ខ្សែប្រយុទ្ធលំដាប់ពិភពលោក Cristiano Ronaldo បានក្លាយជាសមាជិកថ្មីផ្លូវការរបស់ក្លិប Al-Nassr នៃក្របខណ្ឌកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League។ ក្នុងចំណោមសមាជិកក្រុមដែលដឹកនាំដោយគ្រូបង្វឹកបារាំង Rudi Garcia យ៉ាងហោចណាស់មានកីឡាករអារ៉ាប៊ីសាអូឌីត៣នាក់ធ្លាប់បានប្រកួតតទល់ជាមួយក្រុមជម្រើសជាតិកម្ពុជា។
នាជំនួបមិត្តភាពអន្តរជាតិ នៅកីឡដ្ឋាន Sheikh Zayed Cricket Stadium ក្រុងអាប៊ុយដាប៊ី កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ កម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកកូរ៉េខាងត្បូង Lee Tae Hoon បានចាញ់អារ៉ាប៊ីសាអូឌីត របស់គ្រូបង្វឹកហូឡង់ Bert van Marwijk ក្នុងលទ្ធផល ៧-២។
កីឡាករ៣រូបដែលលេងឲ្យក្លិប Al-Nassr នាពេលបច្ចុប្បន្ន បានបង្ហាញខ្លួនក្នុងជំនួបជាមួយកម្ពុជា កាលពី៦ឆ្នាំមុន ដែលក្នុងនោះមាន ខ្សែបម្រើ Abdulfattah Asiri ដែលលេងនៅតង់ទីមួយ, អ្នកចាំទី Waleed Abdullah ចូលលេងចាប់ពីដើមតង់ទីពីរ និងខ្សែបម្រើ Sami Al-Najei ដែលបានបង្ហាញវត្តមានពីនាទី៧៦ រហូតដល់បញ្ចប់ការប្រកួត។

កាលណោះ អារ៉ាប៊ីសាអូឌីត បានស៊ុតបញ្ចូលទី៧គ្រាប់ ដោយក្នុងនោះ៣គ្រាប់ជាបាល់ប៉េណាល់ទី និង១គ្រាប់ជាការភ្លាត់ស្នៀតចូលទីខ្លួនឯង រីឯ២គ្រាប់របស់កម្ពុជា សុទ្ធតែសម្រេចបាននៅតង់ទីមួយ ដោយ ឃួន ឡាបូរ៉ាវី និង កែវ សុខផេង។ ជម្រើសដំបូងរបស់កម្ពុជានាពេលនោះ មាន អ៊ុំ សេរីរ័ត្នន៍, សឿត បារាំង, រស់ គង់សម្រេច, សំអឿន ពិដោរ, សឿយ វិសាល, ហូយ ផល្លីន, ច្រឹង ពលរដ្ឋ, កែវ សុខផេង, សុះ ស៊ូហាណា, ឃួន ឡាបូរ៉ាវី, នុប តុលា រីឯ នេន សុធារ័ត្ន, សុក សំណាង, អ៊ិន សូដាវីដ, លី វ៉ាហេទ, លី មីហ្សាន, និងឆេង ម៉េង សុទ្ធតែត្រូវបានប្តូរចូលជាបន្តបន្ទាប់។ កែវ សុខសិលា តែម្នាក់គត់ដែលមិនបានចូលលេង។

នៅក្លិប Al-Nassr ដែលជាទ្រនំថ្មីរបស់ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Ronaldo ក្រោយការចាកចេញពី Manchester United មានកីឡាករដ៏គួរឲ្យកត់សម្គាល់មួយចំនួនផងដែរ រួមមានអ្នកចាំទីកូឡុំប៊ី David Ospina អតីតកីឡាករ Arsenal, ខ្សែការពារអេស្ប៉ាញ Alvaro Gonzalez អតីតកីឡាករ Villarreal, អតីតជម្រើសជាតិអាហ្សង់ទីន Pity Martinez, អតីតជម្រើសជាតិកូតឌីវ័រ Ghislain Konan និងជម្រើសជាតិកាមេរូន Vincent Aboubakar ជាដើម៕