កីឡាអន្តរជាតិ
អន្តរជាតិ
Hugo Lloris អ្នកចាំទី និងប្រធានក្រុមបារាំង ចូលនិវត្តន៍ពីក្រុមជម្រើសជាតិ នៅវ័យ៣៦ឆ្នាំ
10, Jan 2023 , 5:29 pm        
រូបភាព
អ្នកចាំទី Hugo Lloris ដែលជួយបារាំងឈ្នះជើងឯក FIFA World Cup ឆ្នាំ ២០១៨ បានប្រកាសចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិ​ត្រឹមវ័យ ៣៦ឆ្នាំ ថ្ងៃទី៩ ខែមករា។ បញ្ចប់ភារកិច្ចជាមួយជម្រើសជាតិ ប្រធានក្រុម Lloris ថារូបគេចង់ចំណាយពេលឱ្យបានច្រើនជាមួយក្រុមគ្រួសារ។



Lloris បានបង្ហាញខ្លួនចំនួន ១៤៥ប្រកួតសម្រាប់ក្រុមជម្រើសជាតិបារាំងពីឆ្នាំ ២០០៨​ ដល់ឆ្នាំ ២០២២ ​​​ហើយអ្នកចាទីក្រុម Tottenham Hotspur រូបនេះបានក្លាយជាប្រធានក្រុមបារាំងចំនួន ១២១ប្រកួតដែលជាកំណត់ត្រាដ៏វែងមួយ។ 
 
អ្នកចាំទីវ័យ៣៦ឆ្នាំ ចាប់ផ្តើមការប្រកួតអន្តរជាតិជាមួយបារាំងដំបូងឆ្នាំ ២០០៨ ហើយរូបគេបានលេងនៅក្នុងពានរង្វាន់ UEFA Euro ឆ្នាំ ២០១២,២០១៦ និង ២០២០ និងបានបង្ហាញខ្លួនលេងព្រឹត្តិការណ៍ World Cup ៤លើកឆ្នាំ ២០១០,២០១៤,២០១៨ និងឆ្នាំ ២០២២។ ឆ្នាំ ២០១៨  Lloris ជួយនាំក្រុមលើកពាន World Cup ដែលជាពានរង្វាន់លើកទីពីរក្នុងប្រវត្តិសាស្ត្របារាំង។
 
«នៅពេលមួយដែលអ្នកត្រូវដឹងអំពីការផ្ទេរតំណែងមួយនេះហើយ ខ្ញុំត្រូវតែនិយាយម្តងហើយម្តងទៀតថាក្រុមជម្រើសជាតិបារាំងមិនមែនជារបស់នរណាតែម្នាក់នោះទេ យើងត្រូវតែទទួលស្គាល់ពីរឿងនេះ។ ខ្ញុំជឿថា ក្រុមនឹងបន្តទៅមុខបានល្អ ជាមួយអ្នកចាំទីល្អៗច្រើនរូប ដែលត្រៀមខ្លួនបានរួចរាល់ដូចជា ​Mike Maignan​ ជាដើម។ នេះជាវេលាសម្រាប់ខ្ញុំ ជាពិសេសប្រពន្ធកូនខ្ញុំ។»។ Lloris បាននិយាយប្រាប់កាសែត L’Equipe ក្នុងកិច្ចសម្ភាសបែបនេះ។
 
ក្រៅពីពានរង្វាន់ World Cup ឆ្នាំ ២០១៨ Lloris ក៏បានជួយបារាំងឈ្នះពានរង្វាន់ UEFA Nations League ក្នុងឆ្នាំ ២០២១ ហើយក៏បាននាំបារាំងឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA UERO ឆ្នាំ ២០១៦។ 
 
ការប្រកាសចូលនិវត្តន៍របស់ Lloris នេះធ្វើឡើងស្របពេលដែលអតីតមិត្តរួមក្រុមរបស់គេគឺ Gareth Bale បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់នៅថ្ងៃទី៩ ខែមករាដូចគ្នា៕
 
 
 

Tag:
 Hugo Lloris
  France
© រក្សាសិទ្ធិដោយ thmeythmey.com