ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ព្រមានធ្វើច្បាប់សញ្ជាតិខ្មែរតែមួយ សម្រាប់មន្ត្រីរាជការ និងអ្នកនយោបាយ បើសិនបរទេសនៅតែជ្រៀតជ្រែក
09, Jan 2023 , 12:12 pm        
រូបភាព
ពីពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ សម្ដេច ហ៊ុន សែន បានព្រមានធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់អ្នកនយោបាយទាំងអស់ បើសិនជាមានបរទេសនៅតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។


 
មូលហេតុដែលសម្ដេច ហ៊ុន សែន ព្រមានបែបនេះ ដោយសារមានទូតបរទេសប្រចាំកម្ពុជា បានលើកយកបញ្ហាអ្នកនយោបាយជាប់ទោស ដែលមានសញ្ជាតិពីរ មកនិយាយជាមួយសម្ដេច ។ «ខ្ញុំសូមផ្ដាំទៅមិត្តភក្តិបរទេសទាំងឡាយ ខ្ញុំបានផ្ដាំទៅអគ្គរដ្ឋទូតមួយ ដោយសារតែគេចូលចិត្តនិយាយថា អ្នកនេះ មានសញ្ជាតិនេះ អ្នកនោះ មានសញ្ជាតិនោះ ត្រូវ(រង)ទទួលការប្ដឹងផ្ដល់ ឬទទួលការឃុំឃាំង។ ខ្ញុំបាននិយាយទៅកាន់វិញថា បើដូច្នេះខ្ញុំក៏ត្រូវគិតដែរ អំពីរដ្ឋធម្មនុញ្ញកម្ពុជា កំណត់ឱ្យមានសញ្ជាតិតែមួយតែម្ដង កុំឱ្យវាពិបាក»។ នេះបើតាមប្រមុខរដ្ឋាភិបាល ។ 
 
កន្លងមក រាល់ពេលអ្នកនយោបាយខ្មែរ ដែលមានសញ្ជាតិបរទេសផ្សេងទៀត មានបញ្ហាក្តីក្ដាំ អគ្គរដ្ឋទូតបរទេសនោះ តែងតែមកពិភាក្សាជាមួយសម្ដេច ហ៊ុន សែន ដើម្បីជួយសម្រួលដល់អ្នកនយោបាយនោះ ក្នុងនាមជាពលរដ្ឋរបស់គេ។ ដោយសារចំណុចនេះហើយ ទើបលោកនាយករដ្ឋមន្រ្តី និយាយធ្ងន់ៗថា បើបរទេសនៅតែលើកបញ្ហាអ្នកនយោបាយមានសញ្ជាតិពីរ មកនិយាយជាមួយសម្ដេចទៀត នោះសម្ដេច នឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់ឱ្យអ្នកនយោបាយ មានសញ្ជាតិតែមួយ។
 
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ មករា មេដឹកនាំកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«អ៊ីចឹងទេ! កម្ពុជា ក៏នឹងពិចារណាបន្តទៅទៀត ដាក់ក្នុងរដ្ឋធម្មនុញ្ញតម្រូវឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកធ្វើនយោបាយទាំងឡាយ ត្រូវមានសញ្ជាតិតែមួយ។ អា(ចំណុច)ហ្នឹងត្រូវតែគិតដែរ»។
 
កាលពីខែតុលា ឆ្នាំ២០២១ រដ្ឋាភិបាល បានធ្វើវិសោធនកម្មធម្មនុញ្ញ លើមាត្រា ចំនួន៥ ដោយបានកំណត់ឱ្យថ្នាក់ដឹកនាំកំពូល ៤រូប និងសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត ទាំង៩រូប មានសញ្ជាតិខ្មែរតែមួយ។ ថ្នាក់ដឹកនាំកំពូលទាំង៤រូបនោះ រួមមាន ប្រធានព្រឹទ្ធសភា ,ប្រធានរដ្ឋសភា , នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ ច្បាប់ធម្មនុញ្ញស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយគត់ ចំពោះឥស្សជនជាន់ខ្ពស់ ជាប្រធានស្ថាប័នជាតិនេះ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២១៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com