កីឡាអន្តរជាតិ
អន្តរជាតិ
Bloomberg៖ Man Utd, Liverpool, Spurs ជាគោលដៅចង់បានរបស់ក្រុមហ៊ុនយក្សកាតា
10, Jan 2023 , 11:29 am        
រូបភាព
Manchester United, Tottenham Hotspur និង Liverpool ក្លិបកីឡាបាល់ទាត់អង់គ្លេស Premier League ស្ថិតក្រោមគោលដៅចង់បានរបស់ក្រុមហ៊ុនជំនួញកីឡាដ៏ល្បីរបស់កាតា (Qatar Sports Investments) ហៅកាត់ថា QSI។ នេះបើយោងតាម Bloomberg News បានចុះផ្សាយនៅថ្ងៃទី៩ ខែមករា។



លោក Nasser Al-Khelaifi ប្រធានក្រុមហ៊ុន QSI ថ្មីៗនេះបានពិភាក្សាជាមួយប្រធានក្លិប Tottenham Hotspur លោក Daniel Levy ជុំវិញការទិញភាគហ៊ុនមួយភាគធំទៅកាន់កាប់។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរបាយការណ៍ដែលកាសែតសេដ្ឋកិច្ច Bloomberg ទទួលបាន ក្រុមហ៊ុនដ៏ធំរបស់កាតាមួយនេះ បានពិចារណាលើការទិញយកភាគហ៊ុនរបស់ Man Utd ឬ Liverpool ទៀតផង។
 
នៅមុនការចាប់អារម្មណ៍របស់ QSI គ្រួសារ Glazer ម្ចាស់ក្លិបបិសាចក្រហម ក៏កំពុងសម្លឹងមើលជម្រើសលក់ភាគហ៊ុនផងដែរ ស្របពេលអ្នកគាំទ្រមិនពេញចិត្តការគ្រប់គ្រងរបស់ខ្លួន ចាប់តាំងពីក្រុមធ្លាក់ប្រជាប្រិយភាពនៅប៉ុន្មានរដូវកាលចុងក្រោយ។
 
នៅក្នុងសេចក្តីប្រកាសមួយកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្លិបមានមូលដ្ឋានក្នុងក្រុង Manchester និយាយថា គ្រួសារ Glazer បានធ្វើការជាមួយទីប្រឹក្សាហិរញ្ញវត្ថុលើដំណើរការ ដែលអាចនាំទៅដល់ការលក់ហ៊ុនមួយផ្នែក ដើម្បីកែសម្រួលកីឡដ្ឋាន Old Trafford ឡើងវិញ និងដើម្បីអភិវឌ្ឍន៍តម្រូវការផ្សេងៗ។
 
ដោយឡែក ប្រធានក្លិប Liverpool លោក Tom Werner ក៏បាននិយាយកាលពីខែវិច្ឆិកាថា ក្រុមហ៊ុន Fenway Sports Group (FSG) ដែលជាម្ចាស់ក្លិបហង្សក្រហម ក៏មានបំណងលក់ហ៊ុនធំរបស់ខ្លួនដែរ។
 
យ៉ាងណាក៏ដោយ ជុំវិញព័ត៌មានខាងលើ ទាំក្លិប Man Utd, Spurs និងក្រុមហ៊ុន Qatar Sports Investments មិនបានប្រាប់លម្អិត ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Bloomberg ទេ ខណៈដែល Liverpool មិនអាចទាក់ទងបានភ្លាមៗដើម្បីសុំការអត្ថាធិប្បាយ។
 
បច្ចុប្បន្ន Qatar Sports Investments ជាម្ចាស់ក្លិបកីឡាបាល់ទាត់បារាំង Paris St Germain និងមានភាគហ៊ុនមួយចំនួនក្នុងក្លិបបាល់ទាត់ព័រទុយហ្កាល់ SC Braga៕
 

Tag:
 Bloomberg
  Qatar Sports Investments
© រក្សាសិទ្ធិដោយ thmeythmey.com