ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សប្រជាជនខេត្តត្បូងឃ្មុំ ប្តឹងទារប្រាក់ «កន្លះលានដុល្លារ» ពីលោក គង់ គាំ
11, Jan 2023 , 1:20 pm        
រូបភាព
លោក គង់ គាំ ថ្លែងក្នុងពិធីប្រកាសសុពលភាពក្រុមការងារគណបក្សភ្លើងទៀននៅខេត្តប៉ៃលិននាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់លោក)។
លោក គង់ គាំ ថ្លែងក្នុងពិធីប្រកាសសុពលភាពក្រុមការងារគណបក្សភ្លើងទៀននៅខេត្តប៉ៃលិននាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់លោក)។
ដោយ៖ ទេពញាណ

ក្រោយការព្រមានរបស់សម្តេច ហ៊ុន សែន តែ១ថ្ងៃប៉ុណ្ណោះ លោក គង់ គាំ ក៏រងបណ្តឹងពីគណបក្សកាន់អំណាចពិតមែន ដោយទារប្រាក់ពីលោកដល់ទៅកន្លះលានដុល្លារ។ លោក ប្រកាសថា មិនបារម្ភអ្វីឡើយ។



ដោយមិនអាចទទួលយកបានចំពោះការទិតៀនពីសំណាក់លោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សភ្លើងទៀន ទៅលើថ្ងៃ៧មករា និងទៅលើដើមកំណើតគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានដាក់បណ្តឹងទៅកាន់អយ្យការអមតុលាការខេត្តត្បូងឃ្មុំ ដើម្បីប្តឹងលោក។

គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ជម្រាបតំណាងអយ្យការថា សម្តីរបស់លោក គង់ គាំ បង្ហាញពីចេតនាទុច្ចរិត និងញុះញង់ឲ្យមានភាពវឹកវរដល់សង្គម។ ក្នុងបណ្តឹង ចុះកាលបរិច្ឆេទ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ សុំឲ្យតុលាការ ដាក់ទោសលោកឲ្យធ្ងន់ធ្ងរ និងសុំទារសំណងជំងឺចិត្តពីលោកដល់ទៅកន្លះលានដុល្លានឯណោះ។

នៅថ្ងៃទី៧ មករា ឆ្នាំ២០២៣ ដែលចំថ្ងៃរម្លឹកខួបទិវាជ័យជម្នះ៧មករាលើកទី៤៤ឆ្នាំ លោក គង់ គាំ បានទៅចូលរួមពិធីប្រកាសសុពលភាពក្រុមការងារគណបក្សភ្លើងទៀន នៅខេត្តត្បូងឃ្មុំ ហើយលោក បានឡើងថ្លែងសុទ្ទរកថា ដោយការថ្លែងរបស់លោក រាលដាលដល់ប្រវត្តិសាស្រ្តអំពីថ្ងៃ៧មករានេះ និងដើមកំណើតគណបក្សប្រជាជនកម្ពុជា។

«គណបក្សប្រជាជន ប្រហែលគេនាំគ្នារម្លឹកថ្ងៃខួបកំណើតរបស់គេដែរហើយ។ […] ខ្ញុំ ធ្លាប់នៅគណបក្សប្រជាជនដែរ កាលហ្នឹង គេ ប្រាប់ខ្ញុំ ផឹកទឹកឲ្យនឹកប្រភព។ ហ្ន! ប្រភពឯជើងហ្ន! ឆ្ងាយ [ឯ] កើត ហើយអ្នកដាំគេដុះពុកមាត់ បរទេស»។ នេះជាសម្តីលោក គង់ គាំ ក្នុងពិធីខាងលើ ហើយត្រូវបានគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ យកធ្វើជាអង្គហេតុ និងស្រង់យកទៅសរសេរក្នុងបណ្តឹង។ ទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន ពុំបានបង្ហោះវីដេអូអំពីការថ្លែងរបស់លោកឡើយ។

តាមរយៈសារព័ត៌មានថ្មីៗ លោក គង់ គាំ ឆ្លើយតបថា ខ្លឹមសារនៃបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ មិនមានលក្ខណៈជាក់ស្តែង និងមិនមានលក្ខណៈពិតប្រាកដនោះទេ។ អ្នកនយោបាយ ដែលធ្លាប់រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាក្នុងគ្រាដើមរូបនេះ បកស្រាយថា៖«ប្រភពរបស់គណបក្សប្រជាជនយ៉ាងណា ហើយអ្នកដាំរបស់គណបក្សប្រជាជន ជានរណានោះ ខ្ញុំ ដូចថា ផ្អែកលើប្រវត្តិសាស្រ្ត និងមជ្ឈដ្ឋានទូទៅ ដែលបានលើកដែរទេ មិនមែនគំនិតរបស់ខ្ញុំផ្ទាល់ទេ»។

អ្នកនយោបាយវ័យ៨១ឆ្នាំរូបនេះ ប្រាប់ថា មិនមានក្តីបារម្ភអ្វីឡើយ ចំពោះការទាមទារសំណងដល់ទៅកន្លះលានដុល្លារពីដើមបណ្តឹង។ លោក បញ្ជាក់ថា មេធាវីខាងលោក កំពុងសិក្សាមើលថា តើសម្តីរបស់លោក បានបំពាន និងបណ្តាលឲ្យមានបទល្មើសក្នុងកម្រិតណា។ លោក អះអាងថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន (បូករួមទាំងខ្លួនលោកផងដែរ) នឹងដើរតាមច្បាប់ និងតុលាការរបស់ប្រទេស។

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ លោក គង់ គាំ ធ្លាប់បាននិយាយបែបចំអកដាក់ថ្ងៃ៧មករានេះម្តងរួចមកហើយ ក្នុងពិធីប្រកាសសុពលភាពក្រុមការងារគណបក្សភ្លើងទៀន នៅខេត្តពោធិ៍សាត់។ បើបានស្តាប់ គេ ដឹងថា សម្តីរបស់លោកនៅខេត្តពោធិ៍សាត់ និងសម្តីរបស់លោកនៅខេត្តត្បូងឃ្មុំ គឺមានខ្លឹមសារស្រដៀងគ្នា។

ក្នុងពិធីនៅខេត្តពោធិ៍សាត់ ទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សភ្លើងទៀន បរិយាយថា៖«ខ្ញុំ ធ្លាប់នៅជាមួយគណបក្សប្រជាជនដែរ។ គេ ទូន្មានខ្ញុំ ថា ផឹកទឹកឲ្យនឹកប្រភព ជ្រកម្លប់ឲ្យនឹកអ្នកដាំ។ ប៉ុន្តែប្រភព៧មករា មកពីណា? ខ្ញុំដូចជាវង្វេងដែរ។ ដូចមិនមែននៅស្នួល កំពង់ចាមទេ មកពីនាយទេមិនដឹង អ្នកដាំគេ ដូចមិនមែនសម្តេចតេជោទេមើលទៅ មានគេអ្នកដាំសម្តេចតេជោទៀតមើលទៅ»។ វីដេអូអំពីការថ្លែងសារនយោបាយរបស់លោកក្នុងពិធីនេះ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកគណបក្សភ្លើងទៀន។

ចាប់តាំងពីទៅចូលរួមជាមួយគណបក្សភ្លើងទៀនមក លោក គង់ គាំ ចាប់ផ្តើមប្រើវោហោរវាយប្រហារគណបក្សប្រជាជនកម្ពុជាស្ទើរគ្រប់វេទិកា។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនអាចបណ្តោយឲ្យលោក បន្តវាយប្រហារគណបក្សប្រជាជនកម្ពុជារបស់សម្តេចតាមអំពើចិត្តទៀតឡើយ។

ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនៅខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានព្រមានវាយខ្នះលោក គង់ គាំ ផង និងព្រមានប្តឹងរឹបអូសផ្ទះសម្បែងរបស់លោកផង។ ប្រមុខគណបក្សកាន់អំណាចរូបនេះ ថ្លែងថា៖«ខ្ញុំ វាយគង់ គាំ បន្តិចទៅចុះ ដាស់តឿនគង់ គាំ កុំឲ្យព្រហើនពេក»។ ១ថ្ងៃក្រោយមក គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានដាក់បណ្តឹងប្តឹងលោក គង់ គាំ។

គណបក្សប្រជាជនកម្ពុជា បានប្តឹងថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់របស់គណបក្សភ្លើងទៀនរួចមកហើយ គឺលោក សុន ឆ័យ ដោយទារប្រាក់ពីលោកដល់ទៅ១លានដុល្លារ។ លទ្ធផល គឺលោកអនុប្រធានគណបក្សភ្លើងទៀនរូបនេះ ចាញ់ក្តីគណបក្សកាន់អំណាច។ ក្រោមហេតុផលថា លោក គ្មានឆន្ទៈបង់ប្រាក់ទៅឲ្យគណបក្សកាន់អំណាច តុលាការ ក៏រឹបអូសយកដីនិងអគារ២កន្លែងរបស់លោកទុកជាបណ្តោះអាសន្ន ដោយ១កន្លែង នៅរាជធានីភ្នំពេញ និង១កន្លែង នៅខេត្តសៀមរាប។

លោក សុន ឆ័យ រងបណ្តឹងនេះ ដោយសារលោក និយាយជាមួយសារព័ត៌មានថា ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា និងមានការលួចបន្លំក្នុងការរាប់សន្លឹកឆ្នោត។ លោក ក៏ត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្តឹងដែរ ដោយសារការធ្វើអត្ថាធិប្បាយអំពីការបោះឆ្នោតនេះ៕

Tag:
 គង់ គាំ
  ហ៊ុន សែន
  បណ្តឹង
© រក្សាសិទ្ធិដោយ thmeythmey.com