កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាម ឈ្នះឥណ្ឌូណេស៊ីលើកដំបូងនៅ២៦ឆ្នាំក្រោយ ឡើងទៅចាំ ថៃ ឬម៉ាឡេស៊ី វគ្គផ្តាច់ព្រ័ត្រ AFF Cup
10, Jan 2023 , 1:59 pm        
រូបភាព
លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម រូបពី VFF
លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម រូបពី VFF
នាយប់ថ្ងៃទី៩ ខែមករា ក្រុមជម្រើសជាតិវៀតណាម បានទម្លាក់ឥណ្ឌូណេស៊ី នៅកីឡដ្ឋាន My Dinh ក្នុងលទ្ធផល ២-០ ជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Cup ឆ្នាំ ២០២២ និងជាការឈ្នះលើកដំបូងក្នុងរយៈពេល២៦ឆ្នាំ។ លទ្ធផលនេះ ធ្វើឲ្យលោក Park Hang Seo មានសង្ឃឹមដឹកនាំឲ្យក្រុមវៀតណាម ដណ្ដើមពានរង្វាន់ AFF Championship រដូវកាលទី១៤ ដែលជាបេសកកម្មចុងក្រោយរបស់ខ្លួន។ វៀតណាមត្រូវរង់ចាំ ជំនួបរវាង ថៃ និងម៉ាឡេស៊ី ជើងទី២ នៅថ្ងៃទី១០ ខែមករា វេលាម៉ោង ៧:៣០យប់ នៅកីឡដ្ឋាន Thammasat។



ក្រុមជម្រើសជាតិវៀតណាម បានធ្វើឲ្យគ្រូបង្វឹកលោក Park Hang Seo មានមោទកភាពជាខ្លាំង ក្នុងការឈ្នះឥណ្ឌូណេស៊ីក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022។ មុនការប្រកួតគ្រូបង្វឹករូបនេះ បាននិយាយទុកមុនថា ការប្រកួតនេះ អាចជាលើកចុងក្រោយសម្រាប់លោកក្នុងនាមគ្រូក្រុមវៀតណាម ប្រសិនជាចាញ់ ឥណ្ឌូណេស៊ី។ ប៉ុន្ដែពេលនេះ លោក Park Hang Seo នឹងត្រូវដឹកនាំក្រុមបន្ថែមរហូតបញ្ចប់បេសកកម្មប្រកួត AFF Cup។ 
 
អ្វីដែលលោក Park Hang Seo សប្បាយចិត្តជាងនេះទៀត គឺក្រោមការដឹកនាំរបស់លោក ក្រុមជម្រើសជាតិវៀតណាម បានបំបែកកំណត់ត្រារយៈពេល ២៦ឆ្នាំ ដោយបានបញ្ចប់ការមិនធ្លាប់យកឈ្នះលើក្រុមឥណ្ឌូណេស៊ី ក្នុងព្រឹត្តិការណ៍ AFFនេះ ត្រឹមដើមឆ្នាំ២០២៣។
 

លោក Mano Polking គ្រូជម្រើសជាតិថៃ ថ្លែងក្នុងសន្និសីទសារព័តមាន រូបពី AFF Mitsubishi Electric Cup
 
 គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ បាននិយាយក្នុងសន្និសីទក្រោយបញ្ចប់ការប្រកួតដូច្នេះថា៖«ក្រុមជម្រើសជាតិវៀតណាម បានបំបែកកំណត់ត្រា ២៦ឆ្នាំ មិនធ្លាប់ឈ្នះឥណ្ឌូណេស៊ី ក្នុងព្រឹត្តិការណ៍ AFF Cup។ មុនពេលប្រកួត ខ្ញុំ បានប្រាប់កីឡាករទាំងអស់ថា ត្រូវបំបែកកំណត់ត្រាដ៏អាក្រក់ចេញ ដូច្នេះ កីឡាករជំនាន់ក្រោយ មិនចាំបាច់នៅក្នុងសម្ពាធទៀតទេ។ យើងមានការប្រកួតដ៏ល្អក្នុងទឹកដី។ ខ្ញុំ ពិតជាមានមោទកភាព​ចំពោះការខំប្រឹងប្រែងរបស់កីឡាករទាំងអស់។»។
 
បន្ទាប់ពីវៀតណាម បានកក់កកៅអីទៅវគ្គផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃទី១០ ខែមករានេះ ក្រុមការពារតំណែងជើងឯកថៃ ត្រូវបើកទ្វារកីឡដ្ឋាន Thammasat ទទួលក្រុមជម្រើសជាតិម៉ាឡេស៊ី សម្រាប់ជំនួបជើងទី២។
 
លោក Mano Polking គ្រូជម្រើសជាតិថៃ មិនខ្វល់ពីរបៀបលេងរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី បែបណាទេ ព្រោះខ្លួន បានដាក់គោលដៅជាមួយកីឡាករ ត្រូវធ្វើយ៉ាងណាឈានទៅវគ្គផ្ដាច់ព្រ័ត្រឲ្យបានដាច់ខាត។ ម្យ៉ាងវិញទៀត ការចាញ់ម៉ាឡេស៊ីជើងទីមួយ ក្នុងលទ្ធផល ១-០ កាលពីថ្ងៃទី៧ ខែមករា នៅកីឡដ្ឋានជាតិ Bukit Jalil លោក Mano Polking យល់ថាប្រសិនជាកីឡាករខ្លួន នៅបន្ដលេង ឬរក្សាទម្រង់លេងបែបនេះ ប្រាកដជាអាចយកឈ្នះម៉ាឡេស៊ីជាមិនខាន។
  
«យើង ប្រកួតបានយ៉ាងល្អ ក្នុងទឹកដីម៉ាឡេស៊ី។ ពេលនេះ ជាការប្រកួតថ្មី។ យើងមានគោលដៅក្នុងការបង្ហាញទម្រង់លេង ឲ្យដូចការប្រកួត២ថ្ងៃកន្លងទៅ។ យើង ក៏សម្លឹងឃើញការវាយបកយកគ្រាប់បាល់ផងដែរ។ ខ្ញុំ មិនព្រួយបារម្ភ អំពីរបៀបដែលក្រុមម៉ាឡេស៊ី​ ប្រកួតទេ ព្រោះយើងមានគោលដៅច្បាស់លាស់ សម្រាប់ទៅវគ្គផ្ដាច់ព្រ័ត្រ។ យើងគ្រាន់តែផ្ដោតទៅលើអ្វី ដែលយើងអាចធ្វើបាន និងរបៀបដែលយើងត្រូវលេង។»។ គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បាននិយាយដូច្នេះ។
 
ដោយឡែក លោក Kim Pan gon គ្រូជម្រើសជាតិម៉ាឡេស៊ី យល់ឃើញថាការក្តោបក្ដាប់ឱកាស ជារឿងមួយសំខាន់មិនថាគូប្រកួតមានកម្រិតយ៉ាងណាទេ។ លោក Kim Pan Gon បាននិយាយដូច្នេះថា៖«យើងមានប្រៀបជាងសម្រាប់ការប្រកួតជើងទី១ ប៉ុន្ដែនេះ គឺជាការប្រកួតក្រៅដី។ ដូច្នេះយើងមានការប្រុងប្រៀប ទាំងផ្នែកស្មារតី និងកម្លាំងកាយសម្បទាសម្រាប់ប្រកួត ទាំងមានទំនុកចិត្ត។ យើង នឹងរងចាំមើលស្ថានការប្រកួត យើងមានយុទ្ធសាស្ដ្រទី១ ទី២ និងទី៣ ប្រសិនជាស្ថានការណ៍ប្រកួតប្រែប្រួល។ ពេល ដែលខ្ញុំត្រូវបានតែងតាំងជាគ្រូបង្វឹកម៉ាឡេស៊ី ខ្ញុំមានគោលដៅក្នុងការដណ្ដើមយកពានព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នេះ។»។
 
តើ ថៃ ក្រុមការពារតំណែងជើងឯកឆ្នាំ២០២០ និងជាម្ចាស់ជើងឯក៥សម័យ ឬម៉ាឡេស៊ីជើងឯកមួយសម័យកាល នឹងត្រូវឡើងទៅជួបវៀតណាម វគ្គផ្តាច់ព្រ័ត្រ?៕
 

លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម រូបពី VFF

 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com