ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាត្មាមិនខន្តីទេញោម! សម្តេច ហ៊ុន សែន ព្រមានលោក គង់ គាំ
09, Jan 2023 , 9:34 am        
រូបភាព
ដោយ: រួបរួម
សម្តេច ហ៊ុន សែន បានព្រមានចំៗទៅកាន់បណ្តាគណបក្សនយោបាយ ជាពិសេស លោក គង់ គាំ ដែលបច្ចុប្បន្នជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន បញ្ឈប់ការរិះគន់គណបក្សប្រជាជនកម្ពុជា នាពេលឃោសនានយោបាយគណបក្សរបស់ខ្លួន។

 
ពីអតីតសមាជិកគណបក្សប្រជាជនកម្ពុជា រហូតដល់ក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេស សម្តេច ហ៊ុន សែន កត់សម្កាល់ថា លោក គង់ គាំ បានចេញចូលចុះឡើងញឹកញាប់ ដោយបានចូលរួមជាមួយគណបក្សប្រឆាំង ហើយក្រោយមកលោក គង់ មុនីកា ដែលជាកូន​ប្រុស បាន​បង្កើតបក្សឆន្ទៈខ្មែរ ហើយ​ចូលរួមជាមួយរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាពិគ្រោះយោបល់។
 
«ខ្ញុំសូមដាស់តឿន ដាស់តឿន ដាស់តឿន ជាការព្រមានបន្ថែម [..] កុំឲ្យសោះអ្នកឯងវាយប្រហារអ្វី វាយទៅ អ្នកឯងអួត។ អ្នកឯងវាយគណបក្សប្រជាជន​អ្នកឯងដឹងថា គេឈឺទេ?»។  អាត្មាមិនខន្តីទេញោម! សម្តេច ហ៊ុន សែន ព្រមានបែបនេះ ទៅកាន់លោក គង់ គាំ ដោយសម្តេចលើកឡើងថា លោក គង់ គាំ ឃោសនានយោបាយដោយចោទ/ជេរ គណបក្សប្រជាជនកម្ពុជា ដើម្បីបំពេញចិត្តបុគ្គលម្នាក់នៅក្រៅប្រទេស។
 
ជាមួយគ្នានេះ សម្តេចក៏បានរំលឹកលោក គង់ បូរ៉ា ផងដែរ ឲ្យមានការប្រយ័ត្នប្រយែងចំពោះនិន្នការរបស់ខ្លួន។ លោក គង់ បូរ៉ា ដែលជាកូនប្រុសមួយរូបរបស់លោក គង់ គាំ បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ហើយបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
 
សម្តេចបានប្រាប់ទៅកាន់លោក គង់ បូរ៉ា ថា ត្រូវបម្រើគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាសមាជិកបក្ស ដោយមិនអាចងាករេទៅគណបក្សរបស់ប្អូនប្រុសខ្លួននោះឡើយ។
 
ទាក់ទងនឹងរាល់ការចោទប្រកាន់ថា គណបក្សប្រជាជនលួចសន្លឹកឆ្នោត សម្តេច ហ៊ុន សែន បានប្រាប់ទៅមេធាវីគណបក្សគ្រប់ជាន់ថ្នាក់ តាមដានពិនិត្យ និងឈានទៅដល់ការដាក់ពាក្យប្តឹងប្រឆាំងអ្នកដែលបានចោទប្រកាន់ទាំងនោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com