កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
AFF Cup៖ ជំនួបជើងទី២ទល់ឥណ្ឌូណេស៊ី ជាការដឹកនាំចុងក្រោយរបស់គ្រូវៀតណាម Park Hang Seo?
09, Jan 2023 , 2:39 pm        
រូបភាព
លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម ក្នុងសន្និសីទសារព័ត៌មាន រូបពី VFF
លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម ក្នុងសន្និសីទសារព័ត៌មាន រូបពី VFF
ការប្រកួតជើងទី២ រវាងវៀតណាម និងឥណ្ឌូណេស៊ី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 អាចនឹងក្លាយជាការប្រកួតចុងក្រោយរបស់ លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម ប្រសិនជាម្ចាស់ផ្ទះ មិនអាចឈ្នះ ក្រុមភ្ញៀវឥណ្ឌូណេស៊ី នៅកីឡដ្ឋាន My Dinh នាថ្ងៃទី៩ ខែមករា វេលាម៉ោង ៧:៣០យប់។ លោក Park Hang Seo ចាត់ទុកការប្រកួតនេះសំខាន់បំផុត ព្រោះកិច្ចសន្យា របស់ខ្លួនត្រូវបញ្ចប់ បន្ទាប់ពីចប់ភារកិច្ចនៃការប្រកួតពានតំបន់អាស៊ាននេះ។


កិច្ចសន្យាលោក Park Hang Seo និងក្រុមជម្រើសជាតិវៀតណាម នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ការដឹកនាំប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 20220 គឺជាបេសកកម្មចុងក្រោយសម្រាប់គ្រូបង្វឹករូបនេះ។ ប្រសិនជា វៀតណាម ចាញ់ ឥណ្ឌូណេស៊ី មានន័យថា នេះ គឺជាការប្រកួតចុងក្រោយ ដែលសំខាន់បំផុតសម្រាប់រូបលោក Park Hang Seo។ គ្រូបង្វឹករូបនេះ ដូចជាមិនមានចំណាប់អារម្មណ៍លើចំណាត់ថ្នាក់លេខ៣ទេ ប្រសិនជាវៀតណាម មិនអាចឆ្លងដល់វគ្គផ្តាច់ព្រ័ត្រ។
  

លោក Shin Tae Yong គ្រូជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងសន្និសីទសារព័ត៌មាន រូបពី VFF
 
គ្រូសញ្ជាតិកូរ៉េខាងត្បូង វ័យ ៦៤ឆ្នាំរូបនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី៨ ខែមករា ដូច្នេះថា៖«ដូចតែអ្នកទាំងអស់គ្នា ដឹងហើយថាកុងត្រារបស់ខ្ញុំ និងក្រុមវៀតណាម នឹងបញ្ចប់បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតនេះ។ ប្រសិនជាចាញ់ នឹងក្លាយជាការប្រកួតចុងក្រោយ ក្នុងតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម។ ប្រសិនជាឈ្នះ ខ្ញុំ នឹងមានការប្រកួត២លើក បន្ថែមទៀត។ យើង បានត្រៀមខ្លួនយ៉ាងល្អបំផុត សម្រាប់ការប្រកួត។»។
 
លោក Park Hang Seo យល់ថា លោក Shin Tae-yong គ្រូជម្រើសជាតិឥណ្ឌូណេស៊ី គិតត្រូវដែលចង់ដឹកនាំឥណ្ឌូណេស៊ី ឲ្យមានកម្រិតស្មើ ឬប្រហាក់ប្រហែលវៀតណាម និងថៃ ប៉ុន្ដែការខំប្រឹងទាំងអស់នោះ គួរតែបង្ហាញជាលទ្ធផលជាក់ស្ដែងតាមរយៈការប្រកួត។ គ្រូជម្រើសជាតិវៀតណាម បន្ថែមថា រូបលោក គ្មានសមត្ថភាព ក្នុងការវាយតម្លៃខ្លាំង ឬខ្សោយទៅលើគ្រូជម្រើសជាតិដ៏ទៃឡើយ។ 
 
«ខ្ញុំ គិតថា លោក Shin Tae Yong គិតត្រូវ ប៉ុន្ដែ ខ្ញុំយល់ថា គ្រូបង្វឹក គួរតែបញ្ជាក់ឲ្យច្បាស់តាមរយៈលទ្ធផល នៃការប្រកួត ហើយទទួលខុសត្រូវ សម្រាប់ការប្រកួតនីមួយៗ។»។ លោក Park Hang Seo បាននិយាយដូច្នេះ។
 
ឆ្លើយតបទៅនិងសម្ដីគ្រូជម្រើសជាតិវៀតណាម លោក Shin Tae Yong បញ្ជាក់ថា បើទោះជាការប្រកួតនៅទឹកដីវៀតណាមក៏ដោយ ប៉ុន្ដែកីឡាករឥណ្ឌូណេស៊ី ត្រៀមខ្លួនបានយ៉ាងល្អ។ 
«យើង នឹងលេងឲ្យបានល្អ ហើយព្យាយាមរកជ័យជម្នះ។ យើង ប្រកួតព្រឹត្តិការណ៍នេះ គឺដើម្បីឈ្នះ។ ខ្ញុំ ជឿថាក្រុមវៀតណាម គឺរៀបចំខ្លួនបានល្អ។ ក្រុមការពារបង្ហាញភាពខ្លាំង ប៉ុន្ដែមិនមែនមានន័យយើង មិនវាយសម្រុកនោះទេ។ យ៉ាងហោចណាស់ យើងមានឱកាសមួយចំនួន ដើម្បីរកគ្រាប់បាល់។»។ គ្រូជម្រើសជាតិឥណ្ឌូណេស៊ី បានប្រាប់ក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះ។
 
គួរបញ្ជាក់ថា ការប្រកួតជើងទី១ នៅកីឡដ្ឋាន Gelaro Bung Karno នៃប្រទេសឥណ្ឌូណេស៊ី ក្រុមទាំង២ បានត្រឹមស្មើក្នុងលទ្ធផល ០-០។ តើការដឹកនាំក្រុមជម្រើសជាតិវៀតណាមរបស់ លោក Park Hang Seo នឹងត្រូវបញ្ចប់ត្រឹមប្រកួតនេះ ឬយ៉ាងណា?៕
 

Tag:
 បាល់ទាត់
  Park Hang Seo
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com