ជាតិ
ក្រសួងសាធារណការ ផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្ស ២០០នាក់ 
×![]()
ភ្នំពេញ៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កំពុងបើកឱកាសឱ្យសិស្សានុសិស្ស ដើម្បីប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្រចំនួន ២០០នាក់។ ក្នុងនោះបេក្ខជន ៥០នាក់ ដែលប្រឡងបានលំដាប់ពិន្ទុខ្ពស់ជាង នឹងទទួលបានអាហារូបករណ៍ ១០០ភាគរយ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់វិទ្យាស្ថាន ក្រៅពីបេក្ខជន៥០នាក់ ប្រឡងយកអាហារូបករណ៍១០០ភាគរយនោះ បេក្ខជន១៥០នាក់ អាចទទួលបានអាហារូបករណ៍៥០ភាគរយ រយៈពេល ៤ទៅ ៥ឆ្នាំ ទៅតាមជំនាញនីមួយៗ។ វិទ្យាស្ថានលើកទឹកចិត្តស្ត្រីជាអាទិភាពផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា៖« និស្សិតដែលមានបំណងចូលសិក្សានៅវិទ្យាស្ថាននេះ ត្រូវឆ្លងកាត់ការប្រឡងតេស្តសមត្ថភាពជាមុនសិន និងមានតែនិស្សិតដែលប្រឡងជាប់តែប៉ុណ្ណោះ ដែលមានសិទ្ធិចូលរៀនបាន។ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងតក្កវិទ្យា ជាមុខវិជ្ជាដែលត្រូវប្រឡង។»។
សូមជម្រាបថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណ ដែលកំពុងបណ្តុះបណ្តាល និស្សិតលើជំនាញចំនួន៦ រួមមាន ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ, ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់, ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូនផ្លូវគោក, ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ជំនាញបើកបរនាវា និងជំនាញម៉ាស៊ីននាវា៕




© រក្សាសិទ្ធិដោយ thmeythmey.com