កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូវែលស៍ ស្តាយចំពោះការចូលនិវត្តន៍របស់ Bale ទាំងនៅមានសមត្ថភាព 
×![]()
ខ្សែប្រយុទ្ធ Gareth Bale នៅមានសមត្ថភាពខ្ពស់ជាមួយក្រុមជម្រើសជាតិវែលស៍ និងក្លិបបល្បីៗមួយចំនួន។ នេះជាការអះអាងរបស់លោក Rob Page គ្រូបង្វឹកក្រុមជម្រើសជាតិវែលស៍នៅថ្ងៃទី១០ ខែមករា ដោយហាក់បង្ហាញការសោកស្តាយ ន្ទាប់ពី Bale ប្រកាសបញ្ចប់អាជីពជាកីឡាករបាល់ទាត់ត្រឹមវ័យ៣៣ឆ្នាំ។
កាលពីថ្ងៃទី៩ ខែមករា Bale វ័យ ៣៣ឆ្នាំ បានសម្រេចចិត្តប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ ដោយបានបង្ហោះសារលើបណ្តាញសង្គម Twitter និង Facebook។ អតីតកីឡាករ Real Madrid និង Tottenham Hostpurs ឈ្នះពានរង្វាន់ Champions League ៥សម័យ និងជាកីឡាករតែម្នាក់ ដែលបានបង្ហាញខ្លួនច្រើនជាងគេបង្អស់សម្រាប់ក្រុមជម្រើសជាតិវែលស៍ និងស៊ុតបញ្ចូលទីច្រើនជាងគេផង។
Bale បានសម្រេចចាកចេញពីវិស័យបាល់ទាត់ក្នុងនាមជាកីឡាករដ៏អស្ចារ្យមួយរូបប្រចាំនៅចក្រភពអង់គ្លេស ដោយរូបគេរកបានពានរង្វាន់ជាច្រើនជាមួយក្រុមយក្សអេស្ប៉ាញ Real Madrid បន្ទាប់ពីរួមរស់ ៦រដូវកាលជាមួយក្រុម Tottenham Hotspur។
ជាក់ស្តែងក្រោយពេលដែល Bale បានប្រកាសចូលនិវត្តន៍ពីក្លិប និងក្រុមជម្រើសជាតិបានមួយថ្ងៃ ក្រុមជម្រើសជាតិវែលស៍ក៏បានបង្ហោះសារអរគុណទៅកាន់ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ ហើយលោក Page ក៏បាននិយាយប្រាប់អ្នកកាសែតថា ទោះ Bale ចូលនិវត្តន៍តែប្រធានក្រុមវែលស៍នៅមានសមត្ថភាព ដែលកីឡាករអាជីពមួយចំនួនដែលប្រកបនៅលីគកំពូលអឺរ៉ុបមិនមាន។
«នៅពេលដែលអ្នកទទួលបាននរណាម្នាក់ដូចជា Gareth Bale ដែលគាត់បានធ្វើគ្រប់យ៉ាងរួចរាល់អស់ហើយសម្រាប់វែលស៍… គាត់នៅមានសមត្ថភាពសម្រាប់វែលស៍។ លោក Page ប្រាប់ទៅអ្នកកាសែតតាមប្រព័ន្ធវីដេអូ Zoom នៅថ្ងៃទី១០ ខែមករា ដោយបង្ហាញអារម្មណ៍សោកស្តាយចំពោះការចូលនិវត្តន៍របស់ Bale ទាំងវ័យក្មេង និងពេញដោយសមត្ថភាព។
ជាមួយក្រុមជម្រើសជាតិវែលស៍ Bale បានជួយដល់ក្រុមប្រកួតជម្រុះរហូតឡើងទៅកាន់ព្រឹត្តិការណ៍ World Cup 2022 បញ្ចប់ការរង់ចាំរយៈពេល ៦៤ឆ្នាំ ដើម្បីអាចឡើងទៅការប្រកួតម្តងទៀត។ Bale ដើរតួរយ៉ាងសំខាន់ក្នុងក្រុមជម្រើសជាតិវែលស៍ដោយបានជួយក្រុមលេងក្នុងពានរង្វាន់ព្រឹត្តិការណ៍ UEFA UERO ឆ្នាំ ២០១៦ និង ២០២០។
គួររំលឹកដែរថាមូលហេតុចម្បងដែល Bale បានសម្រេចចិត្តចូលនិវត្តន៍ អាចជារឿងមួយដ៏គួរឱ្យសោកស្តាយ ខណៈរូបគេមានវ័យត្រឹម ៣៣ឆ្នាំ ហើយនៅមានសមត្ថភាពអាចបន្តការប្រកួតបន្ថែមទៀត ប៉ុន្តែ Bale ហាក់មិនសូវទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗនៅតំបន់អឺរ៉ុបម្តងទៀតឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com