កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ធឿន ធារ៉ា សាងកំណត់ត្រាឈ្នះថៃទាំង៣ប្រកួតជាប់គ្នា ក្រោយផ្តួលផាឡាត់សន្លប់ត្រឹមទឹក២
09, Jan 2023 , 3:09 pm        
រូបភាព
ការប្រកួតរវាងបង្គោលក្រហម ធឿន ធារ៉ា(ខោក្រហម) និងបង្គោលខៀវកីឡាករថៃ​ លុក​ ផាឡាត់(ខោខៀវ)។ រូបពី Capture ពីទ.ទ.ក
ការប្រកួតរវាងបង្គោលក្រហម ធឿន ធារ៉ា(ខោក្រហម) និងបង្គោលខៀវកីឡាករថៃ​ លុក​ ផាឡាត់(ខោខៀវ)។ រូបពី Capture ពីទ.ទ.ក
ដោយ: ហៀក ឆក
កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា បានយកឈ្នះកីឡាករថៃ លុក ផាឡាត់ ក្នុងការប្រកួតគុនខ្មែរនៅស្ថានីទូរទស្សន៍ទទក។ ជ័យជម្នះនេះ បាននាំ ធារ៉ាផ្តួលកីឡាករថៃបីរូប ក្នុងការប្រកួត៣លើកចុងក្រោយជាប់គ្នា។ នេះជាប្រវត្តិសាស្រ្តមួយសម្រាប់ ធារ៉ា ដែលអាចសាងសមិទ្ធផលធំៗសម្រាប់ខ្លួន គ្រួសារ និងប្រទេសជាតិកម្ពុជា។ កីឡាកររហស្សនាមអ្នកលេងពូថៅដៃ ទំនងត្រូវប៉ះកីឡាករថៃទី៤ Sammy នៅសង្វៀនទ.ទ.ក ខាងមុខនេះ។

 
ធឿន ធារ៉ា បានសាងកំណត់ត្រាថ្មីដោយវាយ៣ប្រកួតទល់កីឡាករថៃ មិនទាន់ស្គាល់ពាក្យថាបរាជ័យ។ ប្រកួតដំបូងបានយកឈ្នះកីឡាករថៃ សៃយុគ ភុមផាន់មួង នៅសង្វៀន Thai Fight នាប្រទេសថៃ។ ប្រកួតនោះ ត្រឹមទឹកទី១ប៉ុណ្ណោះ ធារ៉ា វាយសម្រុករហូត សៃយុគ រហូតអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត ដោយគ្រូពេព្យពិនិត្យស្ថានភាពមុខរបួសធ្ងន់ធ្ងរ។
 
ប្រកួតបន្ទាប់នៅកម្ពុជា ធឿន ធារ៉ា បានយកឈ្នះកីឡាករថៃ បេកខេម បេនឆាមេក ដោយពិន្ទុក្នុងកម្មវិធីប្រដាល់គុនខ្មែរ នាសង្វៀនប្រដាល់ថោន និងបន្តយកឈ្នះកីឡាករថៃទីបី លុក ផាឡាត់ ដោយវាយឱ្យសន្លប់ក្នុងទឹកទី២ នាសង្វៀន ទ.ទ.ក ក្នុងកម្មវិធីប្រដាល់គុនខ្មែរដូចគ្នា។
 
កីឡាករប្រដាល់គុនខ្មែរអ្នកលេងពូថៅដៃ ធឿន ធារ៉ា នឹងជួបប្រកួតជាមួយកីឡាករថៃ រ៉ឺថៃរ៉ាត់(Sammy) នៅពេលឆាប់ៗខាងមុខនៅសង្វៀន ទទក។ នេះបើតាមការបញ្ជាក់ពីអ្នកផ្គូផ្គងកីឡាករលោក បាង កាយ៉ាក ដែលបានប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិក(Mesenger) នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ធឿន ធារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com