ជាតិ
សាស្ត្រាចារ្យ ដៀប សុផល៖ ខ្មែរនៅតែជាខ្មែរ ប៉ុន្តែចិនមានបែបបទហៅតាមភាសារបស់គេ
× បណ្ឌិត ដៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ដ្រ និងទំនាក់ទំនងអន្ដរជាតិ បានលើកឡើងថា ដើម្បីដឹងច្បាស់ថាខ្មែរមានដើមកំណើតមកណា គឺត្រូវតែមានភស្តុតាងមិនមែននិយាលេងសើច ហើយយកមកប្រៀបធៀបមិនច្បាស់លាស់បាននោះទេព្រោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ។ លោក សុផល បន្តថា បើតាមការស្រាវជ្រាវរបស់បុរេប្រវត្តិវិទូគេបានរកឃើញនៅលើទឹកដីខ្មែរមានបន្សល់ទុក ឧបករណ៍ពលកម្មជាច្រើនប្រភេទដែលបញ្ជាក់ជាអត្តសញ្ញាណខ្មែរ។
លោក ដៀប សុផល បានលើកឡើងថា អ្នកបង្កើតខ្មែរ គឺជាខ្មែរដើម។ នៅពេលសម័យក្រោយមក ក៏មានជនជាតិឥណ្ឌា ជនជាតិចិន បានមកដល់កម្ពុជា ហើយពួកគេក៏បាននាំវប្បធម៌ថ្មីចូលមក ដែលមានវប្បធម៌ឥណ្ឌា វប្បធម៌ចិន ហើយវប្បធម៌ខ្មែរសំយោគជាមួយវប្បធម៌ឥណ្ឌា ក្លាយជាវប្បធម៌ទំនើបដែលធ្វើឱ្យជឿនលឿននៅក្នុងសម័យអង្គរ។
លោកថា ខ្មែរមានប្រភពមកពីបុរេសម័យ ដែលមានដើមកំណើតរបស់ខ្លួនតាំងពីយូរលង់មកហើយ ជនជាតិខ្មែរបានបង្កើតវប្បធម៌ខ្មែរ ដែលមានបុរាណវត្ថុជាច្រើនជាភស្តុតាង។
លោក សុផលបន្តថា កាលពីសម័យថ្មបំបែក គឺមានប្រើលោហៈធ្វើឱ្យមានការជឿនលឿន ដែលបានបង្កើតនគរមុនគេ ហៅថា នគរហ្វូណន។
សាស្ត្រាចារ្យប្រវត្ដិសាស្ដ្រ និងទំនាក់ទំនងអន្ដរជាតិ រូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំឃើញគេនិយាយលើហ្វេសប៊ុកថា ព្រះនាង លីវ យី គឺចិន ហើយព្រះបាទ ហ៊ុន ទៀន ថាឥណ្ឌា ហើយខ្មែរកើតពីចិនបូក និងឥណ្ឌាគឺអត់ទេ! វាមិនមែនចឹងទេ។ នេះគឺជាឈ្មោះ ដែលចិនហៅខ្មែរ ខ្មែរគឺនៅតែខ្មែរហ្នឹង»។
លោក ដៀប សុផល បានបន្ថែមថា ចិនគេមានបែបបទមួយ គឺហៅឈ្មោះតាមភាសារបស់គេ ដូច្នេះឈ្មោះ«លីវ យី» មិនមែនខ្មែរ ក្លាយជាចិនទេ គឺខ្មែរនៅតែខ្មែរ ដែលមានប្រភពនិងដើមកំណើតរបស់ខ្លួនតាំងពីមុនសម័យបុរេប្រវត្តិមក។
ដើម្បីទទួលជ្រាបកាន់តែច្បាស់ សូមអញ្ជើញស្ដាប់កិច្ចសម្ភាសលោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យប្រវត្ដិសាស្ដ្រ និងទំនាក់ទំនងអន្ដរជាតិ ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com