ភ្នំពេញ៖ យុទ្ធនាការសហគមន៍មួយសៀវភៅមួយ គឺជាយុទ្ធនាការដែលផ្ដោតសំខាន់ ទៅលើការលើកស្ទួយវិស័យការអាននៅក្នុងសហគមន៍។ យុទ្ធនាការនេះ មានភ្ជាប់ជាមួយនឹងគម្រោងធំៗចំនួន៥ គឺការប្រកួតប្រជែងការអាន ផ្សារណាត់សៀវភៅ ការអភិវឌ្ឍបណ្ណាល័យ បណ្ណាល័យចល័ត និងការចែកសៀវភៅទាំង២៥ ខេត្តក្រុង។
យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ (One Book One Community) នឹងប្រកាសជាផ្លូវការ ហើយដាក់ដំណើរការដំបូង នៅបណ្ណាល័យកំពង់ស្ពឺ នាថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ខាងមុខ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់ការអាន នៅតាមសហគមន៍”។ យុទ្ធនាការនេះ មានគោលបំណងបណ្ដុះវប្បធម៌អាន និងការរៀនសូត្រឯករាជ ក្នុងចំណោមយុវជន នៅគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ យុទ្ធនាការ ក៏លើកកម្ពស់ការអានជាសាធារណៈ ដែលបន្តសកម្មភាពរយៈពេល២ឆ្នាំ ឬ២៥ខែ ជុំវិញ២៥ខេត្តក្រុង។
លោក សឿន សារ៉ាត់ ប្រធានបណ្ណាល័យកំពង់ស្ពឺ រំពឹងទទួលបានអ្នកចូលទស្សនាប្រមាណ១ម៉ឺននាក់ ក្នុងយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ ក្នុងខេត្តកំពង់ស្ពឺ។ ការរំពឹងបែបនេះ ដោយសារព្រឹត្តិការណ៍នោះ មានកម្មវិធីចែករំលែកទស្សនទាន បទពិសោធល្អៗ អំពីគន្លឹះជោគជ័យក្នុងការសិក្សា សារៈសំខាន់នៃការអាន គន្លងអាជីព ការរៀបចំផែនការជីវិត ដោយមានវាគ្មិនជាថ្នាក់ដឹកនាំ និងជាអ្នកជំរុញទឹកចិត្តល្បីៗ ។ជាពិសេសការចែកសៀវភៅ១ពាន់ក្បាល អមជាមួយសកម្មភាពបណ្ណាល័យចល័ត និងផ្សារណាត់សៀវភៅ ដែលនឹងមានបង្ហាញសៀវភៅរាប់ពាន់ចំណងជើង ជាលើកដំបូងនៅខេត្តកំពង់ស្ពឺ។
ផ្ដើមចេញពីទឹកដីដើមកំណើតអ្នកប្រាជ្ញខ្មែរ លោក សឿន សារ៉ាត់ ថាយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ ជាឱកាសនាំឱ្យសាធារណជន បានដឹងថានៅខេត្តកំពង់ស្ពឺ មានបណ្ណាល័យសាធារណៈ ដ៏គួរឱ្យចាប់អារម្មណ៍។
បណ្ណាល័យកំពុងស្ពឺ ជាបណ្ណាល័យសាធារណៈ ដែលបានដាក់ឱ្យដំណើរការក្នុងអំឡុងឆ្នាំ២០១៧។ បណ្ណាល័យនេះ ពុំមែនត្រឹមតែជាបណ្ណាល័យឡើយ។ ក្នុងហាងកាហ្វេ នៅខាងមុខអគារបណ្ណាល័យ មានសៀវភៅដាក់ឱ្យភ្ញៀវអាន។ នៅជាន់ទី១ នៃអគារបណ្ណាល័យ ជាសាលសន្និសីទ។ ជាន់ដំបូល ជាសាលពហុបំណង អាចសម្ដែងសិល្បៈ បញ្ចាំងកុន និងធ្វើកម្មវិធីនានាបាន។ ខាងក្រោយអគារ មានតារាងបាល។ ទាំងនេះជាមធ្យោបាយ នាំសាធារណជន ឱ្យស្គាល់បណ្ណាល័យតាមរយៈគោលបំណងផ្សេងៗ។
បើតាមប្រធានបណ្ណាល័យកំពង់ស្ពឺ សាធារណជនប្រមាណ២ម៉ឺននាក់ បានចូលទៅប្រើប្រាស់អគារបណ្ណាល័យកំពុងស្ពឺតាមគោលបំណងផ្សេងៗ។ នៅក្នុងឆ្នាំ២០២២ បណ្ណាល័យកំពង់ស្ពឺ ទទួលបានសមាជិក ធ្វើប័ណ្ណអានសៀវភៅ១៨៤នាក់។ ចំនួននេះកើនឡើងជាងឆ្នាំ២០២១ គួរឱ្យកត់សម្គាល់។ ក្នុងឆ្នាំដដែលនេះ មានសាធារណជនទូទៅប្រមាណ៨ពាន់នាក់ ចូលទៅអានសៀវភៅនៅទីនោះ។
អ្វីដែលគួរឱ្យកត់សម្គាល់ អស់រយៈពេល៦ឆ្នាំ នៃការបង្កើតបណ្ណាល័យកំពង់ស្ពឺ នៅក្នុងឆ្នាំ២០២២ បណ្ណាល័យកំពង់ស្ពឺ បានទាក់ទាញកម្មកររោងចក្រ និងកសិករ ធ្វើប័ណ្ណសមាជិកប្រមាន១០នាក់ ហើយពួកគេតែងតែខ្ចីសៀវភៅយកទៅអានជារៀងរាល់ថ្ងៃ។ ប្រធានបណ្ណាល័យខាងលើ ថាកម្មកររោងចក្រចាប់ផ្ដើមចាប់អារម្មណ៍ការអាន សម្រាប់ជាការកម្សាន្ត និងពង្រីកចំណេះដឹងបន្ថែម។
សូមបញ្ជាក់ថា យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ ផ្ដួចផ្ដើមគំនិតដោយក្រុមការងារ Riel Tiger Solution បណ្ណាល័យបញ្ញវន្ត គ្រឹះស្ថានបោះពុម្ពផ្សាយ Business Record និងដៃគូសហការសំខាន់ៗ ដូចជាអង្គការ Sipar សហព័ន្ធសេវាអប់រំកម្ពុជាជាដើម។ ព្រមទាំងមានការគាំទ្រពីសមាគម អ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា សមាគមបណ្ណាល័យកម្ពុជា សមាគមអ្នកនិពន្ធខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
យោងតាមការស្ទង់មតិ សេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ២០១៤ ប្រទេសកម្ពុជា មានអត្រាអក្ខរកម្មទាបបំផុតលំដាប់ទី២ ក្នុងចំណោមប្រទេសអាស៊ាន បន្ទាប់ពីប្រទេសឡាវ និងប្រហែល២៩ភាគរយ នៃប្រជាជនសរុប គឺខ្វះជំនាញអាន និងសរសេរជាមូលដ្ឋាន។ ចំពោះការរកឃើញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍យុវជនជាតិ (NYDC 2021) នៅកម្ពុជាបានបង្ហាញថា កម្ពុជាជាប្រទេសដែលមានយុវជន ៣២ភាគរយ ដែលមានអាយុពី១០ដល់២៤ឆ្នាំ និង៧១ភាគរយ នៃយុវជនមិនបានសិក្សាជាផ្លូវការ៕