ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ឃុំអន្សាចំបក់ សម្រេចបានការសាងសង់ផ្លូវលំចំនួន៤ខ្សែ ក្នុងឆ្នាំ២០២២
08, Jan 2023 , 6:29 pm        
រូបភាព
 រូបពី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
រូបពី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ដោយ៖ មី សុខលីម (យុវជនឃុំអន្សាចំបក់)
 
ស្រុកក្រគរ, ពោធិ៍សាត់៖ នៅឆ្នាំ២០២២ កន្លងទៅ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់សម្រេចបានការសាងសង់ផ្លូវក្រាលក្រួសក្រហម ៤ខ្សែ កាត់ភូមិចំនួន ៤ ដែលមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ។ ផ្លូវ៤ខ្សែនេះ បានផ្ដល់ប្រយោជន៍យ៉ាងច្រើន ដល់ការធ្វើដំណើរទាំងពេលយប់ និងថ្ងៃ ជាពិសេសបម្រើដល់ការងារដឹកជញ្ជូនកសិកម្មរបស់ពលរដ្ឋ។ 
 
លោក ផាន់ សំបូរ មេឃុំអន្សាចំបក់ បានឱ្យដឹងថា សមិទ្ធផលក្នុងឆ្នាំ២០២២ ឃុំអន្សាចំបក់ បានសាងសង់ផ្លូវលំ ដែលក្រាលក្រួសក្រហមចំនួន៤ខ្សែ កាត់ភូមិ ថ្កុលតូច ខ្សាច់ល្អិត អារ៉ងព្រួច និងសានសរ។ តាមការប៉ានប្រមាណ ផ្លូវ៤ខ្សែនេះ មានប្រវែងជាង ៧គីឡូម៉ែត្រ ដែលចំណាយថវិកាអស់ ៥៨លានរៀល បានមកពីជំនួយសប្បុរស់ជន និងថវិកាទ្រទ្រង់ឃុំផ្ទាល់។ 
 
ផ្លូវទាំង៤ខ្សែនេះ បានផ្ដល់ប្រយោជន៍យ៉ាងច្រើន ដល់ការធ្វើដំណើររបស់ពលរដ្ឋ ជាពិសេស សម្រួលដល់ការងារដឹកជញ្ជូនកសិផលរបស់ពលរដ្ឋ ឱ្យកាន់តែលឿនរហ័ស។ នេះជាការអះអាងរបស់លោក ផាន់ សំបូរ ដោយបន្ថែមដូច្នេះថា៖« ការធ្វើផ្លូវនេះ វាផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ស្រ្តីឆ្លងទន្លេ និងអ្នកជំងឺយប់ ឬព្រលប់អី គឺចរាចរណ៍លឿន។ អ៊ីចឹង នេះគឺជាសេវាមួយល្អ សម្រាប់ឃុំរបស់យើង។ លើសពីនេះ វាក៏ជួយដល់ការដឹកជញ្ជូនកសិផល ឆាប់បានយកទៅលក់នៅផ្សារភ្លាមៗតែម្ដង។ អ៊ីចឹងបានថា តែមានផ្លូវ គឺមានសង្ឃឹម»។  
 
រដ្ឋបាលឃុំអន្សាចំបក់បានបង្កើតឱ្យគណៈកម្មាធិកា «ថែទាំផ្លូវ» ដើម្បីការពារគុណភាពផ្លូវ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់។ ជាមួយគ្នានេះ លោក ផាន់ សំបូរ បានអំពាវនាវដល់ពលរដ្ឋ ឱ្យចូលរួមគ្នាថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ដើម្បីធានាដល់ការធ្វើដំណើររលូន៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 សេវាសាធារណៈ
  ប៉ុស្តិ៍អន្សាចំបក់
  ខេត្តពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com