ជាតិ
សម្ដេច ទៀ បាញ់ ឱ្យសិស្សនិទ្ទេស A បន្ដប្រឹងប្រែងបន្ថែមទៀតដើម្បីជោគជ័យពិតប្រាកដ
07, Jan 2023 , 4:59 pm        
រូបភាព
សិស្សនិន្ទេសA កំពុងមើលឈ្មោះយកម៉ូតូនៅមុខរដ្ឋបាលខេត្តសៀមរាប។
សិស្សនិន្ទេសA កំពុងមើលឈ្មោះយកម៉ូតូនៅមុខរដ្ឋបាលខេត្តសៀមរាប។
 សៀមរាប៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប សម្ដេច ទៀ បាញ់ បានសាទរចំពោះភាពជោគជ័យមួយជំហានរបស់សិស្សនិទ្ទេស A  ទាំង១១១នាក់ នៅខេត្តសៀមរាប សម្រាប់ឆ្នាំ២០២២កន្លងទៅ។ យ៉ាងណា សម្ដេចជំរុញឱ្យសិស្សទាំងនោះ បន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីភាពជោគជ័យពិតប្រាកដ និងរួមចំណែកអភិវឌ្ឍន៍​ប្រទេសជាតិ។

 
នាពិធីសំណេះសំណាល និងផ្តល់រង្វាន់ជាម៉ូតូ ក៏ដូចជាប្រាក់ឧត្ថម្ភដល់សិស្សនិទ្ទេស A ទាំង១១១នាក់ (ស្រី៦១) រដ្ឋមន្រ្តីការពារជាតិលើកឡើងថា៖« ខ្ញុំមានជំនឿមុតមាំថា ​​ក្មួយៗដែលទទួលបាននិទ្ទេស A ទាំង១១១រូបនៅពេលនេះ នឹងខិតខំបន្ដសិក្សាតទៅមុខទៀត ដើម្បីទទួលបានចំណេះដឹងចំណេះធ្វើ សម្រាប់ដឹកនាំនាវាកម្ពុជាឆ្ពោះទៅការរករាល់ការអភិវឌ្ឍ ជាមួយធនធាន​របស់ក្មួយៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់បន្ដវេន កសាង ការពារ អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យឆ្លើយតប ទៅនឹងបរិបទនៃការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក»។

ទៀ បាញ់ ជូនបណ្ណសរសើរដល់សិស្សនិន្ទេសA

ជាមួយគ្នានេះ សម្ដេច ទៀ បាញ់ បានរំលឹកពីការលំបាកកាលពីសម័យសង្រ្គាម និងបានលើកពីភាព រីកចម្រើនលើវិស័យអប់រំ ដែលរាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ ក្នុងបំណងកសាង ប្រទេសជាតិ អភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនលើសកលលោក។ 
 
សម្ដេច ទៀ បាញ់៖« ពីមុនចំណាយធំបំផុតគឺវិស័យការពារជាតិ ព្រោះខ្ញុំនៅក្នុងវិស័យនេះយូរ…ឥឡូវនេះ បន្ទាប់ពីមានសន្ដិភាពពេញលេញហើយ យើងអភិវឌ្ឍន៍វិស័យជាច្រើនក្នុងនោះ អាទិភាពទាំងបួន​របស់យើង លើកវិស័យធនធានមនុស្សមកដាក់ខាង​មុខនេះ គឺរាល់ថវិកា បុកធំទៅក្រសួងអប់រំ ​យុវជន និងកីឡា»។
 



ដូចរាល់ឆ្នាំ រដ្ឋបាលខេត្តសៀមរាប បានឧបត្ថម្ភលើកទឹកចិត្តដល់សិស្សនិទ្ទេស A នូវម៉ូតូ HONDA Wave ស៊េរីចុងក្រោយម្នាក់មួយគ្រឿង រួមនិងថវិកាមួយចំនួនទៀត ដែលបានពីការចូលរួមរបស់សប្បុរសជន។ សម្ដេច ទៀ បាញ់ ក៏បានអរគុណដល់អ្នកទាំងនោះផងដែរ ដែលតែងចូលរួមតាំងពីឆ្នាំ ២០១៤មក។
 
យុវសិស្ស ធីវី នារីរចនា មកពីសាលាសុវណ្ណភូមិ រីករាយចំពោះការលើកទឹកចិត្តរបស់អាជ្ញាធរខេត្ត។ នារីរចនា ដែលត្រៀមប្រឡងចូលរៀនវេជ្ជបណ្ឌិតនៅ​សាលាវិទ្យាសាស្រ្ដសុខាភិបាល​ និយាយថា៖« ការផ្តល់រង្វាន់នេះ ជាផ្នែកមួយជួយជំរុញ​លើកទឹកចិត្តដល់អ្នកដែលខ្វះខាត ឱ្យគាត់ប្រឹងប្រែងរៀន ដូច្នេះអនាគតធនធានមនុស្សក៏រីកចម្រើនដែរ»។
 
សិស្សនិទ្ទេស A តែម្នាក់ នៃវិទ្យាល័យបាយ័ន យុវសិស្ស សែម សីលា កំពុងត្រៀមចូលរៀនផ្នែក អក្សរសាស្រ្ដ នៅសាលាភូមិន្ទភ្នំពេញ ដែលនាងជាប់អាហារូបករណ៍។ សីលា ដែលចង់ក្លាយជាគ្រូបង្រៀន បានរំលឹកពីការតស៊ូ ប្រឹងប្រែងរៀនសូត្រនាពេលកន្លងមក ក្នុងបំណងចាកចេញពីភាពក្រីក្រលំបាក ដែលគ្រួសារបានហែលឆ្លងកន្លងមក។ ភាពជោគជ័យនេះ សីលា ក៏រំពឹងថា នឹងក្លាយជាកម្រល្អដល់ ក្មេងស្រីនៅសហគមន៍ខ្លួន ដែលមិនសូវមានអ្នករៀនសូត្របានខ្ពង់ខ្ពស់ ឱ្យប្រឹងប្រែងជំនះឧបសគ្គ ដើម្បីតោងយកអនាគតដ៏ភ្លឺស្វាង។ 
 
តាមរបាយការណ៍របស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោក លី ប៊ុណ្ណា នាសម័យប្រឡងសញ្ញាបត្រទុតិយភូមិ ថ្ងៃទី៥ ធ្នូ កន្លងមក ខេត្តសៀមរាបមានអត្រាអ្នកប្រឡងជាប់សរុប ៨,១១១នាក់ (ស្រី ៤,៨៣២នាក់)។ ក្នុងចំណោមនោះ សិស្សជាប់និទ្ទេស A មានចំនួន ១១១នាក់, និទ្ទេស B ៦៥៤នាក់, និទ្ទេស C ១,៧៧៦នាក់, និទ្ទេស D ២,៨៨១នាក់ និងនិទ្ទេស E ២,៦៨៩នាក់។
 
របាយការណ៍ដដែលបង្ហាញ សិស្សជាប់និទ្ទេស A នៅខេត្តសៀមរាបកើនឡើងជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០១៤មក គឺពី ២នាក់ រហូតដល់ខ្ទង់រយនាក់៕
 
 
 
 
 
 

Tag:
 សិស្សនិទ្ទេស A
  ទៀ បាញ់
© រក្សាសិទ្ធិដោយ thmeythmey.com