កីឡាជាតិ
ជាតិ
លោក ណយ ផាណា៖ «វិន័យ» ជាកត្តានាំឱ្យកីឡាកាយសម្ព័ន្ធសម្រេចតាមផែនការ នៅស៊ីហ្គេម២០២៣
09, Jan 2023 , 10:48 am        
រូបភាព
ដោយ:
ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធកីឡាកាយសម្ព័ន្ធបន្តពង្រឹងទាំងវិន័យ និងសមត្ថភាពកីឡាករ-កីឡាការិនីជម្រើសជាតិបន្ថែម ដើម្បីត្រៀមប្រជែងយកមេដាយមាសទាបបំផុត១ ស្របតាមផែនការរបស់ CAMSOC។



ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងជាគ្រូបង្គោលក្រុមជម្រើសជាតិ ថាអត្តពលិកកីឡាកាយសម្ព័ន្ធដែលមានវ័យក្មេងៗ តែងតែមានផលវិបាកក្នុងការបង្ហាត់បង្រៀនតែយ៉ាងណាសហព័ន្ធបានគ្រប់គ្រង និងមើលថែយ៉ាងល្អ និងយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតលើវិន័យជាគោលការណ៍ចម្បង។ លោក អគ្គលេខាធិការលើកឡើងថា ការពង្រឹងវិន័យជាកត្តាធ្វើឱ្យកីឡាករ-កីឡាការិនីក្មេងៗ ទទួលគុណផលខ្ពស់នាស៊ីហ្គេមខាងមុខ។
 
លោក ណយ ផាណា បន្តថាដើម្បីទទួលបានផ្លែផ្កានាព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ានឆ្នាំ២០២៣ ត្រូវមានការចូលរួមអស់ពីកម្លាំងកាយរបស់ថ្នាក់ដឹកនាំ កីឡាករ-កីឡាការិនី​ និងគ្រូបច្ចេកទេសទាំងអស់គ្នា។ 
 
ថ្វីដ្បិតទទួលបានលទ្ធផលល្អនៅឆ្នាំ២០២២ក៏ពិតមែន តែគ្រូបង្គោលជម្រើសជាតិកម្ពុជាក៏ទទួលស្គាល់ថាមានការលំបាកខ្លាំងណាស់ដែរដោយសារវិបត្តិកូវីដ-១៩ រីករាលដាលពេញសកលលោក។ យ៉ាងណា លោក ណយ ផាណា ថាកូវីដ-១៩ មិនមែនជាបញ្ហាបង្អាក់ទឹកចិត្តឱ្យក្រុមទាំងមូលរងបរាជ័យនោះឡើយ។
 
«ក្នុងដំណាក់កាលរីករាលដាលកូវីដ-១៩ យើងជួបការលំបាកខ្លាំងណាស់ កីឡាករ-កីឡាការិនី មន្ត្រីបច្ចេកទេសគ្មានការដើរហើរទេ ហើយត្រូវបន្តហាត់បិទខ្ទប់។ នៅក្នុងរយៈពេលកូវីដ-១៩ កំពុងផ្ទុះនោះ ការហ្វឹកហាត់របស់យើងគឺមិនដកថយទេ ខ្ញុំបាទក្នុងនាមជាអ្នកទទួលបន្ទុក គឺយកចិត្តទុកដាក់លើបញ្ហាដែលកំពុងប្រឈមឱ្យប្រែក្លាយទៅជាឱកាស»។ អគ្គលេខាធិការកីឡាកាយសម្ព័ន្ធរៀបរាប់ដូច្នេះ។
 
ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ សហព័ន្ធបានបន្តខិតខំប្រឹងប្រែងដុសខាត់សមត្ថភាពអត្តពលិកជម្រើសជាតិឱ្យកាន់តែរឹងមាំល្អ ដែលបានកំណត់គោលដៅរួចជាស្រេច ធ្វើយ៉ាងណាយកមេដាយមាសយ៉ាងតិច១ តាមផែនការយុទ្ធសាស្រ្តរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម CAMSOC។
 
លោក ណយ ផាណា បញ្ជាក់ទៀតថា៖«ក្នុងផែនការយុទ្ធសាស្រ្តរបស់ CAMSOC ធ្វើយ៉ាងឱ្យយើងរកមេដាយមាសយ៉ាងតិចឱ្យបាន១ យើងមានក្តីសង្ឃឹមយ៉ាងមុតមាំថា យើងនឹងធ្វើបាន ព្រោះខ្ញុំតែងតែពិនិត្យការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ដោយមើលឃើញថាមានការកើនឡើងច្រើនចំពោះកម្រិតបច្ចេកទេសរបស់ពួកគាត់»។
 
តាមរយៈផែនការ លោក ផាណា នឹងដឹកនាំកូនក្រុម និងមន្ត្រី ប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់គឺត្រូវចាត់ទុកសមាជិកទាំងអស់ជាគ្រួសារតែមួយ ដោយត្រូវណែនាំអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាផ្ទៃក្នុង និងធ្វើយ៉ាងណាឱ្យកីឡាករ-កីឡាការិនីមានក្រមសីលធម៌ និងគោរពវិន័យ៕
 
 

Tag:
 កីឡាកាយសម្ព័ន្ធ
 ស៊ីហ្គេម២០២៣
 ណយ ផាណា
© រក្សាសិទ្ធិដោយ thmeythmey.com