កីឡាជាតិ
ជាតិ
ជុំវិញតម្លៃខ្លួន ធឿន ធារ៉ា៖ លោក អេ ភូថង ថាខ្លួនគ្មានសិទ្ធទារដំឡើងទេ អាស្រ័យលើអ្នកឧបត្ថម្ភ
10, Jan 2023 , 9:59 pm        
រូបភាព
លោក អេ ភូថង អ្នកស្រី សាំង សុម៉ាលី និង ធឿន ធារ៉ា នៅចន្លោះកណ្ដាល បន្ទាប់ពីឈ្នះ ខ្សែក្រវ៉ាត់ Thai Fight រូបពី ធឿន ធារ៉ា
លោក អេ ភូថង អ្នកស្រី សាំង សុម៉ាលី និង ធឿន ធារ៉ា នៅចន្លោះកណ្ដាល បន្ទាប់ពីឈ្នះ ខ្សែក្រវ៉ាត់ Thai Fight រូបពី ធឿន ធារ៉ា
លោក អេ ភូថង ប្រធានក្លិបប្រដាល់គុនខ្មែរ អេ ភូថង បញ្ជាក់ថា ខ្លួនមិនអាចទារឡើងតម្លៃខ្លួនរបស់ធឿន ធារ៉ានោះទេ ប៉ុន្តែ អាស្រ័យលើអ្នកឧបត្ថម្ភ និងអ្នករៀបចំកម្មវិធីប្រកួតឯណោះទេ។ ការអះអាងរបស់ប្រធានក្លិបអេ ភូថងបែបនេះ ព្រោះទីផ្សារកីឡាករប្រដាល់ នៅកម្ពុជា នៅមានកម្រិតនៅឡើយ។ តម្លៃខ្លួនកើនឡើងខ្ពស់ នោះនឹងមិនមានសង្វៀន ឬកម្មវិធីណាអញ្ជើញឲ្យចូលរួមទេ ប៉ុន្ដែករណីកីឡាករល្អ និងល្បីឈ្មោះ ទំនងអ្នករៀបចំអាចគិតអំពីរឿងតម្លៃខ្លួនណាមួយ។



លោក អេ ភូថង អតីតកីឡាករប្រដាល់គុនខ្មែរដ៏ល្បីឈ្មោះរបស់កម្ពុជា បានផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗថា តម្លៃខ្លួនកីឡាករនៅកម្ពុជា មិនទាន់ខ្ពស់នៅឡើយទេ ព្រោះអាស្រ័យទៅលើអ្នកឧបត្ថម្ភកម្មវិធីប្រកួត។ ប្រសិន កម្មវិធី មានអ្នកឧបត្ថម្ភច្រើន នោះតម្លៃខ្លួនកីឡាករ ក៏ទទួលបានច្រើន។ ប្រធានក្លិបរូបនេះ បញ្ជាក់បន្ថែមទៀតថា ក្នុងនាមជាប្រធានក្លិប ខ្លួនមិនអាចទៅកំណត់តម្លៃខ្លួនកីឡាករបានទេ បើទោះជាពួកគេជាកូនសិស្សខ្លួនក៏ដោយ។ ម្យ៉ាងវិញទៀត ការមិនទាមទារតម្លៃខ្លួនខ្ពស់នេះ ក៏ជាការបើកផ្លូវដល់កីឡាករថ្នាល និងកីឡាករមួយចំនួនទៀត អាចចេញទៅប្រកួតបាន។ 
  

លោក អេ ភូថង ផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗ
 
ប្រធានក្លិបវ័យ ៤៨ឆ្នាំរូបនេះ ជឿជាក់ថា អ្នកឧបត្ថម្ភ នឹងឡើងតម្លៃខ្លួនដល់ ធឿន ធារ៉ា ដើម្បីជាការលើកទឹកចិត្ត ឲ្យមានស្មារតីប្រឹងហ្វឹកហាត់ និងប្រកួតអន្ដរជាតិបន្ថែមទៀត។ ដោយឡែកចំពោះតម្លៃខ្លួន របស់ ធឿន ធារ៉ា មុនឈ្នះខ្សែក្រវ៉ាត់ Thai Fight លោក អេ ភូថង សុំមិនបញ្ជាក់នោះទេ។
 
«ខ្ញុំ ជឿជាក់ថា តាមស្ថានីយ៍ នឹងអាចឡើងតម្លៃខ្លួនឲ្យ ធឿន ធារ៉ា ព្រោះខ្ញុំ ម្ចាស់ក្លិប មិនអាចទាមទារឱ្យបានទេ។ គេ ជាអ្នកចាត់ចែងឲ្យយើងវៃ ប្រសិនជាគេ ខឹងយើង គេអាចមិនរៀបចំឲ្យយើងប្រកួតក៏បានដែរ។ ឥឡូវយើង តាមតែស្ថានីយ៍រៀបចំឲ្យយើង គេចង់ឡើងតម្លៃខ្លួនក៏បាន មិនឡើងក៏បាន។ ប្រសិនយើងទាមទារច្រើន ឧបសគ្គក៏ច្រើន។ ឧទាហរណ៍ បើធឿន ធារ៉ា ទាមទារគេច្រើន អ៊ីចឹងសិស្សប្អូនៗ នៅប្រកួតក្រោយៗ ក្លិបនឹងមិនត្រូវបានគេចាប់គូឲ្យប្រកួត ហើយទុកកីឡាករក្មេងៗចោល។»។ លោក អេ ភូថង បាននិយាយដូច្នេះ។ 
 
ក្នុងពេលជាមួយគ្នានេះដែរ ប្រធានក្លិបអេ ភូថង យល់ឃើញថា បើទោះ ធឿន ធារ៉ា ជាកីឡាករ និងជាកូនសិស្ស ដែលមានសមត្ថភាពខ្លាំងក្នុងក្លិប តែកីឡាកររូបនេះ មិនទាន់អាចទទួលបាននាមជាស្ដេចប្រដាល់គុនខ្មែរនៅឡើយទេ។ 
 
លោក អេ ភូថង បានបញ្ជាក់ថា ការឈ្នះខ្សែក្រវ៉ាត់ Thai Fight គឺជាជោគជ័យដ៏ល្អ ប៉ុន្ដែ ធារ៉ា ទើបតែសម្រេចបាន ៣០ ទៅ ៤០ភាគរយប៉ុណ្ណោះ។ នោះ មានន័យថាលោក អេ ភូថង ម្ចាស់រហស្សនាមកែងឆេះជង្គង់ហោះ ចង់ឲ្យ ម្ចាស់ខ្សែក្រវ៉ាត់ Thai Fightរូបនេះ ប្រឹងប្រែងបន្ថែម ដោយឲ្យពិភពលោកទាំងមូលស្គាល់នូវ«ប្រដាល់គុនខ្មែរ»។
 
«សម្រាប់ងារ «ស្ដេចប្រដាល់» ធឿន ធារ៉ា មិនទាន់អាចស្នងបានទេ គឺត្រូវប្រឹងប្រែងតិចទៀត។ និយាយរួមទៅ ការសម្រេចបានប៉ុណ្ណេះ មិនទាន់បាន ៥០-៦០ ភាគរយ ដែលខ្ញុំចង់បានផង។ ខ្ញុំចង់ឲ្យ ធឿន ធារ៉ា ខ្លាំងជាងនេះទៀត ដើម្បីគុនខ្មែរយើង។ ខ្ញុំ ចង់ឲ្យគេស្គាល់គុនខ្មែរ ១០០ភាគរយ។ ខ្ញុំ ចង់ឲ្យ ធឿន ធារ៉ាបង្ហាញនូវក្បាច់គុនខ្មែរ។ ខ្ញុំជឿជាក់ថា ធឿន ធារ៉ា នឹងក្លាយជាស្ដេចប្រដាល់។»។ លោក អេ ភូថង រៀបរាប់ទាំងសម្ដីម៉ឺងម៉ាត់ដូច្នេះ។
 
គ្រូបង្វឹកដែលមានដើមកំណើតនៅខេត្តកោះកុងរូបនេះ ក៏បានបញ្ជាក់បន្ថែមទៀតដែរថា ធារ៉ា អាចប្រកួតម្តង ទៅ២ដង ក្នុងមួយខែ ដើម្បីសមក្បាច់គុនផង ក៏ដូចជាការប្រកួតដើម្បីពង្រឹងសមត្ថភាពផងដែរ។ 
 
គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះថា៖«យើង មិនមែនល្មោភចង់បានថវិការទេ ឲ្យតែមានសមត្ថភាពវៃចេះតែវៃ យើងមើលដែរ ប្រសិនជាកីឡាករមិនមានរបួស។ ប៉ុន្ដែ យើងវៃដើម្បីសមៗស្នារដៃយើង មិនមែនទុកដល់ ១-២ខែ វៃម្ដង វានាំឲ្យគាំងក្បាច់គុន។ កន្លះខែវាយម្ដង ១ខែវាយ២ដង នេះ មានន័យថា គាត់ហ្វឹកហាត់ផង គាត់ប្រកួតផង។»។
 
​កីឡាករ ធឿន ធារ៉ា បានប្រកួតឈ្នះ កីឡាករ សៃ យុគ ហើយក្លាយជាម្ចាស់ខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្ដេចថៃកាលពីថ្ងៃទី២៤ ខែធ្នូ ។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យបរទេសជាពិសេសស្ថាប័នប្រដាល់ពិភពលោក WMO (World MuayThai Organization) ដាក់កីឡាករខ្មែររូបនេះនៅចំណាត់ថ្នាក់ទី១ ក្នុងតារាងរបស់ខ្លួនទៀតផង៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com