ថៃ លក់អស់ ៥៩ ០០០សន្លឹក ត្រឹមរយៈពេលមួយថ្ងៃ
07, Jan 2023 , 2:29 pm        
រូបភាព
ម្ចាស់ជើងឯកឆ្នាំ២០១០ ម៉ាឡេស៊ី ត្រូវប្រកួតជាមួយ ជម្រើសជាតិថៃ ក្រុមការពារតំណែងជើងឯក នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៃព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នៅកីឡដ្ឋានជាតិ Bukit Jalil នៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០ យប់។ ការប្រកួតនេះ នឹងមានអ្នកចូលរួមទស្សនាច្រើន ព្រោះសំបុត្រទស្សនា​ ប្រមាណជាង៥៩០០០កន្លែង ត្រូវបានលក់ត្រឹមតែរយៈពេល១ថ្ងៃ។

យោងតាមការផ្សាយលើវេបសាយ AFF Mitsubishi Electric Cup សំបុត្រ ៥៩០០០ ត្រូវបានអ្នកគាំទ្រទិញ ដោយមិនទាន់បានមួយថ្ងៃផង។ លោក Kim Pan-gon គ្រូជម្រើសជាតិម៉ាឡេស៊ី ចាត់ទុកចំនួនអ្នកទស្សនាច្រើននៅកីឡដ្ឋាន គឺជាកម្លាំងចិត្តគាំទ្រក្រុមជម្រើសជាតិម៉ាឡេស៊ី ឲ្យឆ្លងផុតវគ្គនេះ បើទោះជាគូប្រកួត គឺជាក្រុមការពារតំណែងជើងឯកក៏ដោយ។ គ្រូបង្វឹករូបនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៦ ខែមករា ថា៖«យើង ព្យាយាមលេងឲ្យបានល្អ នៅចំពោះមុខអ្នកគាំទ្រ, កីឡាករទាំងអស់ មោទកភាព ដែលមានកៅអីនៅវគ្គនេះ ហើយយើង ចង់ប្រើឲ្យអស់នៅសមត្ថភាព។»។


លោក Kim Pan Gon គ្រូជម្រើសជាតិម៉ាឡេស៊ី ថ្លែងក្នុងសន្និសីទសារព័ត៌មាន រូបពី AFF Mitsubishi Electric Cup

ដោយឡែក លោក Mano Polking គ្រូជម្រើសជាតិថៃ បានត្រៀមខ្លួនរួចជាស្រេច ដោយក្នុងការត្រៀមខ្លួននោះរាប់បញ្ចូលទាំង ការវិភាគទៅលើទម្រង់ យុទ្ធសាស្ដ្រប្រកួត របស់កីឡាករម៉ាឡេស៊ី និងគ្រូបង្វឹក។ គ្រូជម្រើសជាតិរូបនេះ យល់ថាកីឡាកររបស់ម៉ាឡេស៊ី គឺមានភាពវៃឆ្លាតច្រើន។ ប៉ុន្ដែជាមួយនិងភាពវៃឆ្លាតរបស់គេ លោក Mano Polking ក៏ចាំមើលការប្រកួតជាក់ស្ដែកនៅក្នុងទីលាននៅថ្ងៃទី៧ ខែមករានេះ។


លោក Mano Polking គ្រូជម្រើសជាតិថៃ ក្នុងសន្និសីទសារព័ត៌មាន រូបពី​ AFF Mitsubishi Electric Cup

គ្រូជម្រើសជាតិថៃ បានបញ្ជាក់ថានឹងមិនផ្លាស់ប្ដូ ទម្លាប់ និងទម្រង់ប្រកួតរបស់ខ្លួនទេ ប៉ុន្ដែគឺយកភាពខ្លាំងរបស់កីឡាករ និងក្រុមយយកមកប្រកួត។ លោក Mano Polking បាននិយាយដូច្នេះថា៖«ខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាឲ្យច្បាស់ថា យើង នឹងមិនលេងការពារ ឬលេងឲ្យឆ្ងាយពីអ្វី ដែលយើងធ្លាប់លេងទេ។ យើង លេងជាមួយភាពខ្លាំងរបស់យើង។»។
មុនជំនួបជើងទី១ ម៉ាឡេស៊ី និងថៃ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នានេះ ឥណ្ឌូណេស៊ី បានត្រឹមប្រកួតស្មើជាមួយ វៀតណាម ក្នុងលទ្ធផល 0-0 នៅកីឡដ្ឋាន Gelora Bung Karno។ 
គួរបញ្ជាក់ថា ការប្រកួតជើងទី២ រវាងវៀតណាម និងឥណ្ឌូណេស៊ី នឹងធ្វើទៅនៅថ្ងៃទី៩ ខែមករា នៅកីឡដ្ឋាន My Dinh ចំណែក ថៃ ត្រូវទទួលម៉ាឡេស៊ី នៅថ្ងៃទី១០ ខែមករា នៅកីឡដ្ឋាន Thammasat៕
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com