កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe រិះគន់ប្រធានបាល់ទាត់បារាំង Le Graet ចំពោះការមិនគោរព Zidane 
×![]()
ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានចេញមុខការពារលោក Zinedine Zidane បន្ទាប់ពីប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) និយាយថាខ្លួននឹងមិនលើកទូរសព្ទទេ ប្រសិន Zidane ខលហៅទីពិភាក្សាគ្នាជុំវិញការងារជាគ្រូជម្រើសជាតិបារាំង។
FFF បានប្រកាសពីការបន្តកិច្ចសន្យារបស់គ្រូបង្វឹកលោក Didier Deschamps កាលពីសប្តាហ៍មុន បន្ទាប់ពីលោក Deschamps បានដឹកនាំក្រុមមាន់គកបារាំងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទីពីរ បើទោះបានត្រឹមរងជើងឯកក្រោយចាញ់អាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រនៅកាតា។ មុនបន្តកិច្ចសន្យានេះ លោក Zidane ត្រូវបានគេឡើងឡើងថាទំនងអាចក្លាយជាគ្រូបារាំងស្នងតំណែង Deschamps។
នៅពេលសួរថាតើ Zidane ដែលជួយបារាំងលើកពាន World Cup ឆ្នាំ ១៩៩៨ អាចជំនួស Deschamps វិញទេ លោក Le Graet ប្រធាន FFF បានឆ្លើយដោយបង្ហាញពីការមិនពេញចិត្តសម្រាប់ជម្រើសថ្មីជា Zidane ឡើយ។
ប្រធាន FFF ប្រាប់កាសែត RMC ថា៖«ខ្ញុំដឹងច្បាស់ថា Zidane តែងតែស្ថិតក្នុងជម្រើសរបស់ក្រុមបារាំង។ គាត់មានអ្នកគាំទ្រច្រើន អ្នកខ្លះកំពុងរង់ចាំការចាកចេញរបស់ Deschamps... ប៉ុន្តែពេលនេះគ្មានអ្នកណាសមជាង Deschamps ទេ?»។
អ្វីដែលគួរភ្ញាក់ផ្អើល លោក Le Graet បន្ថែមថា បើ Zidane ព្យាយាមខលទូរសព្ទមកខ្លួន ដើម្បីនិយាយរឿងតំណែងគ្រូបារាំង លោកនឹងមិនលើកទូរសព្ទឡើយ។
ការលើកឡើងរបស់លោក Graet ទៅកាន់ Zidane បែបនេះ បានធ្វើឱ្យ Mbappe ខ្សែប្រយុទ្ធបារាំង មិនពេញចិត្តឡើយ។ សមាជិកក្រុម Paris Saint-Germain រូបនេះ បានបង្ហោះលើបណ្តាញសង្គម Twitter ថា លោក Zidane ជាវិរបុរសរបស់បារាំងម្នាក់ដែរ មិនគួរលោក Le Graet និយាយមិនឱ្យតម្លៃបែបនេះទេ។
មិនត្រឹមតែ Mbappe ឡើយ រដ្ឋមន្ត្រីក្រសួងកីឡាបារាំងអ្នកស្រី Amelie Oudea-Castera ក៏ប្រតិកម្មនឹងការអត្ថាធិប្បាយរបស់ Le Graet ដែរ។ អ្នកស្រីនិយាយថា ប្រធានសហព័ន្ធកីឡាបាល់ទាត់ដ៏ធំបំផុតរបស់បារាំងមិនសមនិយាយពាក្យនេះទេ៕
Tag:
Kylian Mbappe
Zinedine Zidane
© រក្សាសិទ្ធិដោយ thmeythmey.com