ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ​ពលរដ្ឋឃុំអន្សាចំបក់ បារម្ភសុវត្ថិភាពពេលធ្វើដំណើរយប់លើផ្លូវដែល​គ្មានភ្លើងបំភ្លឺ
08, Jan 2023 , 3:29 pm        
រូបភាព
ដោយ៖ មី សុខលីម (យុវជនឃុំអន្សាចំបក់)
ស្រុកក្រគរ, ពោធិ៍សាត់ ៖ ពលរដ្ឋមួយចំនួនពិសេសស្រ្តី ចាស់ជរា និងកុមារ ដែលរស់នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបង្ហាញក្ដីបារម្ភពីសុវត្ថិភាពរបស់ខ្លួន ក្នុងការធ្វើដំណើរនៅពេលយប់ ដោយសារផ្លូវស្ងាត់ និងគ្មានភ្លើងបំភ្លឺ។ ទន្ទឹមនឹងនេះ ពលរដ្ឋក៏សង្កេតឃើញដែរថា ​ការយាមល្បាតរបស់អាជ្ញាធរមូលដ្ឋាន
នៅមានកម្រិតនៅឡើយ។ ​
 
អ្នកស្រី សឿន សុខ វ័យ៧១ រស់នៅភូមិថ្កុលតូច បានរៀបរាប់ថា ការធ្វើដំណើរនៅពេលយប់ តែងតែជួបការលំបាកដោយផ្លូវមានជង្ហុកច្រើន និងស្ងាត់។ ដោយមានជំងឺប្រចាំកាយផង ស្រ្តីរូបនេះមិនសូវហ៊ានធ្វើដំណើរទៅមន្ទីរពេទ្យនៅពេលយប់នោះទេ ព្រោះខ្លាចជួបគ្រោះថ្នាក់ចរាចរណ៍ ចោរកម្ម និងក្មេងទំនើងធ្វើបាបជាដើម។កន្លងទៅ ភូមិថ្កុលតូច ក៏ធ្លាប់មានករណីចោរកម្ម​ដែរ ដែលធ្វើឱ្យ អ្នកស្រី សឿន សុខភិតភ័យយ៉ាងខ្លាំង។ ជុំវិញបញ្ហានេះ អ្នកស្រីមិនដែលឃើញអាជ្ញាធរ ឬប្រជាការពារភូមិ មានការដាក់កម្លាំងយាមល្បាតនោះទេដោយអាជ្ញាធរឃុំ គ្រាន់តែផ្សព្វផ្សាយឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពីករណីចោរកម្ម និងបញ្ហាអសកម្មផ្សេងៗប៉ុណ្ណោះ។


 អ្នកស្រី សឿន សុខ វ័យ (ឆ្វេង) និង យុវជន បាត ធានហេង (ស្ដាំ) ពលរដ្ឋ រស់នៅភូមិថ្កុលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
 
ស្រ្តីរូបនេះ ស្នើដល់អាជ្ញាធរ បន្ថែមវិធានការយាមល្បាត និងដាក់ភ្លើងបំភ្លឺតាមដងផ្លូវដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ។ អ្នកស្រី សឿន សុខ ប្រាប់ដូច្នេះថា៖« រាល់ថ្ងៃនេះខ្ញុំព្រួយបាម្ភពីបញ្ហាក្មេងទំនើង និងចោរ។ ព្រោះកន្លងទៅក្មួយខ្ញុំម្នាក់បានបាត់ម៉ូតូដែរ។ អ៊ីចឹង ខ្ញុំចង់ឱ្យអាជ្ញាធររឹតបន្តឹងការយាមល្បាត និងដាក់ភ្លើងបំភ្លឺផ្លូវ ដើម្បីធានាដល់សុវត្ថិភាព
និងការធ្វើដំណើរ»។
 
យុវជន បាត ធានហេង រស់នៅភូមិថ្កុលតូច ក៏លើកឡើងស្រដៀងគ្នាដែរថា ការធ្វើដំណើរ ទៅ​រៀនគួរ ឬដឹកម្ដាយទៅពេទ្យនៅពេលយប់ ជួបការលំបាក ដោយសារផ្លូវស្ងាត់ ជង្ហុកច្រើន
និងគ្មានភ្លើងបំភ្លឺ។ យុវជនរូបនេះបារម្ភខ្លាំងបំផុត គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងក្មេងទំនើង​។  


លោក ផាន់ សំបូរ មេឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់

ពាក់ព័ន្ធបញ្ហានេះ លោក ផាន់ សំបូរ មេឃុំអន្សាចំបក់ ទទួលស្គាល់ថា ការយាមល្បាតពេលយប់ នៅពេលចន្លោះប្រហោង ដោយសារកម្លាំងនគរបាលខ្វះខាត។ ដោយឡែកប្រជាការពារភូមិ គឺជាអ្នកធ្វើការស្ម័គ្រចិត្ត ពុំមានប្រាក់ឧបត្ថម្ភគ្រប់គ្រាន់ សម្រាប់ការយាមល្បាតនោះទេ។ 
 
សព្វថ្ងៃ ឃុំអន្សាចំបក់ មានភ្លើងបំភ្លឺផ្លូវប្រហែល១០កន្លែង ប៉ុន្តែលោក សំបូរ ថាមិនទាន់គ្រប់គ្រាន់នោះទេ។ មេឃុំរូបនេះក៏មានគម្រោងដាក់ភ្លើងបន្ថែមដែរ តែថវិកាឃុំមានកំណត់។ ដូច្នេះ លោកអំពាវនាវដល់រដ្ឋាភិបាល អង្គការដៃគូ និងសប្បុរសជន ជួយផ្ដល់ភ្លើងបំភ្លឺផ្លូវបន្ថែមដើម្បីធានាដល់សុវត្ថិភាព ក្នុងការធ្វើដំណើររបស់ពលរដ្ឋនៅពេលយប់៕ ​ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះគឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 សេវាសាធារណៈ
  ភ្លើងបំភ្លឺផ្លូវ
  ប៉ុស្តិ៍អន្សាចំបក់
  ​ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com