ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវីខាងភាគីកាន់អំណាច នឹងប្តឹងរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ថែមទៀត
09, Jan 2023 , 4:09 pm        
រូបភាព
លោក សម រង្ស៊ី ទៅចូលរួមពិធីបុណ្យក្នុងវត្តខ្មែរ នៅជិតទីក្រុងប៉ារីស ប្រទេសបារាំង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។ សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីមួយ នៅខេត្តក្រចេះ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុករបស់សម្តេច)។
លោក សម រង្ស៊ី ទៅចូលរួមពិធីបុណ្យក្នុងវត្តខ្មែរ នៅជិតទីក្រុងប៉ារីស ប្រទេសបារាំង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។ សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីមួយ នៅខេត្តក្រចេះ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុករបស់សម្តេច)។
ដោយ៖ ទេពញាណ 

ត្រឹមទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ដែលជាកម្មសិទ្ធិរបស់លោក សម រង្ស៊ី និងភរិយា មិនទាន់គ្រប់ទៅនឹងចំនួនទឹកប្រាក់ ដែលត្រូវសងដល់មេដឹកនាំគណបក្សប្រជាជនកម្ពុជាឡើយ។ ក្រុមមេធាវីរបស់មេដឹកនាំគណបក្សកាន់អំណាច នឹងបន្តស្វែងរកទ្រព្យសម្បតិ្តផ្សេងទៀតរបស់លោក សម រង្ស៊ី ដែលមាននៅកម្ពុជា ដើម្បីឲ្យតុលាការដាក់លក់ យកប្រាក់ទៅជូនកូនក្តីរបស់ខ្លួនឲ្យគ្រប់ចំនួន។



លោក គី តិច ប្រធានក្រុមមេធាវី ដែលការពារក្តីឲ្យថ្នាក់ដឹកនាំគណបក្សកាន់អំណាច បានឆ្លើយតបនឹងសារព័ត៌មានថ្មីៗ (Thmeythmey) តាមបណ្តាញតេឡេក្រាម នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖«ការរឹបអូសតាមផ្លូវច្បាប់លើទ្រព្យសម្បត្តិ១កន្លែងនេះ ពុំទាន់បានសងម្ចាស់បំណុលគ្រប់នៅឡើយ។ ក្រុមមេធាវីរបស់ដើមបណ្តឹង នឹងបន្តប្តឹងរឹបអូសបន្តទៀត លើទ្រព្យសម្បត្តិរបស់សម រង្ស៊ី និងលើបុគ្គលប្រព្រឹត្តល្មើសដទៃទៀត តាមច្បាប់របស់ប្រទេស»។
 
ដើមបណ្តឹង ដែលទទួលបានប្រាក់ពីការលក់ទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី មាន៤ភាគី គឺ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា, និងរដ្ឋ។
 
ពេលយកប្រាក់ទាំងអស់របស់សម្តេច ហេង សំរិន ដែលបានពីចំណែកនៃការលក់ទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ទៅជូនមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ លោក គី តិច ត្រូវអ្នកកាសែតសួរថា តើលោក មានបានស្នើទៅតុលាការ ឲ្យរុករកទ្រព្យសម្បត្តិផ្សេងទៀតរបស់លោក សម រង្ស៊ី ដែរឬទេ ដើម្បីលក់យកប្រាក់ទៅបង្គ្រប់តាមការទាមទាររបស់កូនក្តី ជាពិសេសសម្តេច ហ៊ុន សែន? លោក គី តិច ឆ្លើយថា ក្រុមមេធាវីរបស់ដើមបណ្តឹង នឹងធ្វើកិច្ចការនេះ។ 
 
ប៉ុន្តែ ការផ្តល់ចម្លើយត្រង់ៗថា ក្រុមមេធាវី ត្រូវទៅរុករកទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី នៅកន្លែងណាខ្លះ ហើយលោក សម រង្ស៊ី នៅមានទ្រព្យសម្បត្តិផ្សេងទៀតនៅកម្ពុជា ឬក៏អត់នោះ លោក គី តិច សុំមិនឆ្លើយ ដោយលោក លើកហេតុផលថា បើទម្លាយព័ត៌មាននេះជាសាធារណៈ គឺនាំឲ្យខូចការ និងប៉ះពាល់ដល់វិជ្ជាជីវៈ។  
 
កាលពីខែធ្នូ ឆ្នាំ២០២២ សម្តេច ហ៊ុន សែន ប្រកាសក្នុងពិធី១ នៅខេត្តព្រះសីហនុ ថា ទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ដែលជាដីនិងផ្ទះរបស់លោក សម រង្ស៊ី ត្រូវតុលាការលក់បានប្រាក់ប្រមាណ១,៦លានដុល្លារ។ សម្តេច ហ៊ុន សែន អះអាងថា ទឹកប្រាក់ប្រមាណ១,៦លានដុល្លារនោះ នៅមិនទាន់គ្រប់ចំនួន ដែលលោក សម រង្ស៊ី ត្រូវសងសម្តេច និងដើមបណ្តឹងផ្សេងទៀតនោះទេ ដ្បិតដើមបណ្តឹងទាំងអស់ ទារសំណងជំងឺចិត្តពីលោក សរុបជិត២លានដុល្លារ ដោយក្នុងនោះ គ្រាន់តែសម្តេចម្នាក់ឯង ទារលោកដល់ទៅ១លានដុល្លារ។ 
 
លោក គី តិច ប្រាប់អ្នកកាសែត នៅមន្ទីរពេទ្យគន្ធបុប្ផាថា ទឹកប្រាក់ប្រមាណ១,៦លានដុល្លារ  ដែលបានពីការលក់ទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ត្រូវបានបែងចែកទៅឲ្យដើមបណ្តឹងទាំង៤ភាគី រួមមាន សម្តេច ហ៊ុន សែន ទទួលបានជាង៧,៧សែនដុល្លារ រដ្ឋ ទទួលបានជាង៤,៣សែនដុល្លារ សម្តេច ស ខេង ទទួលបានជាង៣,៨សែនដុល្លារ និងសម្តេច ហេង សំរិន ទទួលបានជាង៤,៨ម៉ឺនដុល្លារ។  
 
សម្តេច ហ៊ុន សែន លើកឡើងក្នុងពិធីខាងលើថា លោក សម រង្ស៊ី នៅជំពាក់សម្តេច ចំនួន៣សែនដុល្លារទៀត។ ប្រមុខគណបក្សកាន់អំណាច ថ្លែងដូច្នេះថា៖«តាមរក [ទ្រព្យសម្បត្តិរបស់អ្នក] ទៀត»។  
 
ក្នុងរឿងក្តីនេះ លោក សម រង្ស៊ី ត្រូវមេដឹកនាំគណបក្សកាន់អំណាច ប្តឹងពីបទបរិហារកេរ្តិ៍។ ប្រមុខគណបក្សកាន់អំណាច បកស្រាយថា ការប្តឹងទារសំណងពីអ្នកដែលបរិហារកេរ្តិ៍គេ គឺជារឿងធម្មតា។ 
 
សម្តេចទាំង៣ មិនទុកប្រាក់ ដែលបានពីការលក់ទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី សម្រាប់ខ្លួនឯងឡើយ។ បើតាមលោកមេធាវី គី តិច សម្តេច ហេង សំរិន យកទៅបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា សម្តេច ហ៊ុន សែន ផ្តល់ឲ្យក្រុមមេធាវីរបស់សម្តេច សម្រាប់ចំណាយលើការការពារក្តីជូនអ្នកក្រីក្រ ហើយសម្តេច ស ខេង ទុកកសាងសាលារៀន និងមណ្ឌលកំមារកំព្រា នៅតាមខេត្ត។
 
លោក សម រង្ស៊ី ធ្លាប់និយាយជាមួយវិទ្យុអាស៊ីសេរី តាំងចុងឆ្នាំ២០២១ថា លោក មិនខ្វល់ចំពោះការរឹបអូសយកទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ដែលជាកម្មសិទ្ធិរបស់លោក ពីសំណាក់តុលាការនោះទេ។ លោក បន្តថា លោក មិនមែនមនុស្សសម្ភារៈនិយម ដូច្នេះ រឿងលុយកាក់ ផ្ទះសម្បែង និង ដីធ្លី ជាដើម មិនសំខាន់ចំពោះលោកឡើយ។ 
 
លោក មានប្រសាសន៍នាពេលនោះថា៖«ខ្ញុំ ជាមនុស្ស ដែលអត់មានចំណង។ ខ្ញុំ អត់ខ្លាចបាត់ទ្រព្យសម្បត្តិបន្តិចបន្តួច ដែលខ្ញុំមាននៅប្រទេសកម្ពុជាទេ។ [គេ រឹបអូសយក] ក៏ល្អម្យ៉ាងដែរ ឲ្យវាអស់ចំណងសម្ភារៈ គឺខ្ញុំ នៅ [សល់] តែចំណងចិត្តជាមួយប្រជារាស្រ្តខ្មែរ ជាមួយមាតុភូមិ»។ 
 
លោក សម រង្ស៊ី ជាមេដឹកនាំប្រឆាំង ដែលរុំព័ទ្ធទៅដោយបណ្តឹងយ៉ាងច្រើនស្អេកស្កះ រហូតធ្វើឲ្យលោក លែងអាចចូលស្រុកបាន។ ជាក់ស្តែង នាចុងឆ្នាំ២០២២ ដែលទើបកន្លងទៅថ្មីៗនេះ តុលាការភ្នំពេញ បានកាត់ទោសលោកយ៉ាងធ្ងន់ធ្ងរ ក្នុងសំណុំរឿង១ ដោយសម្រេចឲ្យមេដឹកនាំប្រឆាំង ដែលកំពុងរស់នៅឯស្រុកបារាំងរូបនេះ ជាប់ពន្ធនាគារអស់១ជីវិត និងហាមមិនឲ្យធ្វើនយោបាយអស់១ជីវិតផងដែរ៕ 
 
 
 

Tag:
 សម រង្ស៊ី
  ហ៊ុន សែន
  គី តិច
© រក្សាសិទ្ធិដោយ thmeythmey.com