ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ពលរដ្ឋជាង៤០០គ្រួសារ នៅឃុំអន្សាចំបក់ ទទួលបានបណ្ណក្រីក្រ
08, Jan 2023 , 5:29 pm        
រូបភាព
ដោយ៖ ឡំ សេងហុង (យុវជនអន្សាចំបក់) 
ស្រុកក្រគរ, ពោធិ៍សាត់ ៖ ពលរដ្ឋជាង៤០០គ្រួសារនៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានផ្ដល់បណ្ណក្រីក្រ ដើម្បីសម្រួលដល់ជីវភាព និងការទទួលសាធារណៈផ្សេង​ៗ ដោយឥតគិតថ្លៃ។ បណ្ណក្រីក្រនេះ ត្រូវបានផ្ដល់យ៉ាងតម្លាភាព តាមរយៈការសម្ភាស និងពិនិត្យលើស្ថានភាពគ្រួសារជាក់ស្ដែង។  
 
លោក ផាន់ សំបូរ មេឃុំអន្សាចំបក់បានឱ្យដឹងថា បណ្ណក្រីក្រ ត្រូវបានផ្ដល់ឱ្យពលរដ្ឋជាង ៤០០នាក់ដែលអនុញ្ញាតឱ្យពួកគេប្រើប្រាស់យ៉ាងទូលំទូលាយ ទៅលើសេវាផ្សេងៗ
ដែលផ្ដល់ដោយរដ្ឋាភិបាល។ បណ្ណក្រីក្រ មានពីរប្រភេទ គឺ«ក្រ១»និង«ក្រ២» ហើយអ្នកក្រីក្រ​ទាំងនោះទទួលបានប្រាក់ឧបត្ថម្ភជារៀងរាល់ខែ តាមប្រភេទ និងស្ថានភាពគ្រួសាររៀង​ៗ​ខ្លួន​​។ 
 
បណ្ណក្រីក្រ ត្រូវបានប្រើប្រាស់ច្រើន លើសេវាសុខភាព ដោយពួកគេមិនចាំបាច់បង់ថ្លៃសេវានោះទេ។ ផ្ទុយទៅវិញ មណ្ឌលសុខភាព បានផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ដល់ស្រ្តីមានផ្ទៃពោះ និងសម្រាលកូន។ ក្នុងនោះដែរ ឃុំអន្សាចំបក់ ក៏បានចូលរួមសម្រួលដល់ការមិនបង់ថ្លៃនូវសេវាមិនចាំបាច់មួយចំនួនផងដែរ។ 
 
លោក ផាន់ សំបូរ មេឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់

លោក ផាន់ សំបូរ អះអាងថា ការទទួលបានបណ្ណក្រីក្រនេះ បានជួយសម្រួលដល់ជីវភាពពលរដ្ឋរបស់ខ្លួនច្រើន ខណៈលោកជំរុញឱ្យពលរដ្ឋ ប្រើប្រាស់បណ្ណនេះឱ្យអស់លទ្ធភាព។
លោក ប្រាប់ដូច្នេះថា៖«ក្រៅពីបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល បណ្ណក្រីក្រនេះមានសារៈសំ​ខាន់​បំផុត គឺនៅពេលមានជំងឺ ហើយត្រូវព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដោយឥតបង់ថ្លៃ។ ម្យ៉ាងទៀត
បើក្នុងគ្រួសារគាត់(ពលរដ្ឋ) មានអ្នកសម្រាលកូន គឺគាត់បានថវិកាបន្ថែមពីមន្ទីរពេទ្យទៀត»។
 
នៅឆ្នាំ ២០២៣ នេះ ឃុំអន្សាចំបក់បានរៀបចំផែនការ ផ្ដល់បណ្ណក្រីក្រជាថ្មី ដោយផ្ដល់អាទិភាព ដល់អ្នកមានពិការភាពចាស់ជរា អ្នកគ្មានទីពឹង និងគ្រួសារជួបហានិភ័យ។ ពាក់ព័ន្ធនឹងការងារផ្ដល់បណ្ណក្រីក្រនេះក៏មានពលរដ្ឋមួយចំនួនប្រតិកម្មផងដែរ ដោយពួកគេ អះអាងថា ការជ្រើសគ្មានតម្លាភាពឬបក្សពួកជាដើម។ ប៉ុន្តែលោក ផាន់ សំបូរ បញ្ជាក់ថា ការផ្ដល់បណ្ណក្រីក្រនេះត្រូវឆ្លងកាត់ការសម្ភាស និងពិនិត្យច្បាស់លាស់ ដូច្នេះលោកអំពាវនាវ ដល់ពលរដ្ឋកុំច្រណែនគ្នា៕ 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 សេវាសាធារណៈ
  ឃុំអន្សាចំបក់
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com