ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ គ្រូពេទ្យមណ្ឌលសុខភាពស្រយ៉ូវ យកចិត្តទុកដាក់ខ្ពស់លើ​ជនមានពិការភាព​
08, Jan 2023 , 8:59 am        
រូបភាព
 ដោយ៖ ឃិន សុផល (យុវជនសង្កាត់ស្រយ៉ូវ)
ក្រុងស្ទឹងសែន, កំពង់ធំ៖ ប្រជាពលរដ្ឋមានពិការភាព ដែលរស់នៅក្នុងសង្កាត់ស្រយ៉ូវ ត្រូវបានផ្តល់ការយកចិត្តទុកខ្ព​ស់ ពីមណ្ឌលសុខភាព ទាំងការពិនិត្យនិងថែទាំសុខភាព និងការសង់ជម្រាលនៅអគារមណ្ឌលសុខភាព ដើម្បីសម្រួលដល់ការឡើងចុះរបស់ពួកគាត់។

 
​អ្នកស្រី ឡុង​ សនិកា ប្រធានមណ្ឌលសុខភាពស្រយ៉ូវ បានឱ្យដឹងថា ក្នុងមួយ​ខែ មានពលរដ្ឋដែលមានពិការភាពមកទទួលសេវា តែ២ ឬ៣នាក់ប៉ុណ្ណោះ ហើយគ្រូពេទ្យតែងតែស្វាគមន៍ និងផ្ដល់អាទិភាពដល់ពួកគាត់មុនគេ។ ទន្ទឹមនឹងនេះ ជនមានពិការភាពក៏មិនតម្រូវឱ្យបង់ថ្លៃសេវាពិនិត្យ និងព្យាបាលជំងឺនៅមណ្ឌលសុខភាពដែរ។
«ពេលអ្នកពិការទៅទទួលសេវានៅមណ្ឌលសុខភាពក្រុមគ្រូពេទ្យឱ្យអាទិភាពគាត់មុន ហើយមិនតម្រូវឱ្យពួកគាត់បង់ថ្លៃសេវានោះទេ»។ អ្នកស្រី ឡុង​ សនិកា បន្ថែមដូច្នេះ។
ក្រៅពីយកចិត្តទុកដាក់ លើការផ្តល់សេវាសុខភាពនៅមណ្ឌលសុខភាពស្រយ៉ូវ ក៏មានជម្រាលសម្រាប់ជនមានពិការភាពចំនួន១ផងដែរ ដើម្បីសម្រួលការមកការមកទទួលសេវាសុខភាសម្រាប់ប្រធានមណ្ឌលសុខភាពរូបនេះ ជម្រាលជនពិការមានអត្ថប្រ​យោ​ជ​ន៍​ ច្រើន ដល់អ្នកមានពិការភាព ជាពិសេសអ្នកដែលពិការជើង ​ងាយស្រួលជិះរទេះរុញឡើងចុះ ពេលទៅទទួលសេវា និងប្រើប្រាស់បន្ទប់ទឹកជាដើម។ ​​
 
អ្នកស្រី ឡុង សនិកា ប្រធានមណ្ឌលសុខភាពស្រយ៉ូវ។

យ៉ាងណាក៏ដោយ ប្រធានមណ្ឌលសុខភាពរូបនេះ ចង់បានជម្រាលបន្ថែមទៀត នៅបន្ទប់ទឹក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកមានពិការភាព និងអ្នកមានផ្ទៃពោះ និងចាស់ជរាផងដែរ។ «​ជម្រាលនេះ មិនគ្រប់គាន់សម្រាប់ការប្រើប្រាស់របស់អ្នកពិការនោះទេ​។ ជម្រាលមាននៅខាងមុខមណ្ឌលចំនួនមួយ តែនៅបន្ទប់គ្មានជម្រាលជនពិការ ដូច្នេះ ធ្វើឱ្យអ្នកពិការពិបាកឡើងចុះ ពេលទៅបន្ទប់ទឹក»។ អ្នកគ្រូពេទ្យ ឡុង សនិកា បន្ថែមដូច្នេះ ដោយបានបញ្ជាក់ពីការតាំងចិត្តរបស់ខ្លួន ​ក្នុងការផ្ដល់សេវាឱ្យពលរដ្ឋដែលមានពិការភាព ដែលទៅទទួលនៅក្នុងមណ្ឌលសុខភាពស្រយ៉ូវ និងយកចិត្តទុកដាក់ទៅលើពួកគេ ដូចជាប្រជាពលរដ្ឋទូទៅ ព្រមទាំងគ្មានការរើសអើងនោះទេ៕
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់ សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 

Tag:
 ជនមានពិការភាព
  សុខាភិបាល
  មណ្ឌលសុខភាពស្រយ៉ូវ
© រក្សាសិទ្ធិដោយ thmeythmey.com