ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គង់ គាំ ទទួលយកការដាស់តឿនរបស់សម្តេច ហ៊ុន សែន
11, Jan 2023 , 4:30 pm        
រូបភាព
លោក គង់ គាំ ថ្លែងក្នុងវេទិការបស់គណបក្សភ្លើងទៀន នាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)។ សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនៅខេត្តកំពង់ចាម កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់សម្តេច)។
លោក គង់ គាំ ថ្លែងក្នុងវេទិការបស់គណបក្សភ្លើងទៀន នាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)។ សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនៅខេត្តកំពង់ចាម កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់សម្តេច)។
ដោយ៖ ទេពញាណ

លោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សភ្លើងទៀន ព្រមទទួលយកការដាស់តឿនរបស់សម្តេច ហ៊ុន សែន ដែលជាប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ លោក អះអាងថា លើកក្រោយៗទៀត លោក នឹងប្រិតប្រៀងក្នុងការថ្លែងសុន្ទរថា។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ អ្នកនយោបាយវ័យ៨១ឆ្នាំរូបនេះ មានប្រសាសន៍ដូច្នេះថា៖«មើលទៅបណ្តាប្រទេសប្រជាធិបតេយ្យ គឺអាចមានការលើកឡើងពីគណបក្សដៃគូប្រជែងបន្តិចបន្តួច កុំឲ្យតែវាធ្ងន់ធ្ងរប្រាសចាកការពិត។ យើង គ្រាន់តែមានទស្សនៈខុសគ្នាអ៊ីចឹងទេ ប៉ុន្តែ បើដើម្បីឲ្យអាចសហការគ្នាល្អ យើង ក៏ទទួលយកមកប្រិតប្រៀង ធ្វើឲ្យបានសុខ ឲ្យបានល្អជាមួយគ្នា»។

សំឡេងលោក គង់ គាំ



ជាការកត់សម្គាល់ តាំងពីទៅចូលរួមជាមួយគណបក្សភ្លើងទៀនមក លោក គង់ គាំ ចាប់ផ្តើមប្រើវោហោរវាយប្រហារគណបក្សប្រជាជនកម្ពុជាស្ទើរគ្រប់វេទិកា។ សម្តេច ហ៊ុន សែន មិនអាចបណ្តោយឲ្យលោក បន្តវាយប្រហារគណបក្សប្រជាជនកម្ពុជាតាមអំពើចិត្តទៀតឡើយ។

ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនៅខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានលើកយកករណីចាប់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ មកព្រមានលោក គង់ គាំ ដែលក្នុងអតីតកាល ក៏ធ្លាប់រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដែរ។ សម្តេច រម្លឹកថា សម្តេច ហ៊ានចាប់លោក កឹម សុខា វាយខ្នោះទាំងពាក់កណ្តាលយប់ពីបទក្បត់ជាតិ ដោយសម្តេច មិនខ្លាចអ្វីទាំងអស់។

ប្រមុខគណបក្សកាន់អំណាច ផ្ញើសារទៅលោក គង់ គាំ ជាមួយការប្រើពាក្យដាស់តឿនដដែលៗដល់ទៅ៣ដង យ៉ាងដូច្នេះថា៖«ខ្ញុំ សូមដាស់តឿន តាស់តឿន តាស់តឿន ជាការព្រមានបន្ថែម។ អ្នកឯងសាកមើល!។ ខ្ញុំ សូមព្រមានអ្នកឯង កុំឲ្យសោះ។ អ្នកឯង វាយប្រហារអីវាយទៅ។ អ្នកឯងអួត [ពី] អ្នកឯង [ទៅ]។ អ្នកឯង វាយគណបក្សប្រជាជន អ្នកឯងដឹងថា គេឈឺទេ»។

បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្រ្តី ថែមទាំងព្រមានប្តឹងរឹបអូសយកផ្ទះសម្បែងរបស់លោក គង់ គាំ ទៀតផង ដោយសំអាងថា ផ្ទះសម្បែងនោះ ដើមឡើយ ជាទីស្តីការក្រសួងការបរទេស តែត្រូវលោក គង់ គាំ យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ប្រមុខរដ្ឋាភិបាល សួរទៅលោក គង់ គាំ ថា៖«គង់ គាំ ឯង ចង់ឲ្យខ្ញុំ សើរើប្តឹងយកផ្ទះឬយ៉ាម៉េច?»។

ក្នុងការប្រើវោហារនយោបាយតាមវេទិកានានារបស់គណបក្សភ្លើងទៀន គេ ក៏ឮលោក គង់ គាំ វាយប្រហារថ្ងៃ៧មករា និងដើមកំណើតគណបក្សប្រជាជនកម្ពុជាផងដែរ។

ក្នុងពិធីប្រកាសសុពលភាពក្រុមការងារគណបក្សភ្លើងទៀន នៅខេត្តពោធិ៍សាត់ កាលពីចុងឆ្នាំ២០២២ លោក គង់ គាំ ថ្លែងថា៖«ខ្ញុំ ធ្លាប់នៅជាមួយគណបក្សប្រជាជនដែរ។ គេ ទូន្មានខ្ញុំ ថា ផឹកទឹកឲ្យនឹកប្រភព ជ្រកម្លប់ឲ្យនឹកអ្នកដាំ។ ប៉ុន្តែប្រភព៧មករា មកពីណា? ខ្ញុំដូចជាវង្វេងដែរ។ ដូចមិនមែននៅស្នួល កំពង់ចាមទេ មកពីនាយទេមិនដឹង អ្នកដាំគេ ដូចមិនមែនសម្តេចតេជោទេមើលទៅ មានគេអ្នកដាំសម្តេចតេជោទៀតមើលទៅ»។

បន្ទាប់មក លោក បន្តថ្លែងសារស្រដៀងគ្នានេះ ក្នុងពិធីប្រកាសសុពលភាពក្រុមការងារគណបក្សភ្លើងទៀន នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២៣ ថា៖«គណបក្សប្រជាជន ប្រហែលគេនាំគ្នារម្លឹកថ្ងៃខួបកំណើតរបស់គេដែរហើយ។ […] ខ្ញុំ ធ្លាប់នៅគណបក្សប្រជាជនដែរ កាលហ្នឹង គេ ប្រាប់ខ្ញុំ ផឹកទឹកឲ្យនឹកប្រភព។ ហ្ន! ប្រភពឯជើងហ្ន! ឆ្ងាយ [ឯ] កើត ហើយអ្នកដាំគេដុះពុកមាត់ បរទេស»។

សារចុងក្រោយរបស់លោក នៅខេត្តត្បូងឃ្មុំ ធ្វើឲ្យលោក រងបណ្តឹងពីគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។ តាមរយៈបណ្តឹង ដែលចុះកាលបរិច្ឆេទនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ប្រាប់តុលាការខេត្តត្បូងឃ្មុំ ថា សម្តីរបស់លោក គង់ គាំ បង្ហាញពីចេតនាទុច្ចរិត និងញុះញង់ឲ្យមានភាពវឹកវរដល់សង្គម។ ដើមបណ្តឹង សុំឲ្យតុលាការ ដាក់ទោសធ្ងន់ធ្ងរលើលោក និងសុំទារសំណងជំងឺចិត្តជាទឹកប្រាក់ពីលោកដល់ទៅកន្លះលានដុល្លារឯណោះ។

លោក គង់ គាំ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា លោក មិនបារម្ភចំពោះការប្តឹងទារប្រាក់កន្លះលានដុល្លារនេះឡើយ ហើយលោក ត្រៀមខ្លួនដើរតាមការតម្រូវរបស់តុលាការ។

ក្នុងពិធីខាងលើដដែល សម្តេច ហ៊ុន សែន ថែមទាំងដាស់តឿនទៅកាន់អ្នកនយោបាយទូទៅ ឲ្យធ្វើនយោបាយតាមរបៀបរបស់ខ្លួន ដោយមិនត្រូវយកគណបក្សប្រជាជនកម្ពុជា ធ្វើជាគោលគោលដៅក្នុងការវាយប្រហារឡើយ។ ប្រមុខគណបក្សកាន់អំណាច បង្គាប់ថា៖«សូមឲ្យមេធាវីរបស់គណបក្សប្រជាជន តាំងពីថ្នាក់ក្រោម ដល់ថ្នាក់លើ ចាប់ឲ្យជាប់នូវចំណុចពួកនេះឃោសនា»។

គួររម្លឹកបន្តិចថា មុនលោក គង់ គាំ គឺលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលត្រូវគណបក្សប្រជាជនកម្ពុជាប្តឹង។ គណបក្សកាន់អំណាច ទារប្រាក់១លានដុល្លារពីលោក សុន ឆ័យ ហើយបន្ទាប់មក អចលទ្រព្យ២កន្លែងរបស់លោក ដោយ១កន្លែងនៅភ្នំពេញ និង១កន្លែងទៀត នៅខេត្តសៀមរាប ត្រូវតុលាការរឹបអូសយកជាបណ្តោះអាសន្ន៕

Tag:
 គង់ គាំ
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com