ជាតិ
ពីក្រុម​ការងារច្រើន​មក​នៅគ្នា​តិច តែ ​លោក ស្រ៊ឹង ឆវ័ន្ត មិន​បោះចោល​មូលនិធិសប្បុរសរបស់ខ្លួនឡើយ​
08, Jan 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖ មូលនិធិសប្បុរសធម៌ ដើម្បីកុមារជនបទ(CFRC) ត្រូវបានបង្កើតឡើងកាលពី​ចុងឆ្នាំ២០១៤ ដើម្បីប្រមូលថវិកា និងសម្ភារៈសិក្សា ផ្តល់ឱ្យកុមារនៅតំបន់ខ្វះខ្វាត។ រយៈពេល៣ឆ្នាំដំបូង មូលនិធិបានដំណើរដោយរលូន និងបានផ្តល់ស្នាមញញឹមដល់កុមារជនបទជាច្រើន។ នៅឆ្នាំ២០១៧ សមាជិកក្រុមថយចុះ បានធ្វើឱ្យលោក ស្រ៊ឹង ឆវ័ន្ត ប្រធានក្រុមមូលនិធិ អស់កម្លាំងចិត្តបន្ត និងបានផ្អាកសកម្មភាពមូលនិធិមួយរយៈ។ ប៉ុន្តែស្នាមញញឹមកុមារដែលដក់ជាប់ចិត្ត បានជំរុញឱ្យលោកងើបបន្តការងារសប្បុរសធម៌នេះវិញ។

 
មូលនិធិក្រុមនិស្សិតច្បាប់ភាសាបារាំង ជាឈ្មោះដើមនៃមូលនិធិសប្បុរសធម៌ ដើម្បីកុមារជនបទ(CFRC) ក្រោយកែសម្រួលនៅឆ្នាំ២០២០។ មូលនិធិ CFRC ត្រូវបានបង្កើតឡើងដោយក្រុមនិស្សិតច្បាប់ភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត​ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ អំឡុងពេលជានិស្សិតឆ្នាំទី២ លោក ស្រ៊ឹង ឆវ័ន្ត និងមិត្តរួមថ្នាក់ ​បានចំណាយពេលវិស្សមកាលរួមគ្នាបង្កើតកម្មវិធីសប្បុរសធម៌មួយដើម្បីចូលរួមសកម្មសង្គមពេលទំនេរពីការសិក្សា។ 
 


លោក ស៊្រឹង ឆវ័ន្ត និងក្រុមការងារមូលនិធិនិធិសប្បុរសធម៌ ដើម្បីកុមារជបទ(CFRC) រួមជាមួយកុមារ។ រូបភាពដោយ៖ លោក ស៊្រឹង ឆវ័ន្ត

លោក ស្រ៊ឹង ឆវ័ន្ត បានរៀបរាប់ពីគោលបំណងបង្កើតមូលនិធិប្រាប់ ThmeyThmey25 តាមទូរសព្ទថា៖ «ពួកយើងចង់ចំណាយពេលពីការសិក្សាធ្វើការងារសង្គម ហើយយើងគិតថា មានតែការចែករំលែកពេលវេលាទំនេរធ្វើការងារសង្គម ដែលផ្តោតលើអង្គការ ជនមានពិការភាព តែយើងផ្តោតសំខាន់លើកុមារ និងការអប់រំ»។ 
មូលហេតុដែលលោក ឆវ័ន្ត និងមិត្ត ផ្តោតលើកុមារ ព្រោះមានគំនិតរួមគ្នាមួយ ដែលចង់ជួយទំពាំងស្នងឫស្សីនៃសង្គមជាតិ។ កុមារតាមទីដាច់ស្រយាល និងតាមអង្គការ គឺជាគោលដៅនៃមូលនិធិ​ CFRC នេះ ដ្បិតពួកគេ នឹងក្លាយជាអ្នកបន្តវេនមនុស្សជំនាន់មុន។ 
 
ជាការផ្តើមឡើងដោយក្រុមនិស្សិតមួយថ្នាក់ ដែលគ្មានការឧបត្ថម្ភពីវិស័យឯកជនណាមួយឡើយ តែក្រុមនិស្សិតទាំងនេះ បានស្វះស្វែងកៀរគរជំនួយពីលោកគ្រូអ្នកគ្រូ សិស្សនិស្សិត និងពីការិយាល័យមេធាវីមួយចំនួនផងដែរ ដើម្បីទទួលបានថវិកា និងសម្ភារៈគ្រប់គ្រាន់សម្រាប់ផ្តល់ជូនកុមារ។ ជំហានទី១ នៃកម្មវិធីមូលនិធិ បានបោះគោលដៅទៅកាន់អង្គការមណ្ឌលកុមារកំព្រាសម្រាប់ក្មេងកម្ពុជា(OCCO) ខេត្តកំពង់ស្ពឺ។
 
«សកម្មភាពដំបូង យើងធ្វើក្នុងទ្រង់ទ្រាយតូចទេ ហើយការចូលរួមពីមជ្ឈដ្ឋានខាងក្រៅពេលនោះមិនទាន់មានទេ។ បន្ទាប់ពីសកម្មភាពលើកទី១នេះ ទើបមានការចូលរួមច្រើនពីមហាជន»។ នេះជាការលើកឡើងរបស់លោក ស្រ៊ឹង ឆវ័ន្ត អំពីការចាប់ផ្តើមដំបូងរបស់មូលនិធិ CFRC ។ 
 


លោក ស៊្រឹង ឆវ័ន្ត ប្រធានក្រុមមូលនិធិនិធិសប្បុរសធម៌ ដើម្បីកុមារជបទ(CFRC) ។ រូបភាពដោយ៖ លោក ស៊្រឹង ឆវ័ន្ត

ក្រោយជោគជ័យសកម្មភាពលើកទី១ ក្នុងទឹកដីខេត្តកំពង់ស្ពឺ មូលនិធិសប្បុរសធម៌ ដើម្បីកុមារជនបទ(CFRC) ក៏បានទទួលគាំទ្រច្រើនពីមហាជន ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាច្រើន។ ការណ៍នេះ បានជួយឱ្យកម្មវិធីមូលនិធិពង្រីកខ្លួនកាន់តែធំ ជាពិសេសគឺមានជំនួយកាន់តែច្រើនសម្រាប់កុមារ។ 
 
ពីមួយឆ្នាំទៅមួយឆ្នាំ កម្មវិធីមូលនិធិបានប្រព្រឹត្តទៅដោយរលូន នឹងបានផ្តល់ស្នាមញញឹមដល់កុមារកម្ពុជាជាច្រើន។ ទន្ទឹមនឹងជួយកុមារតាមទីដាច់ស្រយាល ក្រុមការងារមូលនិធិក៏មិនភ្លេចជួយមិត្តរួមក្រុមដែលខ្វះខាតឡើយ។ លោក ឆវ័ន្ត បានឱ្យដឹងថា មិត្តរួមថ្នាក់មួយចំនួន ជាសិស្សមកពីខេត្ត ដែលមានជីវភាពក្រីក្រ។ ដូច្នេះសមាជិកក្រុមក៏បានចេញយន្តការមួយ គឺ អ្នកមានលទ្ធភាពអាចឧបត្ថម្ភបាន អ្នកមិនមានលទ្ធភាពយើងនឹងស្វែងរកជំនួយពីពួកយើងទៅជួយវិញ។
 

លោក ស៊្រឹង ឆវ័ន្ត ប្រធានក្រុមមូលនិធិនិធិសប្បុរសធម៌ ដើម្បីកុមារជបទ(CFRC) រួមជាមួយកុមារ។ រូបភាពដោយ៖ លោក ស៊្រឹង ឆវ័ន្ត

កាតព្វកិច្ច និងការងារសប្បុរសធម៌

បន្ទាប់ពីដើរបានយ៉ាងឆ្ងាយ កម្មវិធីមូលនិធិ CFRC ក៏បានឈានដល់ចំណុចមួយ ដែលពិបាកក្នុងការបន្ត ដ្បិតសមាជិកមួយចំនួនបានដាក់ចុះការងារសប្បុរសធម៌ ដើម្បីខំប្រឹងរៀនបញ្ចប់ការសិក្សា។ ពេលនោះ ជាអំឡុងពេលឆ្នាំ២០១៧ ដែលសមាជិកខ្លះបានដកខ្លួន ដើម្បីបន្តការសិក្សានៅក្រៅប្រទេស ហើយសមាជិកមួយចំនួនទៀតក៏រវល់ការងារផ្ទាល់ខ្លួន ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ភាសាបារាំង។ 
 
ជាការពិតណាស់ ផ្លូវមួយដែលធ្លាប់ធ្វើដំណើររួមសុខរួមទុក្ខជាមួយគ្នា ដើម្បីកុមារកម្ពុជា បែរជាបាត់បង់សមាជិកមួយចំនួ​នធំ។ ​​កត្តានេះ បានធ្វើឱ្យកម្មវិធីមូលនិធិត្រូវផ្អាកសកម្មភាព ខណៈពេលនោះក្រុមការងារកំពុងដំណើរសាងសង់បណ្ណាល័យជូនសហគមន៍មួយ ក្នុងខេត្តកំពង់ស្ពឺ។ ក្រុមធំប្រែមកជាក្រុមតូច រីឯបណ្ណាល័យកំពុងសាងសង់ក៏មិនទាន់រួចរាល់ និងខ្វះថវិកាផងនោះ បានធ្វើឱ្យលោក ឆវ័ន្ត ផ្តើមអស់សង្ឃឹម និងបាក់ទឹកចិត្តជាខ្លាំង ។ 
 
ប្រធានក្រុមរូបនេះ បានរ៉ាយរ៉ាប់ពីស្ថានភាពផ្លូវចិត្តរបស់ខ្លួនពេលនោះថា៖ «បាក់ទឹកចិត្តបំផុតនៅសកម្មភាពចុងក្រោយ គឺពួកខ្ញុំបានបង្កើតបណ្ណាល័យនៅសហគមន៍មួយ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បណ្ណាល័យនេះ យើងអត់ទាន់បានសម្ពោធទេ ពេលដែលយើងបញ្ចប់សាកលវិទ្យាល័យ គឺបណ្ណាល័យកំពុងសាងសង់ មួយថវិកាដែលយើងអត់ទាន់មានគ្រប់។ គ្រប់គ្នាចាប់ផ្តើមទុកមូលនិធិនេះចោល ទាំងដែលខ្ញុំ និងសមាជិកមួយចំនួនតូច ខំប្រឹងធ្វើគម្រោងនេះឱ្យវាទៅមុខជាមួយការបញ្ចប់ការសាងសង់បណ្ណាល័យនេះ»។ 
 
 

លោក ស៊្រឹង ឆវ័ន្ត ប្រធានក្រុមមូលនិធិនិធិសប្បុរសធម៌ ដើម្បីកុមារជបទ(CFRC)  រួមជាមួយកុមារ។ រូបភាពដោយ៖ លោក ស៊្រឹង ឆវ័ន្ត

ទោះរងសម្ពាធផ្លូវចិត្តខ្លាំងបន្តិចក្តី តែលោក ឆវ័ន្ត ក៏ទទួលបានកម្លាំងចិត្តពីមិត្តរួមក្រុម និងអ្នកធ្វើការងារស្ម័គ្រចិត្តជាច្រើនទៀត ដែលប្រៀបដូចជាឧសថជំនួយកម្លាំងចិត្តឱ្យបុរសរូបនេះខ្នះខ្នែងបញ្ចប់ការសាងសង់បណ្ណាល័យដោយជោគជ័យ។ 
 
«ទោះបីយើងបាត់បង់ក្រុមធំ តែយើងនៅមានក្រុមតូច។ ក្រុមតូចយើងបន្តក្តីសង្ឃឹម»។ នេះជាការលើកឡើងរបស់លោក ស្រ៊ឹង ឆវ័ន្ត ដោយបញ្ជាក់ថា ក្រុមតូចបានខំប្រឹងធ្វើកម្មវិធីប្រមូលថវិកា និងសហការជាមួយក្រុមយុវជនផ្សេងទៀត រហូតទទួលបានបណ្ណាល័យនៅសហគមន៍មួយនេះ។ 
 
ក្រោយ​មក សកម្មភាពមូលនិធិ CFRC ត្រូវបានផ្អាកប្រមាណ៣ឆ្នាំ ប៉ុន្តែត្រូវបានចាប់ផ្តើមរៀបចំជាថ្មីនៅឆ្នាំ២០២០ ដែលជាពេលប្តូរឈ្មោះមូលនិធិពី មូលនិធិក្រុមនិស្សិតច្បាប់ភាសាបារាំង ជាឈ្មោះដើមនៃមូលនិធិសប្បុរសធម៌ ដើម្បីកុមារជបទ(CFRC) ។ ជាអកុសល ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្អាក់ដំណើរកម្មវិធីជាថ្មីម្តងទៀត ក្នុងឆ្នាំដដែលនោះ ហើយកម្មវិធីត្រូវរងចាំរហូតដល់ស្ថានភាពធូរស្រាលក្នុងឆ្នាំ២០២២នេះ។ 
 
ស្នាមញញឹមកុមារ ជាកម្លាំងចិត្តបន្ត

បន្ទាប់ពីរៀបរាប់អំពីស្ថានភាពលំបាកមួយចំនួន ដែលមូលនិធិបានឆ្លងកាត់ លោក ឆវ័ន្ត ក៏បានរម្លឹកអំពីភាពរីករាយអំឡុងពេលចុះផ្តល់ជំនួយ។ បុរសរូបនេះ ចាត់ទុកស្នាមញញឹមកុមារទាំងនោះជាថ្នាំព្យាបាលភាពនឿយហត់របស់ខ្លួន ជាពិសេសពេលមិនសប្បាយចិត្ត។
 
«ខ្ញុំសប្បាយចិត្ត! មនុស្សយើងពេលខ្លះ តែងមានបញ្ហាមិនសប្បាយចិត្ត រឿងការងារ ឬរឿងណាមួយ ខ្ញុំតែងតែគិតពីអតីតកាល គិតទៅលើរូបភាពដែលខ្ញុំបានជួយទៅពួកគាត់ ខ្ញុំសប្បាយចិត្ត។ រូបភាពទាំងនោះ តែងតែជួយព្យាបាលផ្លូវចិត្តខ្ញុំ ពេលដែលខ្ញុំពិបាកចិត្ត ឬុមិនសប្បាយចិត្ត ហើយពេលដែលខ្ញុំគិតទៅ ខ្ញុំសប្បាយចិត្តឡើងវិញ»។ នេះជាការលើកឡើងរបស់លោក ស៊្រឹង ឆវ័ន្ត ប្រធានមូលនិធិ CFRC។ 
 
កម្មវិធីមូលនិធិ បាននាំយកសម្ភារៈជាច្រើនជូនកុមារទាំងនោះ ប៉ុន្តែបើស្តាប់តាមរៀបរាប់របស់លោក ឆវ័ន្ត កុមារទាំងនោះហាក់រីករាយចំពោះវត្តមានក្រុមការងារមូលនិធិច្រើនជាង។ កុមារទាំងនោះ តែផ្តាំផ្ញើឱ្យក្រុមការងារមូលនិធី CFRC ទៅលេងពួកគេជាថ្មីម្តងទៀត។ 
 
លោក ឆវ័ន្ត និងក្រុមការងារ តែងតែបង្កប់ស្នាមញញឹមកុមារទាំងនោះក្នុងបេះដូងគ្រប់ៗគ្នា ដ្បិតវត្តមាននៃក្រុមមូលនិធិមិនត្រឹមតែយើងទៅជួយសម្ភារៈ ឬថវិកាឡើយ តែក៏ជួយដល់ស្មារតីអារម្មណ៍របស់ពួកគេផងដែរ។ គួររម្លឹកថា ក្រៅពីនាំយកសម្ភារៈ ក្រុមការងារក៏នាំយកក្តីស្រលាញ់ជូនក្មេងៗ និងបានលើកទឹកចិត្តកុមារទាំងនោះឱ្យខិតខំរៀនសូត្រ និងមានក្តីស្រមៃ។ 
 
មិនត្រឹមតែប៉ុណ្ណោះ ក្រុមការងារមូលនិធិ ក៏បានរួមចំណែកច្រើនក្នុងការជួយជួសជុលផ្នែកខូចខាតខ្លះនៃសាលាមួយចំនួន ជាពិសេសក៏បានជួយសាងសង់បណ្ណាល័យផងដែរ។ លោកគ្រូអ្នកគ្រូ តែងសប្បាយចិត្តចំពោះវត្តមានក្រុមការងារមូលនិធិ ដ្បិតសាលាខ្លះមិនធ្លាប់មានក្រុមការងារសប្បុរសធម៌ទៅដល់ឡើយ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com