កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់ទាំង ១០ ដែលជាមិត្តល្អនឹងគ្នាទាំងក្នុង និងក្រៅទីលាន
08, Jan 2023 , 10:29 pm        
រូបភាព
រឿងរ៉ាវក្នុងពិភពកីឡាបាល់ទាត់ដ៏អស្ចារ្យ មិនមានតែក្នុងការប្រកួតនោះទេ ប៉ុន្តែក៏ទាក់ទងនឹងមិត្តភាពជិតស្និទ្ធរវាងកីឡាករផងដែរ។ កីឡាករនៅតាមក្លិបមួយចំនួនបានបង្ហាញពីភាពរីករាយរបស់ពួកគេមិនថានៅក្នុងពេលបំពេញការងារទាំងក្នុងទីកន្លែងហ្វឹកហាត់ ទីលានប្រកួត និងក្រៅទីលានជាដើមជាមួយមិត្តភក្កិដ៏ជិតស្និតក្នុងក្លិបតែមួយ ឬបើទោះបីជាស្ថិតនៅក្លិបផ្សេងគ្នាក៏ដោយក្តី។

បច្ចុប្បន្នយើងបានដឹងបានឮអំពីកីឡាករជាច្រើនដែលជាគូប្រជែងនៅលើទីលាន​ ប៉ុន្តែមិនច្រើននោះទេដែលទំនាក់ទំនងទាំងនោះនៅខាងក្រៅទីលានត្រូវបានរសាត់ឆ្ងាយដោយសារការប្រកួតប្រជែង។ ទោះជាយ៉ាងនេះ តើអ្វីទៅដែលនាំឱ្យកីឡាករមានទំនាក់ទំនងរាប់អានគ្នាជិតស្និទ្ធទាំងក្នុងនិងក្រៅទីលាន? 
ជាការពិតណាស់មិត្តភាពក្នុងនិយមន័យនេះគឺសំដៅលើកីឡាករដែលមានទំនាក់ទំនងល្អជាមួយគ្នាមិនថារួមអាជីពនៅក្រុមតែមួយ ឬក៏ស្ថិតនៅក្រុមផ្សេងគ្នាឡើយ ប៉ុន្តែការរាប់អានមិនដែលចាកចោលគ្នាម្តងណាឡើយ។ 
មិនត្រឹមតែប៉ុណ្ណោះក្នុងវិស័យបាល់ទាត់តែងតែមានគូប្រជែងរវាងមិត្តរួមក្រុមដូចគ្នាលើកត្តាគ្រប់យ៉ាងដូចជាមុខជំនួញ និងកីឡា ប៉ុន្តែមានមិត្តភាពខ្លះក្នុងបាល់ទាត់មិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ។ 
ខាងក្រោមនេះគឺជាកីឡាករទាំង ១០ ដែលជាមិត្តល្អនឹងគ្នាបំផុតគិតត្រឹមឆ្នាំ ២០២៣ នេះ៖
១. Kylian Mbappe និង Achraf Hakimi គឺជាមិត្តរួមក្រុមនិងមានមិត្តភាពដ៏ល្អនៅក្លិប Paris Saint Germain ដោយកីឡាករទាំងពីរនេះប្រៀបបានទៅនឹងបងប្អូនដែលរាប់អានគ្នាលាយឡំជាមួយមនោសច្ចេតនានៃការរាប់អានដ៏ស្និទ្ធស្នាល់ជាងកីឡាករណាទាំងអស់ក្នុងក្រុមរបស់ពួកគេ។ បើទោះបីជាប្រជែងគ្នានៅ World Cup ប៉ុន្តែមិត្តភាពនៅតែមិនប្រែប្រួលសម្រាប់កីឡាករទាំងពីរ ហើយមួយរយៈពេលចុងក្រោយនេះពួកគេបានទៅចំណាយពេលសម្រាកលំហែរនៅប្រទេសអាម៉េរិក ក្នុងទីក្រុងញូវយ៉ក។
 
២. Cristiano Ronaldo និង Marcelo Vieira ផ្តើមពីការរាប់អានគ្នានៅក្នុងក្លិប Real Madrid កីឡាករទាំងពីរនេះបានបង្កើតបានមិត្តភាពដ៏ជិតស្និទ្ធក្នុងក្រុមជាជាងកីឡាករណាទាំងអស់។ មិត្តភក្កិជិតស្និទ្ធទាំងពីរបានចែករំលែកគ្នាពានរង្វាន់ជាច្រើននៅប្រទេសអេស្ប៉ាញរួមមានទាំងពាន La Liga និង​ Champions League។ បើទោះបីបច្ចុប្បន្នអ្នកទាំងពីរបានចែកផ្លូវគ្នាទៅលេងឱ្យក្រុមផ្សេងរៀងៗខ្លួនពីប្រទេសអេស្ប៉ាញ ក៏ចំណងមិត្តភាពរបស់កីឡាករទាំងពីរនេះនៅក្រៅទីលានហាក់បីមិនបែកបាក់នោះទេ ហើយបើទោះបច្ចុប្បន្នពួកគេមិនសូវជាបានជួបគ្នាយ៉ាងណាក្តី។



៣. Lionel Messi និង Luis Suarez បានក្លាយជាមិត្តដ៏ជិតស្និទ្ធនឹងគ្នាអំឡុងរយៈពេល ៦ឆ្នាំ ដែលនាក់ទាំងពីបានស្គាល់គ្នានៅក្លិប Barcelona ហើយមិត្តភាពដ៏ល្អនេះមិនមែនតែក្នុងទីលានប៉ុណ្ណោះទេរួមទាំងខាងក្រៅទីលានផងដែរ។ កីឡាករទាំងពីរនេះតែងតែផ្តល់ពេលវេលាជួបជុំគ្នាជាលក្ខណៈគ្រួសារនៅក្រៅទីលានអំឡុងពេលវិសមកាលចុងរដូវកាលនានា។ រយៈពេលចុងក្រោយនេះមានមនុស្សជាច្រើនបានឃើញថា Suarez បានធ្វើដំណើរទៅផ្ទះ Messi នៅអាហ្សង់ទីនដើម្បីអបអរជ័យជម្នះក្រោយមិត្តភក្កិដ៏ស្និទ្ធរបស់គេឈ្នះ World Cup។



៤. Paul Pogba និង Romelu Lukaku ពេលខ្លះអ្នកទាំងពីរនេះជាគ្រូប្រជែង និងជាមិត្តរួមក្រុមនឹងគ្នា កីឡាករទាំងពីរនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនៅក្រៅទីលានប្រកួត ហើយបានក្លាយជាមិត្តភាពដ៏រឹងមាំ។ ​Pogba និង​ Lukaku ធ្លាប់បានលេងឱ្យក្រុមតែមួយជាមួយគ្នានៅបិសាចក្រហម Manchester United ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩។ មុនពេល ​Lukaku មកដល់ទឹកដីក្រុម Man United រូបគេត្រូវបានគេឃើញក្នុងឃ្លីបវីដេអូជាមួយ Pogba នៅសម្រាកលំហែរកាយនៅអាម៉េរិកដោយអបអរការសម្រេចកុងត្រាជាមួយបិសាចក្រហម។



៥. ​Mesut Ozil និង Granit Xhaka គឺជាកីឡាករខ្សែបម្រើដ៏ល្អក្នុងពិភពលោកដែលបានរាប់អានគ្នាជាមិត្តភក្កិដ៏ជិតស្និត ហើយតែងតែការពារគ្នាទៅវិញទៅមកអំឡុងពេលលេងនៅក្លិបតែមួយទោះបីជាមានបញ្ហាអ្វីក៏ដោយ។ អ្នកទាំងពីរបានស្គាល់គ្នានៅក្រុម ​Arsenal ហើយបង្កើតបានទំនាក់ទំនងដ៏ជិតស្និទ្ធជាងកីឡាករណាទាំងអស់ក្នុងក្រុម ហើយកីឡាករទាំងពីរតែងត្រូវបានគេមើលឃើញថាធ្វើដំណើរកំសាន្តជាលក្ខណៈគ្រួសារអំឡុងសម្រាកលំហែរកាយចុងរដូវកាល។ 



៦. David Alaba និង Frank Ribery អតីតកីឡាករប្រចាំក្លិប Bayern Munich ទាំងពីរនេះបានស្គាល់គ្នាលើកដំបូងលេងតាំងពីឆ្នាំ ២០០៨។ ទោះបីម្នាក់មានអាយុចាស់ជាង និងម្នាក់មានអាយុក្មេងជាងប៉ុន្តែកីឡាករទាំងពីរនេះបានបង្ហាញទំនាក់ទំនងយ៉ាងស្អិតរមួតអំឡុងពេលប្រកបអាជីពនៅអាល្លឺម៉ង់ជាមួយគ្នា។



៧. Olivier Giroud និង Laurent Koscielny អតីតកីឡាករ Arsenal ទាំងពីនេះធ្លាប់បានស្ថិតនៅក្រុមជាមួយគ្នាអំឡុងឆ្នាំ ២០១២ នៅទឹកដីអង់គ្លេស ហើយមកបច្ចុប្បន្នបើទោះបីជាមិនលេងនៅលីគដូចគ្នា ដោយ Koscielny លេងនៅក្រុម ​Bordeaux របស់លីគទី២ បារាំង និង Giroud លេងនៅ AC Milan ក្តី តែទំនាក់ទំនងអ្នកទាំងពីរនៅខាងក្រៅនៅតែជាដៃគូមិត្តភក្កិដ៏ល្អ។



៨. Cesc Fabrigas និង Gerald Pique អតីតកីឡាករក្រុម Barcelona ទាំងពីរនេះបានស្គាល់គ្នានៅក្នុងក្រុមយុវជនរបស់ក្លិបយក្សមួយនេះ រហូតលេងដល់ក្រុមឈុតធំតែម្តង។ កីឡាករទាំងពីរមិនថានៅក្នុងទីលានប្រកួត ឬនៅខាងក្រៅឡើយតែងតែមានទំនាក់ទំនងនឹងគ្នាទៅវិញទៅមក ហើយបើទោះបីជារយៈពេល Fabregas បានផ្លាស់ប្តូរក្លិបក៏ពួកគេនៅមានទំនាក់ទំនងល្អនឹងគ្នាដដែល។



៩. Marco Reus និង Mario Gotze កីឡាករក្រុមជម្រើសជាតិអាល្លឺម៉ង់ទាំងពីរ រាប់អានគ្នាដូចបងប្អូនបង្កើតទាំងក្នុងនិងក្រៅទីលាន ហើយរឿងដែលធ្វើឱ្យកីឡាករទាំងពីរជួបរឿងដែលពិបាកខ្លាំងបំផុតនោះគឺពេលដែលពួកគេបានលេងតទល់គ្នាដោយម្ខាងនៅ Borussia Dortmund និង ម្ខាងនៅ ​Bayern Munich។​ តែទោះបីជាលេងឱ្យក្រុមដែលប្រកួតប្រជែងគ្នា ការរាប់អាន និងមិត្តភាពដ៏ស្អិតរមួតនៃកីឡាករទាំងពីរមិនដែលបែកបាកឡើយ។



១០. Zlatan Ibrahimovic និង​​ Paul Pogba ក៏ជាកីឡាករដែលមានទំនាក់ទំនងមិត្តភាពនឹងគ្នាល្អផងដែរ ទាំងនៅក្នុងទីលាន និងក្រៅទីលាន។ កាលនៅក្រុមបិសាចក្រហម Man United ចំណងមិត្តភាពអ្នកទាំងពីរបានកើតឡើង ហើយតាំងពីពេលនោះមក ទាំងនៅក្រៅទីលានក៏គេតែងឃើញកីឡាករទាំងពីរនេះបានជួបគ្នាដែរ ហើយអំឡុងពេលព្រឹត្តិការណ៍ World Cup 2022 វគ្គផ្តាច់ព្រ័ត្រកីឡាករទាំងពីរនេះបានទៅទស្សនាជាមួយគ្នា៕



Tag:
 Kylian Mbappe
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com