ជាតិ
ផ្សោត នឹងផុតពូជនៅទន្លេមេគង្គកម្ពុជា​ បើបទល្មើសនេសាទខុសច្បាប់នៅតែមាន
08, Jan 2023 , 10:59 am        
រូបភាព
 សត្វផ្សោតទី១១ បានបាត់បង់ជីវិតក្នុងឆ្នាំ២០២២ ដោយសារជាប់មងរបស់អ្នកនេសាទខុសច្បាប់។ រូបថត៖ WWF Cambodia
សត្វផ្សោតទី១១ បានបាត់បង់ជីវិតក្នុងឆ្នាំ២០២២ ដោយសារជាប់មងរបស់អ្នកនេសាទខុសច្បាប់។ រូបថត៖ WWF Cambodia
នៅទន្លេមេគង្គកម្ពុជា ផ្សោត ប្រមាណ៧០ភាគរយ មានអាយុជាង២០ឆ្នាំ ដែលជាអាយុប្រឈមនឹងគ្រោះថ្នាក់។ អ្នកជំនាញ បានកំណត់អាយុផ្សោតចន្លោះពី ២៧ឆ្នាំ ទៅ៣០ឆ្នាំ ប៉ុណ្ណោះ។ កន្លងមក ផ្សោត ដែលបានបាត់បង់ជីវិត សុទ្ធតែជាផ្សោតពេញវ័យ។

 
ជារឿងគួរឱ្យសោកសង្រេងបំផុត ផ្សោតចំនួនបី បានបាត់បង់ជីវិតក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយ កាលពីឆ្នាំ២០២២។​ ក្នុងឆ្នាំ២០២២ សត្វផ្សោតសរុបចំនួន ១១ក្បាលបានស្លាប់ និងរយៈពេល៣ឆ្នាំចុងក្រោយនេះ សត្វផ្សោតចំនួន២៩ក្បាល បានស្លាប់។ ហេតុអ្វីការពារជីវិតផ្សោតពិបាកម្ល៉េះ?


ទេសចរអន្តរជាតិ កំពុងរងចាំទស្សនាសត្វផ្សោតនៅអន្លង់ផ្សោតកាំពីក្នុងខេត្តក្រចេះ។ អន្លង់ផ្សោតកាំពី ជាទីជម្រកសត្វផ្សោតធំមួយ នៅទន្លេមេគង្គកម្ពុជា។

ជីវិតសត្វផ្សោត ភាគច្រើនត្រូវបានមង និងឧបករណ៍នេសាទខុសច្បាប់ សម្លាប់។ ក្រុមអ្នកនេសាទខុសច្បាប់ បានបន្សល់ទុកមង ដែលកំពុងបំផ្លាញជីវិតសត្វផ្សោតនៅទន្លេមេគង្គកម្ពុជា។ ហេតុអ្វីផ្សោតសំខាន់? ផ្សោតនៅទន្លេមេគង្គ ជាចលករយ៉ាងសំខាន់ក្នុងទាក់ទាញទេសចរជាតិ ជាពិសេសទេសចរអន្តរជាតិ។ ប្រសិនបើគ្មានវត្តមានផ្សោតនៅទន្លេមេគង្គដ៏ស្រស់ស្អាតរបស់កម្ពុជា ប្រាកដណាស់ អ្នកបម្រើវិស័យទេសចរណ៍ នឹងជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។ 
 
បញ្ហាដដែល កំពុងបន្តគំរាមកំហែងជីវិតផ្សោត
 
ការនេសាទ ដោយប្រើប្រាស់មងតូចៗ គឺជាឃាតករធំបំផុតក្នុងការសម្លាប់សត្វផ្សោត។ ការប្រើមងនេសាទច្រើនលើសលុប ក៏ធ្វើឱ្យត្រីនៅដងទន្លេមេគង្គ ធ្លាក់ចុះជាងមុន។ ការនេសាទ ដោយប្រើឧបករណ៍ឆក់ខុសច្បាប់ ក៏អាចសម្លាប់សត្វផ្សោតយ៉ាងលឿនបំផុត។


ផ្សោតមួយក្បាល កំពុងបង្ហាញខ្លួនក្នុងអន្លង់ផ្សោតកាំពី ក្នុងខេត្តក្រចេះ។ ទីនេះ ជាកន្លែងមើលផ្សោតពេញនិយមជាងគេនៅកម្ពុជា។ រូបថត៖ សែម វណ្ណា

លើសពីនេះ ទំនប់វារីអគ្គីសនីដងទន្លេមេគង្គ ក៏បានប៉ះពាល់ដល់ជម្រកសត្វផ្សោតផងដែរ។ ឧបករណ៍​ឆក់ គ្រាប់បែក​កែច្នៃ នុយ​នេសាទ​បំពុល និង​សកម្មភាព​ទេសចរណ៍ និង​បណ្តា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​កំពុង​សាងសង់​នៅដងទន្លេមេគង្គ សុទ្ធតែប៉ះពាល់ដល់ជីវិតសត្វផ្សោត។ 
 
លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានថ្លែងថា៖ «ការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះ នឹងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ»។ 
 
វិធានការគ្មានប្រសិទ្ធភាពនាពេលកន្លងមក

កន្លងមក មន្រ្តីជំនាញ អង្គការក្រៅរដ្ឋាភិបាល និងអ្នកបម្រើវិស័យទេសចរណ៍ បានអំពាវនាវឱ្យមានវិធានការបន្ទាន់ ដើម្បីទប់ស្កាត់បទល្មើសនេសាទក្នុងទន្លេមេគង្គ។ ប៉ុន្តែការអំពាវនាវទាំងនេះ គ្មានប្រសិទ្ធភាពទេ។ សត្វផ្សោត បន្តបាត់បង់ជីវិតក្នុងចំនួនច្រើន ជាងផ្សោតកើតថ្មី។ 
 
កាលពីថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ២០២២ សត្វផ្សោត ដែលមានសុខភាពល្អមួយក្បាល បានស្លាប់អណ្តែតនៅតំបន់ក្បែរកោះទ្រង់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ។ អ្នកជំនាញ បានអះអាងថា សត្វផ្សោតនេះ បានបាត់បង់ជីវិតដោយសារ រមួលខ្លួនជាប់នឹងសន្ទូចរនង។ លើសពីនេះ សត្វផ្សោតបីក្បាល ត្រូវបានបាត់បង់ពីទន្លេមេគង្គកម្ពុជា ត្រឹមរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ​។ 


លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា ចាត់ទុកផ្សោតរបស់កម្ពុជា អាចនឹងផុតពូជ បើគ្មានវិធានការតឹងរឹងជាងបច្ចុប្បន្ន។

អង្គការ WWF ប្រចាំកម្ពុជា បានចាត់ទុកការបាត់បង់ជីវិតផ្សោតក្នុងចំនួនដ៏ច្រើនប្រចាំឆ្នាំ២០២២ ស្ថិតក្នុងការប្រកាសអាសន្ន។ WWF ប្រចាំកម្ពុជា ចង់ឲ្យមានវិធានការខ្លាំងក្លាឡើងសម្រាប់ពង្រឹងការអនុវត្តច្បាប់ជាបន្ទាន់នៅក្នុងតំបន់ជម្រកសត្វផ្សោត។
 
អង្គការ WWF ប្រចាំកម្ពុជា ចាត់ទុកការស្លាប់របស់សត្វផ្សោតវ័យបន្តពូជទាំងបីក្បាល បន្តបន្ទាប់ក្នុងរយៈពេលមិនដល់១០ ថ្ងៃនេះ ជាសារយ៉ាងច្បាស់មួយដល់អាជ្ញាធរទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់។ វាជាពេលចាំបាច់បំផុត ដើម្បីបង្កើនវត្តមានមន្ត្រីសម្រាប់ការពង្រឹងការអនុវត្តច្បាប់នៅក្នុងជម្រកសត្វផ្សោតសំខាន់ៗទាំងអស់។ 
 
លោក សេង ទៀក ផ្ដល់យោបល់ដូច្នេះ៖ «មិនមានជម្រើសផ្សេងទៀតទេ ក្រៅពីការអនុវត្តច្បាប់ដោយតឹងរ៉ឹង ជាបន្ទាន់ ដើម្បីបញ្ឈប់ទាំងស្រុងនូវសកម្មភាពខុសច្បាប់គ្រប់ទម្រង់នៅក្នុងតំបន់ដែលសត្វផ្សោតរស់នៅ»។
 
បញ្ជាពីនាយករដ្ឋមន្រ្តី

ករណីផ្សោតងាប់បី ត្រឹមរយៈពេលមួយសប្ដាហ៍នេះ ត្រូវបាននាយករដ្ឋមន្រ្តី លូកដៃចូល ក្នុងកិច្ចការអភិរក្ស ដោយសារមន្រ្តីថ្នាក់ក្រោម ការពារ និងចេញវិធានការ មិនបានផល។ សម្ដេច ហ៊ុន សែន រំលឹកអភិបាលខេត្តក្រចេះ និងស្ទឹងត្រែង បង្កើនការយក​ចិត្តទុកដាក់លើផ្សោតជាងមុន។ 
 
«ត្រូវ​អភិរក្សពេញទីដោយគ្មាន​ការលើកលែង! ត្រូវមាន​របៀបរៀបរយ​ឲ្យ​បាន​ល្អ!»។ ប្រមុខ​រដ្ឋាភិបាល​បានបញ្ជាក់បែបនេះ ទៅអភិបាល​ខេត្តក្រចេះ និងស្ទឹងត្រែង ដោយមិន​ត្រូវពឹងផ្អែក​តែលើ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទនោះឡើយ។ 



សម្តេច ហ៊ុន សែន ​បាន​ណែនាំ​ទៅ​អភិបាល​ខេត្ត​ទាំងពីរ ឲ្យ​រៀបចំកំណត់​តំបន់ស្នូលអចិន្ត្រៃយ៍ ដោយ​ហាម​ឃាត់​ការ​នេសាទ ការ​ដាក់​មង​ និង​ការរំខានផ្សេងៗ ឲ្យបាន​១០០ភាគរយ រួមទាំងការកំណត់​តំបន់ស្នូល​ផ្សេងទៀត ទៅ​តាម​ស្ថានភាពទឹក​ឡើង​ និងទឹកចុះ។
 
 ក្រោយនាយករដ្ឋមន្រ្តី បានបញ្ជាផ្ទាល់ទៅកាន់អភិបាលខេត្តទាំងពីរ លោក សេង ទៀក បានអបអរសាទរ និងគាំទ្រអនុសាសន៍របស់សម្ដេច ស្តីពីការបង្កើតតំបន់អភិរក្សស្នូលអចិន្ត្រៃយ៍ និងតំបន់អភិរក្សស្នូលតាមរដូវកាល ក្នុងតំបន់ដែលមានផ្ទៃក្រឡាប្រវែង ១៨០ គីឡូម៉ែត្រ នៃទន្លេមេគង្គកម្ពុជា។»
 
លោក សេង ទៀក ប្រាប់ ThmeyThmey25 ដូច្នេះ៖ «អង្គការ WWF បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវថនិកសត្វទឹកសាបជិតផុតពូជបំផុតមួយប្រភេទនេះ និងក្នុងការអនុវត្តនូវប្រសាសន៍ណែនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី»។ 
បើតាមអង្គការ WWF រដូវប្រាំងចាប់ពីខែធ្នូដល់ខែឧសភា គឺជាអំឡុងពេលមួយដ៏ចាំបាច់ត្រូវមានការផ្តោតការយកចិត្តទុកដាក់ការពារ។ នៅពេលទឹកស្រក សត្វផ្សោត និងត្រីមកប្រមូលផ្តុំគ្នារស់នៅ និងចេញរកស៊ីនៅក្នុងតំបន់អន្លង់ទឹកជ្រៅនៃតំបន់អភិរក្សសត្វផ្សោត។ ហេតុដូចនេះហើយ ទើបធ្វើឱ្យផ្សោតងាយរងគ្រោះយ៉ាងខ្លាំងដោយការនេសាទខុសច្បាប់។ 
 
លោក សេង ទៀក បានសង្កត់ធ្ងន់ដូច្នេះ៖ «ប្រសិនបើស្ថានភាពវិបត្តិនេះនៅតែបន្តកើតឡើងទៀត ចំនួនសត្វផ្សោតអាចប្រឈមនឹងការបាត់បង់ទាំងស្រុងនាពេលខាងមុខនេះមិនខាន»។ 
 
ដើម្បីបញ្ឈប់សកម្មភាពទាំងនេះ មន្ត្រីឆ្មាំទន្លេ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ត្រូវមានវត្តមានរយៈពេល ២៤ ម៉ោងមួយថ្ងៃ ក្នុងសប្តាហ៍នីមួយៗដោយទៀងទាត់។ មន្រ្តីឆ្មាំ ត្រូវចុះល្បាតទាំងថ្ងៃទាំងយប់នៅក្នុងតំបន់សត្វផ្សោត៕ 
 
 
 
 
 

Tag:
 ផ្សោត
  ផ្សោតទន្លេមេគង្គ
  ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com